រាជធានីភ្នំពេញ ៖ វេលាម៉ោង២និង៣០នាទីរសៀលថ្ងៃទី២១ មិថុនា នៅសណ្ឋាគារភ្នំពេញមានបើកសន្និសីទសារព័ត៌មាន ស្តីពីអ្នករួមដំណើរតាមទោចក្រយានយន្តគិតទាំងកុមារ ត្រូវពាក់មួកសុវត្ថិភាព ។ ពិធីនេះរៀបចំឡើងដោយអង្គការសម្ព័ន្ធដើម្បីចរាចរណ៍ផ្លូវគោក អង្គការជនពិការអន្តរជាតិ អង្គការមូលនិធិបង្ការរបួស អង្គការអាស៊ី និងអង្គការដៃគូចរាចរណ៍សុវត្ថិភាពផ្លូវគោកសាកល ។
នាឱកាសនោះ កញ្ញា លឹម សុខជា នាយិកាប្រតិបត្តិអង្គការសម្ព័ន្ធដើម្បីសុវត្ថិភាពចរាចរណ៍ផ្លូវគោកបានប្រាប់កោះសន្តិភាពថា កម្មវិធីនេះប្រារព្ធឡើងដើម្បីចង់បង្ហាញនូវអនុសាសន៍សំខាន់ៗបន្ថែម និងការធ្វើបច្ចុប្បន្នភាពចំនួនអ្នកគាំទ្រ ដែលមានដៃគូពាក់ព័ន្ធច្រើនជាង១០០ មកពីវិស័យឯកជន អង្គការសង្គមស៊ីវិល និងសហគមន៍ជាតិ-អន្តរជាតិ បានគាំទ្រលើសេចក្តីថ្លែងការណ៍រួមមួយ ដោយបានស្នើសុំយ៉ាងទទូចដល់រាជរដ្ឋាភិបាលកម្ពុជា ឱ្យពន្លឿនការអនុម័តសេចក្តីព្រាងច្បាប់ស្តីពីចរាចរណ៍ផ្លូវគោកថ្មី ។ បន្ថែមពីលើនេះសេចក្តីថ្លែងការណ៍រួមបានអំពាវនាវដល់ប្រព័ន្ធផ្សព្វផ្សាយចូលរួមលើកកម្ពស់ការផ្សព្វផ្សាយឥរិយាបថនៃការប្រើប្រាស់ផ្លូវប្រកបដោយប្រសិទ្ធភាព ជំរុញការពាក់មួកការពារសុវត្ថិភាព និងការគោរពច្បាប់ចរាចរណ៍។ មានប្រជាពលរដ្ឋជាង៤.០០០នាក់បានបង្ហាញការគាំទ្រលើសេចក្តីព្រាងច្បាប់ស្តីពីចរាចរណ៍ផ្លូវគោកថ្មី ដែលបានដាក់បញ្ចូលការកំណត់ឱ្យអ្នករួមដំណើរតាមទោចក្រយានយន្ត គិតទាំងកុមារផង ត្រូវពាក់មួកការពារសុវត្ថិភាព។
លោក សូ ពិសី អនុប្រធាននាយកដ្ឋានដឹកជញ្ជូនផ្លូវគោកនៃគណៈកម្មាធិការជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោកថ្លែងថា ក្រុមការងារបច្ចេកទេសរបស់លោកបានពិនិត្យ និងបន្ថែមនូវមាត្រាមួយចំនួនក្នុងច្បាប់ចរាចរណ៍ដូចជា ការកំណត់ល្បឿនក្នុងការបើកបរទាំងម៉ូតូ រថយន្ត និងអ្នករួមដំណើរគ្រប់រូបត្រូវពាក់មួកសុវត្ថិភាព ។ លោកថា ការធ្វើដំណើរតាមម៉ូតូច្បាប់ថ្មីនេះកំណត់ត្រឹមតែមនុស្ស២នាក់ ប៉ុន្តែករណីពិសេសអាចផ្ទុកបានម្នាក់ទៀត គឺអនីតិជនដែលមានអាយុក្រោម១៤ឆ្នាំ ។
នាយកអង្គការមូលនិធិបង្ការរបួសអាស៊ី លោក គឹម បញ្ញា ថ្លែងថា ដើម្បីកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍ អាជ្ញាធរមូលដ្ឋាន និងស្ថាប័នពាក់ព័ន្ធត្រូវអនុម័តច្បាប់ចរាចរណ៍ និងត្រូវផ្សព្វផ្សាយឱ្យបានទូលំទូលាយ ប្រកបដោយប្រសិទ្ធភាពនៅពេលដែលសេចក្តីព្រាងច្បាប់ស្តីពីចរាចរណ៍ផ្លូវគោកថ្មីត្រូវបានអនុម័ត និងចូលជាធរមាន ។ប្រធានកម្មវិធីសុវត្ថិភាពចរាចរណ៍ អង្គការជនពិការអន្តរជាតិ លោក អ៊ា ចរិយា ថ្លែងបញ្ជាក់ថា រដ្ឋាភិបាលគប្បីបញ្ចូលកម្មវិធីសិក្សាចាប់ពីថ្នាក់បឋមសិក្សា រហូតដល់មហាវិទ្យាល័យ ដើម្បីកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍ និងលើកទឹកចិត្តដល់គ្រូដែលត្រូវទទួលខុសត្រូវក្នុងការអប់រំលើវិជ្ជាសុវត្ថិភាពចរាចរណ៍នេះ ៕
ចែករំលែកព័តមាននេះ