រាជធានីភ្នំពេញ ៖ តាមឯកសារដែលផ្សព្វផ្សាយដោយស្ថាប័នរដ្ឋាភិបាលបានឱ្យដឹងថា នៅឆ្នាំ២០២៣ កន្លងទៅនេះ សន្និធិបំណុលសាធារណៈ ឬភាសាសាមញ្ញហៅថា បំណុល ដែលរដ្ឋជំពាក់គេនោះមានតម្លៃសរុប ១១,២៤ ពាន់លានដុល្លារ ខណៈដែលពលរដ្ឋដែលជំពាក់បំណុលស្ថាប័នហិរញ្ញវត្ថុ នានាគឺមានតម្លៃសរុបប្រមាណជា ៥១,៨ ពាន់លានដុល្លារ ។
ផ្អែកតាមរបាយការណ៍ដដែលបានឱ្យដឹងថា បំណុលនេះ គឺគិតត្រឹមដំណាច់ឆ្នាំ ២០២៣ ហើយសម្រាប់រដ្ឋ គឺកម្ពុជាបានជំពាក់ចិនរហូតដល់ទៅ ៣៧ ភាគរយ ជប៉ុន ១១ ភាគរយ ដោយឡែកកូរ៉េខាងត្បូង ៥ ភាគរយ បារាំង ៥ ភាគរយ ព្រមទាំងបំណុលមរតកនោះ ៥ភាគរយដែរ ក្រៅពីនោះធនាគារអភិវឌ្ឈន៍អាស៊ីប្រមាណជា ២១ ភាគរយ ធនាគារពិភពលោក១២ ភាគរយ និងពហុភាគីផ្សេងៗ គឺ ៣ ភាគរយ ។
ផ្អែកតាមទិន្នន័យបំណុលទាំងនោះមិនត្រូវបានចាយវាយផ្តេសផ្តាសឡើយ គឺត្រូវបានយកទៅអភិវឌ្ឈន៍វិស័យផ្សេងៗដែលរួមមាន ដូចជា ៖ ហេដ្ឋារចនាសម្ព័ន្ធ ៦៣ ភាគរយ និង មិនមែនហេដ្ឋារចនាសម្ព័ន្ធ ៣៧ ភាគរយ ដោយនៅក្នុងនោះ គឺមានតាំងពីដឹកជញ្ជូន ថាមពល ធារាសាស្ត្រ ផ្គត់ផ្គង់ទឹកស្អាត អប់រំ សុខាភិបាល កសិកម្មជាដើម ។
ប្រភពដដែលបានឱ្យដឹងថា រីឯដំណើរការសងប្រាក់វិញនោះ គឺមិនមានបញ្ហានោះឡើងដោយនៅក្នុងឆ្នាំ ២០២៣ កន្លងទៅនេះ រដ្ឋាភិបាលបានទូទាត់បំណុលក្រៅប្រទេសបានរហូតដល់ទៅ ៤៩៥,២៦ លានដុល្លារនៅក្នុងនោះ ៧៧ ភាគរយជាការទូទាត់ប្រាក់ដើម ហើយ ២៣ ភាគរយ ជាការប្រាក់ ។ នេះគឺជារបាយការណ៍ទាក់ទងនឹងបំណុលរបស់រដ្ឋ ប៉ុន្តែសម្រាប់បំណុលរបស់រាស្ត្រវិញ ធនាគារជាតិនៃកម្ពុជា បានឱ្យដឹងថា ពលរដ្ឋ ឬរាស្ត្រដែលស្ថិតនៅក្នុងបំណុល គឺមាន ប្រមាណជា ២,២ លាននាក់ នៅក្នុងនោះពួកគេបានស្ថិតនៅក្នុងស្ថានភាពបំណុលសរុបមានតម្លៃ ៥១,៨ ពាន់លានដុល្លារ ។
ប្រភពដដែលបានឱ្យដឹងថា ពលរដ្ឋដែលជាប់បំណុលទាំងនេះភាគរយ គឺការជួញដូររាយមាន ១៧,៦ ភាគរយ ការទិញផ្ទះជាកម្មសិទ្ធិផ្ទាល់ខ្លួនមាន ១៣,៥ ភាគរយ ការជូញដូអចលនទ្រព្យ ៩,៨ ភាគរយ ការឱ្យខ្ចីជាបុគ្គល ៩,៨ ភាគរយ សំណង់ប្រមាណជា ៩,៥ ភាគរយ ការជូញដូរដុំ ៩ ភាគរយ កសិកម្ម ៩ ភាគរយ កម្មន្តសាល ៤,៤ ភាគរយ ហើយសណ្ឋាគារនិងភោជនីយដ្ឋាន ៤ ភាគរយ ។
ទន្ទឹមនឹងពលរដ្ឋដែលជាអ្នកដែលជាប់បំណុល ពលរដ្ឋដែលមានលុយដាក់នៅធនាគារ គឺមានរហូតដល់ទៅ ១៦,៧ លាននាក់ ស្មើ ៤៥,៧ ពាន់លានដុល្លារ ដោយតួរលេខនេះ គឺបូកបញ្ចូលទាំងអ្នកដែលជំពាក់ធនាគារដែលគេតម្រូវឱ្យបើកគណនីដាក់ប្រាក់សម្រាប់សងវិញផងដែរ ។
នេះគឺជាស្ថានភាពពិតប្រាកដនៃបំណុលរបស់រដ្ឋ និងបំណុលរបស់រាស្ត្រនៅក្នុងឆ្នាំ២០២៣ ដែលដំណើការគ្រប់គ្រង និងដោះស្រាយបំណុលនោះ គឺមានស្ថានភាពជាប្រក្រតី ប៉ុន្តែអ្វីដែលមានស្ថានភាពគួរឱ្យកត់សំគាល់ហើយលេចធ្លោរនោះ គឺថា អនុបាតនៃឥណទាន មិនដំណើរការមានការកើនឡើងចំពោះបំណុលរាស្ត្រ ស្របពេលដែលមានការថមថយកំណើនឥណទាន ។ អនុបាតឥណទានមិនដំណើរការសម្រាប់ធនាគារ គឺបានកើនឡើងដល់ទៅ ៥,៤ ភាគរយ ហើយវិស័យមីក្រូហិរញ្ញវត្ថុមានដល់កម្រិត ៦,៧ ភាគរយ ប៉ុន្តែជារួម គឺស្ថិត នៅក្នុងកម្រិតអាចគ្រប់គ្រងបាន ។
មកដល់ពេលនេះកម្ពុជាត្រូវបានគេដឹងថា មានធនាគារពាណិជ្ជសរុប ៥៨ ធនាគារឯកទេស ៩ គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុទទួលប្រាក់បញ្ញើ ៤ គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុមិនទទួលប្រាក់ បញ្ញើរ មាន ៨៣ គ្រឹះស្ថានឥណទានជនបទ ១១៤ គ្រឹះស្ថានភតិសន្យាហិរញ្ញវត្ថុ ១៦ គ្រឹះស្ថានផ្តល់សេវាទូទាត់សងប្រាក់ ៣៣ គ្រឹះស្ថានសេវាប្រព័ន្ធចែករំលែកព័ត៌មានឥណទាន១ ការិយាល័យ តំណាងធនាគារបរទេស ៥ និងអាជីវកម្មប្តូប្រាក់ សរុប ២.៩១៥ កន្លែង ៕ ដោយ ៖ ហេង ចេស្តារ
ចែករំលែកព័តមាននេះ