ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

​រមណីយដ្ឋាន​ភ្នំសំពៅ ប្រមូលផ្តុំ​ដោយ​សក្តានុពល​ទេសចរណ៍​ធំ​ៗ​ចំនួន​៣

8 ខែ មុន
  • បាត់ដំបង

ខេត្តបាត់ដំបង ៖ រមណីយដ្ឋាន​ភ្នំ​សំពៅ មាន​ទីតាំង​ស្ថិត​នៅ​ក្នុងភូមិ​សំណាញ់ ឃុំ​ភ្នំ​សំពៅ ស្រុក​បាណ​ន់

ខេត្តបាត់ដំបង ៖ រមណីយដ្ឋាន​ភ្នំ​សំពៅ មាន​ទីតាំង​ស្ថិត​នៅ​ក្នុងភូមិ​សំណាញ់ ឃុំ​ភ្នំ​សំពៅ ស្រុក​បាណ​ន់ ខេត្តបាត់ដំបង មាន​ចម្ងាយ​១៣​គីឡូម៉ែត្រ គិត​ពីសា​សា​ខេត្តបាត់ដំបង ដោយ​ធ្វើ​ដំណើរ​ឆ្ពោះទៅ​ទិស​ខាងលិច តាម​ផ្លូវជាតិ​លេខ ៥៧ (​អតីត​ផ្លូវជាតិ​លេខ​១០) ។ ដើម្បី​ទៅ​ដល់ទី​តាំង​រមណីយដ្ឋាន ភ្ញៀវ​ទេសចរ​អាច​ធ្វើ​ដំណើរ​តាម​មធ្យោបាយ​ដូច​ជា​៖ តាម​រថយន្ត​ប្រមាណ​២០​នាទី​, តាម​ម៉ូតូ​ប្រមាណ ២១​នាទី​, រ៉ឺ​ម៉ក​កង់​បី​៣០​នាទី​, និង​កង់​ប្រមាណ​ជា៥០​នាទី​។

បើតាមឯកសារមន្ទីរ​ទេសចរណ៍​ខេត្តបាត់ដំបង រមណីយដ្ឋាន​ភ្នំ​សំពៅ ចាត់ទុកជា​រមណីយដ្ឋាន​ទេសចរណ៍​ដ៏​ទាក់ទាញ​បំផុត ក្នុង​ខេត្តបាត់ដំបង ដោយសារ​តែ​នៅ​ទីតាំង​រមណីយដ្ឋាន​ទាំងមូល ប្រមូលផ្តុំ​ដោយ​សក្តានុពល​ទេសចរណ៍​ធំ​ៗ​ចំនួន​បី​ ៖

១-សក្តានុពល​ទេសចរណ៍ធម្មជាតិ​៖ ភ្នំ​សំពៅ មាន​កម្ពស់​ប្រមាណ​ជា ១០០ ម៉ែត្រ មាន​ផ្លូវ​អាច​ឡើង​ដោយ រថយន្ត និង​ម៉ូតូ​ទៅ​ដល់​កំពូលភ្នំ​បាន​, មាន​កាំជណ្ដើរ ជា​ទូទៅ​សម្រាប់​ដើរ​ចុះ​ដោយ​ថ្មើរជើង​។

បើ​មើល​ពី​ចម្ងាយ​ភ្នំ​នេះ មាន​រូបរាង​ស្រ​ដៀង​ទៅ​នឹង​សំពៅ លើ​ភ្នំ​ទាំងមូល មាន​ល្អាង តូច ធំ រហូត​ដល់​១២​ល្អាង ប៉ុន្តែ​មាន​តែ​បី​ល្អាង​ប៉ុណ្ណោះ ដែល​អាច​ទស្សនា​បាន ហើយ​ឈ្មោះ​ភ្នំ និង​ល្អាង​មួយ​ចំនួន ក៏​មាន​ប្រវត្តិ​គួរ​ឱ្យ​ចាប់អារម្មណ៍​ពាក់ព័ន្ធ​នឹង​រឿងព្រេង​និទាន​ខ្មែរ (​រឿង​ព្រះ​ចៅ​រាជ​ថ្កុ​ល នាង​រំសាយ​សក់​) និង​ត្រូវ​បាន​រៀបរាប់​ក្នុង​បទ​ចម្រៀង​ជា​ច្រើន​បទ (​បទ​ជើងភ្នំ​សំពៅ​, បាចផ្កា​ម្រះព្រៅ​….) ដែល​ច្រៀង​ដោយ​អ្នកចម្រៀង​ដ៍​ល្បី​នា​សម័យ​ដើម​ផង​ដែរ​។ នៅ​ពេល​ឡើង​ដល់​កំពូលភ្នំ ទេសចរ​អាច​មើលឃើញ​ទេសភាព​វាលស្រែ ចម្ការ​ដំណាំ ចង្កោម​ភ្នំ​នានា ទិដ្ឋភាព​ទីក្រុង​បាត់ដំបង ស្រូប​យក​ខ្យល់អាកាស​ត្រជាក់​បរិសុទ្ធ និង​មើល​ថ្ងៃ​លិច​យ៉ាង​ស្រស់​ស្អាត​ទៀត​ផង​។

២-សក្តានុពល​ទេសចរណ៍​ប្រវត្តិសាស្ត្រ​៖ ទីតាំង​ភ្នំ​សំពៅ គឺជា​សមរភូមិ​ប្រយុទ្ធ​ដ៏​ក្ដៅ​គគុក​ក្នុង​សម័យ​សង្គ្រាម ជា​ពិសេស របប​កម្ពុជា​ប្រជាធិបតេយ្យ (​ខ្មែរក្រហម​)​។ បើ​ឡើង​ភ្នំ​តាម​ផ្លូវ​បេតុង ប្រហែលជា​ពាក់កណ្ដាល​ផ្លូវ មាន​ផ្លូវ​មួយ​បត់​ឆ្វេង និង​ទៅ​ដល់​វត្ត​មួយ​ឈ្មោះ វត្ត​គិរី​រម្យ នៅ​ខាង​ស្តៅ​នៃ​ព្រះ​វិហារ និង​ឃើញ​មាន​ផ្លូវ​ឆ្ពោះ ទៅ​កាន់​ល្អាង​ល្ខោន ឬ​ល្អាង​ក្បាល​ខ្មោច (Killing Cave)​។ បើ​តាម​សង្ឃដីកា ព្រះ​តេជគុណ យ៉ា​ន ផុ​ន ព្រះ​ជន្ម​៧០វស្សា គង់នៅ​ក្នុង​ល្អាង​ក្បាល​ខ្មោច​នេះ មាន​សង្ឃដីកា​ថា ល្អាង​នេះ ក្នុង​សម័យ​ខ្មែរក្រហម គេ​យក​មនុស្ស​ដែល​ពួក​ខ្មែរក្រហម​យល់​ថា ធ្វើ​ខុស​ក្រមសីលធម៌ ឬក្ប.ត់​អង្គការ យក​មក​សម្លា.ប់​យ៉ាងច្រើន ដោយ​វាយទម្លា.ក់​ចូល​ក្នុង​ល្អាង​នេះ​។ បច្ចុប្បន្ន​នេះ ឆ្អឹង​ខ្មោច និង​លលា​ក្បាល​ទាំងនោះ ត្រូវ​បាន​រក្សា​ទុក​ក្នុង​ចេតិយ​មួយ ទុកជា​ប្រវត្តិសាស្ត្រ​ដល់​មនុស្ស​ជំនាន់​ក្រោយ ពិសេស​ភ្ញៀវ​ទេសចរ​មក​កម្សាន្ត ស្វែង​យល់​ពី​រឿង​អតីតកាល​របស់​ប្រជាជន​កម្ពុជា​។

៣-សក្តានុពល​ទេសចរណ៍​សាសនា​៖ រមណីយដ្ឋាន​ភ្នំ​សំពៅ ក៍​ជាទី​បូជនីយដ្ឋាន​មួយ​ផង​ដែរ​សម្រាប់​ពុទ្ធសាសនិកជន ដែល​មក​ពី​ទី​ជិត​ឆ្ងាយ​មក​គោរព​បូជា និង​ធ្វើ​ពិធី​កម្ម​សាសនា​ផ្សេង​ៗ នៅ​បរិវេណ​រមណីយដ្ឋាន​មាន វត្ត​ចំនួន​ពីរ គឺ​៖ វត្ត​មួយ​នៅ​លើ​ភ្នំ ឈ្មោះ វត្ត​គិរី​រម្យ និង​វត្ត​មួយទៀត​នៅ ជើងភ្នំ ឈ្មោះ វត្ត​សុវណ្ណ​គិរី​ភេត្រា​រាម ហៅ​វត្ត​ភ្នំ​សំពៅ​។ នៅ​ជើងភ្នំ​ក្បែរ​ល្អាង​ប្រចៀវ មាន​ចម្លាក់​ពុទ្ធបដិមា​ធំ​បី និយាយ​ពី ព្រះពុទ្ធ​ទ្រង់​ប្រ​សូត្រ​, ព្រះពុទ្ធ ត្រាស់​ដឹង​, និង​ព្រះពុទ្ធ​ចូល​បរិ​និ​ព្ពាន ចំណែក​នៅ​លើ​ភ្នំ​វិញ មាន​រូបសំណាក​តូច ធំ និយាយ​ពី​ពុទ្ធសាសនា និង​ព្រហ្មញ្ញសាសនា​ផង​ដែរ​, មាន​ប្រាង្គ​ពណ៌​មាស (Golden Stupa) នៅ​លើ​កំពូលភ្នំ​យ៉ាង​ស្រស់​ស្អាត នៅ​បរិវេណ​វត្ត​នៅ​ជើងភ្នំ មាន​កុដិ​បុរាណ​មួយ​ផង​ដែរ ។

អ្វី​ដែល​ពិសេស​ជាងគេ ដែល​ចាត់ទុកជា​មេដែក​ស្រូប​ទាញ​ទេសចរ​ឱ្យមក​លេង​នៅ រមណីយដ្ឋាន​ភ្នំ​សំពៅ គឺ​ហ្វូង​សត្វ​ប្រចៀវ​រាប់​លាន​ក្បាល (​ក្តារ​ព័ត៌មាន ៦.៥ លាន​) ដែល​ហើរ​ចេញពី​ល្អាង​មួយ ស្ថិត​នៅ​ជើងភ្នំ​ជា​រៀង​រាល់​ល្ងាច​។ ពេលវេលា ដែល​ប្រចៀវ​ហើរ​ចេញ ពី​ល្អាង​គឺ ភាគច្រើន​នៅ​ម៉ោង​ប្រមាណ ៦៖២៥ នាទី​ល្ងាច​,​ខែ​ខ្លះ​អាច​ចេញ​លឿន​ត្រឹម​៥និង៣០​នាទី​​ ហើយ​ពួក​វា​ហើរ​ដោយ​ប្រើ​រយៈពេល​ប្រមាណ​ជា​៥០​នាទី ។

កត្តា​អំណោយផល​នៃ​ទីតាំង​ល្អាង​ប្រចៀវ ស្ថិត​នៅ​ជើងភ្នំ​ជាប់​ផ្លូវ​ធំ និង​ពេលវេលា​ដែល​ប្រចៀវ​ហើរ​ចេញ ចំ​ពេល​ដែល​ភ្ញៀវ​ទេសចរ​ត្រឡប់​មក​ពី​ទស្សនា​នៅ​លើ​កំពូលភ្នំ​រួចរាល់ បាន​នឹង​កំពុង​បង្ក​លក្ខណៈ​ងាយស្រួល ដល់​អ​ជ្ញា​ធរ រួម​ទាំង​ប្រជាជន​មួល​ដ្ឋា​ន ក្នុង​ការ​រៀបចំ តុ កៅអី លក់ដូរ​ម្ហូបអាហារ និង​ភេសជ្ជៈ សម្រាប់​ភ្ញៀវ ដែល​អង្គុយ​រង់ចាំ​មើល​ហ្វូង​សត្វ​ប្រចៀវ​ទាំងនោះ ។

បច្ចុប្បន្ន មាន​ប្រជាជន​មូលដ្ឋាន​ជា​ច្រើន បាន​នឹង​កំពុង​ទទួល​បាន​ផលប្រយោជន៍​សេដ្ឋកិច្ច តាម​រយៈ​ការ​ផ្ដល់​សេវា​ដឹក​ភ្ញៀវ មគ្គុទ្ទេសក៍ និង​អ្នក​លក់ដូរ​ម្ហូបអាហារ និង​ភេសជ្ជៈ នៅ​រមណី​ដ្ឋា​ន​ភ្នំ​សំពៅ​នេះ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ