ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

មាស សុខ​រតនៈ ស្នើ​មហាជន​កុំ​គិត​បែប​អវិជ្ជ​មាន​លើ​បទ​«បង​កុំ​បា.ញ់​ទឹក​ដាក់​មុខ​អូន»

6 ខែ មុន
  • ភ្នំពេញ

រាជធានីភ្នំពេញ​៖ ក្នុង​នាម​ជា​បងប្រុស គឺ​លោក​មាស សុខ​រតនៈ បាន​ស្នើ​ដល់​មហាជន​មួយ​ចំនួន​កុំ​មានការ​គិត​បែប​អវិជ្ជមាន​ច្រើន​ចំពោះ​អត្ថន័យ និង​ការ​សម្តែង​បទ​បង​កុំ​បាញ់​ទឹក​ដាក់​មុខ​អូន របស់​មាស សុខ​សោភា ដែល​កំពុង​ទទួល​ការ​គាំទ្រ​ផង និង​ការ​រិះគន់​ផង​សម្រាប់​ប្រិ​យ​មិត្ត​អ្នក​ទស្សនា…

រាជធានីភ្នំពេញ​៖ ក្នុង​នាម​ជា​បងប្រុស គឺ​លោក​មាស សុខ​រតនៈ បាន​ស្នើ​ដល់​មហាជន​មួយ​ចំនួន​កុំ​មានការ​គិត​បែប​អវិជ្ជមាន​ច្រើន​ចំពោះ​អត្ថន័យ និង​ការ​សម្តែង​បទ​បង​កុំ​បាញ់​ទឹក​ដាក់​មុខ​អូន របស់​មាស សុខ​សោភា ដែល​កំពុង​ទទួល​ការ​គាំទ្រ​ផង និង​ការ​រិះគន់​ផង​សម្រាប់​ប្រិ​យ​មិត្ត​អ្នក​ទស្សនា ។

តារាចម្រៀង​នាង មាស សុខ​សោភា បាន​បញ្ចេញ​ឈុត​ខ្លី​(Trailer) MV នៃ​បទ​បង​កុំ​បាញ់​ទឹក​ដាក់​មុខ​អូន នៅ​លើ​បណ្តាញ​សង្គម សម្រាប់​បណ្តា​អ្នកគាំទ្រ ដើម្បី​ត្រៀម​ចេញ​នា​ឱកាស​បុណ្យចូលឆ្នាំ​ថ្មី​ដែល​នឹង​ឈាន​ចូល​មក​ដល់​នា​ពេល​ដ៏​ខ្លី​ខាង​មុខ​នេះ ។

តាមរយៈ​ការ​សម្តែង​ក្នុង​បទ​ចម្រៀង​មួយ​នេះ ​គេ​បានឃើញ​មានការ​លាយ​បញ្ចូល​គ្នា​ទាំង​សិ​ល្បៈ​បុរាណ និង​សម័យ​ជាមួយ​ចង្វាក់រាំ​រស់​រវើក ហើយនឹង​បង្ហាញ​ពី​ទិដ្ឋភាព​សប្បាយ​រីករាយ​នៅ​ក្នុង​ឱកាស​បុណ្យចូលឆ្នាំ​ថ្មី ដែល​ធ្វើ​ឲ្យ​អ្នក​ទស្សនា​មានការ​ចាប់អារម្មណ៍​យ៉ាង​ខ្លាំង ។

យ៉ាងណា​ទន្ទឹម​គ្នា​នោះ​ដែរ ​រូបភាព​សម្តែង​នៃ​បទ​ចម្រៀង​របស់​មាស សុខ​សោភា ខាងលើ​នេះ​ ក៏​ទទួល​បានការ​រិះគន់​ពី​មហាជន​មួយ​ចំនួន​ផង​ដែរ ដោយនៅ​ក្នុង​នោះ​ចំពោះ​ចំណងជើង​មាន​អ្នកខ្លះ​បាន​គិត​ទៅ​ដល់​អត្ថន័យ​អ្វី​ផ្សេង​ៗ​ដែល​មិនល្អ  ជា​ពិសេស ​ឈុត​សម្តែង​នោះ​ក៏​បាន​បង្ហាញ​ពី​កាំភ្លើង​បាញ់​ទឹក​ដែល​យល់​ថា វា​ជា​ប្រពៃណី​របស់​ប្រទេស​ថៃ ។

ពាក់ព័ន្ធ​បញ្ហា​ខាងលើ​នេះ​ លោក​មាស សុខ​រតនៈ ដែល​ជា​បងប្រុស​របស់​តារាចម្រៀង​នាង​មាស សុខ​សោភា បាន​ចេញ​មុខ​ស្នើ​សុំ​ទៅ​កាន់​មហាជន​ដែល​កំពុង​រិះគន់​ទៅ​លើ​បទ​ចម្រៀង បង​កុំ​បាញ់​ទឹក​ដាក់​មុខ​អូន ដោយ​ភាព​វិជ្ជមាន​ឲ្យ​បាន​ច្រើន និង​គិត​ល្អ ដើម្បី​រាំ​លេង​សប្បាយ​ទទួល​ទេវតា​ឆ្នាំ​ថ្មី​ទាំងអស់​គ្នា ។

លោក​មាស សុខ​រតនៈ បាន​អះអាង​ប្រាប់​កោះសន្តិភាព​តាម​សារ​អេ​ឡិច​ត្រូ​និ​ច​ថា សម្រាប់​លោក​គឺ​អត់​មាន​យោបល់​អ្វី​ជា​ដុំ​កំភួន​ទេ​ចំពោះ​រឿង​នេះ ព្រោះ​លោក​មិន​អាច​ហាមឃាត់​ការ​គិត​របស់​មិត្ត​អ្នក​ស្តាប់​បាន​ទេ​បើ​គាត់​គិត​ល្អ​គាត់​នឹង​បានឃើញ​នូវ​អ្វី​ដែល​ជា​ចំណុច​វិជ្ជមាន​រាំ​លេង​សប្បាយ តែបើ​គាត់​គិត​ថា​មិនល្អ​គឺ​ច្បាស់​ជា​ទទួល​បាន​នូវ​ចំណុច​អវិជ្ជមាន​ប៉ុណ្ណឹង​ឯង ។

លោក​បញ្ជាក់​ថា សម្រាប់​ការ​ប្រើប្រាស់​រូបភាព​នៃ​ការ​ប្រើប្រាស់​កាំភ្លើង​បាញ់​ទឹក​នោះ​លោក​ក៏​សុំ​មិន​មានការ​បកស្រាយ​អី​ឡើយ ប៉ុន្តែ​លោក​ចាំ​បាន​ថា​ការ​ប្រើប្រាស់​កាំភ្លើង​បាញ់​ទឹក​នេះ​ដូច​ជា​ក្មេង​ៗ​មិន​ថា​កូន​លោក ឬ​កូន​គេ​និយម​ទិញ​ប្រើ​លេង​ពេល​រដូវ​ចូល​ឆ្នាំ​នេះ​ប្រហែលជា​ចូល​ជិត​១០​ឆ្នាំ​ហើយ ហើយ​ក៏​គ្មាន​ឃើញ​មាន​ប្រតិកម្ម​អី​ទេ តែ​ឆ្នាំ​នេះ​ទើបតែ​មាន​ប្រតិកម្ម​រឿង​ហ្នឹង​លោក​ក៏​មិនដឹង​ធ្វើ​ម៉េច​ដែរ ព្រោះ​រូបភាព​យើង​ថត​រួច​ហើយ​ ។

ដោយឡែក​ សម្រាប់​ករណី​នៃ​ការ​ទាមទារ​អោយ​លុប​បទ​ចម្រៀង​ខាងលើ​នេះ​ចោល ដូច​ជា​ករណី​បទ​ចម្រៀង​លោក ខេ​មរៈ សិរីមន្ត នោះ លោក មាស សុខ​រតនៈ បញ្ជាក់​ថា ចំណុច​​នេះ​លោក​មិនដឹង​ដែរ តែបើ​ទាមទារ​ឲ្យ​លុប​នោះ​គ្នា​អ្នក​ខំប្រឹង​ផលិត​អស់​ទឹកចិត្ត ហើយ​អនាគត​ប្រហែល​គ្មាន​អ្នក​ចង់​ផលិត​MV ឲ្យ​បងប្អូន​មើល និង​រិះគន់​ទៀត​ទេ ៕​

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ