ទីក្រុងអង់ការ៉ា៖ នេះអាចជាមេរៀនដ៏ល្អមួយសម្រាប់អ្នកនិយមចូលចិត្តជិះកន្ត្រកហោះដើម្បីបង្កើនការប្រុងប្រយ័ត្នខ្ពស់។ ថ្មីៗនេះនៅប្រទេសតួកគីមានហេតុការណ៍ដ៏អកុសលមួយកើតឡើងទៅលើប្រព័ន្ធខ្សែកាបសម្រាប់ដំណើរការកន្ត្រកហោះបណ្ដាលឱ្យមនុស្សម្នាក់ស្លាប់ និងមនុស្សជាច្រើននាក់ទៀតជាប់គាំងនៅក្នុងកន្ត្រកទាំងនោះ នៅទីទើរៗកណ្ដាលអាកាស។
ក្រសួងមហាផ្ទៃតួកគីប្រកាសនៅថ្ងៃសៅរ៍នេះថានៅពេលកើតហេតុភ្លាមៗ មនុស្សម្នាក់ស្លាប់ និង១៨៤នាក់ដែលកំពុងជិះនៅក្នុងកន្ត្រកហោះនោះត្រូវនៅទើរកណ្ដាលអាកាស។ សូម្បីតែនៅពេលនេះក៏ដោយ ក៏នៅមានមនុស្ស៦០នាក់ទៀតមិនទាន់ជួយសង្គ្រោះ និងចុះមកដល់ដីនៅឡើយទេ។ សាក្សីនិយាយថាហេតុការណ៍នេះកើតឡើងកាលពីយប់ថ្ងៃសុក្រនៅពេលកន្ត្រកហោះមួយគ្រឿងរត់ទៅបុកនឹងបង្គោលដែលខូចនៅខាងក្រៅតំបន់រមណីយដ្ឋាននៃទីក្រុងអាន់តាល់យ៉ា (Antalya)។
បន្ទាប់មក កន្ត្រកនោះក៏ធ្លាក់ទៅប៉ះទង្គិចនឹងផ្ទាំងសិលានៅខាងក្រោម។ អីចឹងហើយបានជាធ្វើឱ្យអ្នកជិះនៅក្នុងកន្ត្រកម្នាក់ស្លាប់ភ្លាមៗ ខណៈដែលមនុស្សដប់នាក់ទៀតរងរបួស។ អាជ្ញាធរបានបញ្ជូនឧទ្ធម្ភាគចក្រ (កន្ទុំរុយ) ចំនួន៧គ្រឿងដែលបំពាក់ភ្លើងហ្វានៅខាងមុខដើម្បីងាយស្រួលបំភ្លឺផ្លូវបានច្បាស់ និងងាយស្រួលស្វែងរកនៅក្នុងពេលយប់ដ៏ស្ងាត់ជ្រងំនោះ។
គេបានប្រើប្រាស់ក្រុមអ្នកជួយសង្គ្រោះជាង៥រយនាក់។ នៅក្នុងចំណោមនោះគេបានប្រកូកប្រកាសហៅតាំងពីអ្នកដែលមានបទពិសោធស្វែងរកមនុស្សនៅតំបន់ភ្នំដើម្បីចូលរួមនៅក្នុងបេសកកម្មស្វែងរកលើកនេះ។ មិនយូរប៉ុន្មាន គេអាចដាក់មនុស្ស១១២មកដល់ដី និងដឹកទៅកន្លែងសុវត្ថិភាព។ ប៉ុន្តែនៅសល់មនុស្សជាង៦០នាក់ទៀតត្រូវជាប់គាំងមួយកន្លែងនៅក្នុងកន្ត្រកកណ្ដាលអាកាសពេញ១យប់។ ដូច្នេះ ពួកគេគ្មានបានដេកបានពួនអ្វីទេ ហើយមានអារម្មណ៍ភ័យបុកពោះថែមទៀតផង។
រហូតដល់រសៀលថ្ងៃសៅរ៍នេះ មនុស្ស៤៣នាក់នៅជាប់នៅក្នុងកន្ត្រកហោះនៅឡើយទេ។ នេះបើយោងតាមការបង្ហើបឱ្យដឹងពីក្រុមអ្នកជួយសង្គ្រោះ។ ទីភ្នាក់ងារគ្រប់គ្រងគ្រោះមហន្តរាយតួកគីប្រាប់ថាសំណាងល្អណាស់ អ្នកទាំងនោះមិនបានរងរបួសធ្ងន់ធ្ងរទេ ហើយក៏មិនបានប៉ះពាល់សុខភាពធ្ងន់ធ្ងរដែរ។ គ្រាន់តែថាពួកគេត្រូវស៊ូទ្រាំនឹងការស្រេកឃ្លានអាហារបន្តិច។
តាមរយៈវីឌីអូឃ្លីបមួយឈុតដែលផ្សព្វផ្សាយដោយក្រសួងមហាផ្ទៃតួកគី គេឃើញថាបុគ្គលិកផ្នែកជួយសង្គ្រោះអ្នកជាប់ផុងនៅក្នុងកន្ត្រកហោះទាំងនោះចងភ្ជាប់ខ្លួននឹងខ្សែពួរធំៗដើម្បីយោងខ្លួនទៅដល់កន្ត្រកហោះដែលទើរនៅលើអាកាស។ គេរំពឹងថាមុនពេលព្រះសុរិយារៀបអស្ដង្គតនៃថ្ងៃសៅរ៍នេះ រាល់អ្នកដែលជាប់ផុងនៅក្នុងកន្ត្រកហោះអាចចុះដល់ដីគ្រប់ៗគ្នា។
ក្រុមហ៊ុនបើកដំណើរការកន្ត្រកហោះនេះអាចដឹកអ្នកទេសចរឡើងទៅលើភ្នំកម្ពស់ជាង១៥០០ម៉ែត្រដើម្បីធ្វើដំណើរកម្សាន្តគយគន់មើលទេសភាពដ៏ស្រស់ត្រកាលនៃតំបន់ព្រៃភ្នំ និងមាត់សមុទ្រមេឌីទែរ៉ាណេ។ ក្រុមហ៊ុនទេសចរណ៍មួយនេះមានកន្ត្រកហោះសរុប៣៦។ កន្ត្រកនីមួយៗអាចដាក់មនុស្សបាន៦នាក់។ ការធ្វើដំណើរនៅក្នុងកន្ត្រកដើម្បីមើលទេសភាពពីលើអាកាសប្រើប្រាស់ពេលវេលាសរុបទាំងទៅ និងត្រឡប់មកវិញប្រមាណ៩នាទី។ នេះបើយោងតាមគេហទំព័ររបស់ក្រុមហ៊ុន៕
ចែករំលែកព័តមាននេះ