រាជធានីភ្នំពេញ ៖ ក្រសួងបរិស្ថាន នៅល្ងាចថ្ងៃទី៩ ខែមេសានេះ បានប្រកាសថា ក្រុមមន្ដ្រីបច្ចេកទេសរបស់ក្រសួង បាននិងកំពុងតាមដានស្ថានភាពគុណភាពទឹកនៅទន្លេមេគង្គ ពិសេសនៅតំបន់រ៉ាមសារ ក្នុងខេត្តស្ទឹងត្រែង ករណីឧបទ្ទវហេតុ នៃការក្រឡាប់រថយន្តដឹកអាស៊ីតស៊ុលហ្វូរិច ប្រមាណ៣០តោន នៅក្នុងប្រទេសឡាវ ។
ក្រសួងបរិស្ថាន ជម្រាបឱ្យដឹងថា កាលពីថ្ងៃទី៣ ខែមេសា ឆ្នាំ២០២៤ កន្លងមកនេះ មានឧបទ្ទវហេតុ នៃការក្រឡាប់រថយន្តដឹកអាស៊ីតស៊ុលហ្វូរិច (Sulfuric Acid) នៅភូមិភូសាងខាំ ក្នុងខេត្តហ្លួងប្រាបាង ប្រទេសឡាវ ដែលបណ្តាលឱ្យមានការលេចធ្លាយអាស៊ីតស៊ុលហ្វូរិច ប្រមាណជា៣០តោន ធ្លាក់ចូលស្ទឹងណាមខាន់ ដែលស្ទឹងនេះ ហូរចូលទន្លេមេគង្គ ត្រង់ចំណុចទីក្រុងហ្លួងប្រាបាង ហើយមានចម្ងាយប្រមាណ ១,៣៧០ គីឡូម៉ែត្រពីព្រំប្រទល់កម្ពុជា-ឡាវ ។
ក្រសួងបញ្ជាក់ថា ជាការឆ្លើយតបចំពោះគ្រោះឧបទ្ទវហេតុនេះ ក្រសួងបរិស្ថាន បានធ្វើការយកចិត្តទុកដាក់ក្នុងអាទិភាពខ្ពស់ ដោយបានចាត់ក្រុមការងារជំនាញ ចុះទៅធ្វើការត្រួតពិនិត្យស្ថានភាពគុណភាពទឹកទន្លេមេគង្គនៅតាមតំបន់ ព្រំដែនជាប់ប្រទេសឡាវ និងយកសំណាកទឹកមកធ្វើការវិភាគតាមដានជាប្រចាំ និងបានចាត់មន្ត្រីនៅប្រចាំការ តាមដានស្ថានភាពគុណភាពទឹកនៅទន្លេមេគង្គ ពិសេសនៅតំបន់រ៉ាមសារ ក្នុងខេត្តស្ទឹងត្រែង ។
ទន្ទឹមនឹងនេះដែរ ក្រសួងបានសហការជាមួយក្រសួងស្ថាប័នពាក់ព័ន្ធ តាមយន្តការ ដែលមានស្រាប់រវាងប្រទេសទាំងពីរ តាមរយៈគណៈកម្មាធិការជាតិទន្លេមេគង្គកម្ពុជា ដើម្បីតាមដាន និងផ្លាស់ប្តូរព័ត៌មានពាក់ព័ន្ធ នឹងករណីខាងលើនេះ និងធ្វើការជូនដំណឹងជាសាធារណៈចំពោះការវិវត្តណាមួយពីស្ថានភាពគុណភាពទឹក ទន្លេមេគង្គជាបន្តទៀត ។
សូមរម្លឹកដែរថា «ក្រសួងធនធានទឹកកម្ពុជា ជូនដំណឹងបន្ទាប់ពីអាស៊ីដ៣០តោន ហូរចូលទន្លេមេគង្គ ក្នុងប្រទេសឡាវ» ក្រសួងធនធានទឹក និងឧតុនិយមរបស់កម្ពុជា កាលពីថ្ងៃទី០៨ ខែមេសា ឆ្នាំ២០២៤នេះ បានចេញសេចក្តីជូនដំណឹង អំពីឧបទ្ទហេតុ នៃការលេចធ្លាយសារធាតុគីមី ចូលក្នុងស្ទឹងណាម ខាន់ ដៃទន្លេមេគង្គ ក្នុងប្រទេសឡាវ។ ដោយកម្ពុជាបានទទួល នូវព័ត៌មានបឋមពីលេខាធិការដ្ឋានគណៈកម្មការទន្លេមេគង្គ ជម្រាបមកប្រទេសជាសមាជិកគណៈកម្មការទន្លេមេគង្គ អំពីឧបទ្ទហេតុ នៃការលេចធ្លោយចូលក្នុងស្ទឹងណា ខាន់ (Nam Khan River) ស្ថិតនៅក្នុងក្រុងហ្លួងប្រាបាង នៃខេត្តហ្លួងប្រាបាង ប្រទេសឡាវ ដែលបណ្តាលមកពីឧបទ្ទហេតុនៃការក្រឡាប់រថយន្ត ដឹកសារធាតុគីមី នៅភូមិភូសាងខាំ ក្នុងខេត្តហ្លួងប្រាបាង កាលពីថ្ងៃទី៣ ខែមេសា ឆ្នាំ២០២៤ ។
ក្រសួងធនធានទឹក និងឧតុនិយម បន្តថា ស្ទឹងណាម ខាន់ ជាដៃទន្លេមេគង្គ ហូរចាក់ចូលទន្លេមេគង្គ ត្រង់ចំណុចទីក្រុងហ្លួងប្រាបាង ហើយមានចម្ងាយពីព្រំប្រទល់កម្ពុជា-ឡាវ ដល់ទីនោះប្រមាណ ១,៣៧០គម ខាងលើក្រុងប៉ាក់សេ ប្រមាណ ១,២២០គម និងខាងលើរដ្ឋធានីវៀងចន្ទន៍ ប្រមាណ ៥០០គម។ នៅខាងក្រោមទីក្រុងហ្លួងប្រាបាង ចម្ងាយប្រមាណ ១២០គម មានទំនប់វារីអគ្គិសនី សាយ៉ាបូរី នៅលើដងទន្លេមេគង្គ ។
តាមការជូនដំណឹងពីលេខាធិការដ្ឋានគណៈកម្មការទន្លេមេគង្គ សារធាតុគីមី ដែលកំពប់នោះ គឺអាស៊ីដស៊ុលផួរិច ដែលមានបរិមាណសរុបប្រហែល ៣០តោន តែហូរចូលក្នុងទឹក មិនទាំងអស់ទេ។ ករណីនេះ នាយកដ្ឋានបរិស្ថានឡាវ បានសហការជាមួយការិយាល័យក្រុងហ្លួងប្រាបាង អនុវត្តវិធានការត្រួតពិនិត្យ ដើម្បីឆ្លើយតបទៅនឹងស្ថានភាពខាងលើនេះ ។
ក្រសួងធនធានទឹក និងឧតុនិយម បញ្ជាក់ថា ដោយសារការចាត់វិធានការរបស់អាជ្ញាធរ និងផ្នែកជំនាញពាក់ព័ន្ធរបស់ឡាវ និងដោយផ្អែកលើលទ្ធផល នៃការចុះពិនិត្យអង្កេតជាក់ស្តែង ដោយលេខាធិការដ្ឋានគណៈកម្មការទន្លេមេគង្គ និងស្ថាប័នជំនាញពាក់ព័ន្ធរបស់ឡាវ នាថ្ងៃទី៧ ខែមេសា ឆ្នាំ២០២៤ បង្ហាញថា ពុំមានផលប៉ះពាល់ដល់គុណភាព នៃស្ទឹងណាម ខាន់ និងទន្លេមេគង្គ ដែលបង្កឡើងដោយឧបទ្ទហេតុ នៃការក្រឡាប់រថយន្តដឹកសារធាតុគីមីនោះទេ។ លេខាធិការដ្ឋានគណៈកម្មការទន្លេមេគង្គ បាននិងកំពុងសហការជាមួយភាគីពាក់ព័ន្ធ ដើម្បីពិនិត្យតាមដានវាយតម្លៃជាបន្ត ដើម្បីធានាដល់កិច្ចការពារបរិស្ថាន និងសុខភាពសាធារណៈរបស់ប្រជាពលរដ្ឋរស់នៅតាមដងទន្លេ។
ក្រសួងធនធានទឹក និងឧតុនិយម និងគណៈកម្មាធិការជាតិទន្លេមេគង្គកម្ពុជា បាននិងកំពុងយកចិត្តទុកដាក់ខ្ពស់អំពីផលប៉ះពាល់ ដែលអាចកើតមានពីករណីឧបទ្ទហេតុខាងលើ មកលើគុណភាពទឹកទន្លេមេគង្គ ក្នុងប្រទេសកម្ពុជា និងធ្វើការជូនដំណឹងបន្ថែម ក្នុងករណីចំបាច់ ៕
អត្ថបទសរសេរ ដោយ
អត្ថបទសរសេរ ដោយ
ចែករំលែកព័តមាននេះ