សមត្ថកិច្ចបានកំពុងអនុវត្តវិធានការរឹតបន្តឹងច្បាប់ចរាចរណ៍ ជាពិសេសការត្រួតពិនិត្យគ្រឿងស្រវឹងលើអ្នកបើកបរតាមដងផ្លូវសាធារណៈ ។ គ្រឿងស្រវឹងត្រូវគេដឹងថា ជាផ្នែកមួយបណ្តាលឱ្យមានគ្រោះថ្នាក់ចរាចរណ៍លើដងផ្លូវនៅកម្ពុជា ។ ប៉ូលិសបានផ្តើមរឹតបន្តឹងត្រួតពិនិត្យសារធាតុអាកុលនៅលើអ្នកបើកបរ ចាប់ពីដើមឆ្នាំ២០២៤នេះមក បន្ទាប់ពីមានគ្រោះថ្នាក់ចរាចរណ៍ផ្ទួនៗបានកើតមានឡើងដោយសារអ្នកបើកបរស្ថិតនៅក្នុងស្ថានភាពស្រវឹង ។…
សមត្ថកិច្ចបានកំពុងអនុវត្តវិធានការរឹតបន្តឹងច្បាប់ចរាចរណ៍ ជាពិសេសការត្រួតពិនិត្យគ្រឿងស្រវឹងលើអ្នកបើកបរតាមដងផ្លូវសាធារណៈ ។ គ្រឿងស្រវឹងត្រូវគេដឹងថា ជាផ្នែកមួយបណ្តាលឱ្យមានគ្រោះថ្នាក់ចរាចរណ៍លើដងផ្លូវនៅកម្ពុជា ។ ប៉ូលិសបានផ្តើមរឹតបន្តឹងត្រួតពិនិត្យសារធាតុអាកុលនៅលើអ្នកបើកបរ ចាប់ពីដើមឆ្នាំ២០២៤នេះមក បន្ទាប់ពីមានគ្រោះថ្នាក់ចរាចរណ៍ផ្ទួនៗបានកើតមានឡើងដោយសារអ្នកបើកបរស្ថិតនៅក្នុងស្ថានភាពស្រវឹង ។
ករណីអ្នកបើកបរក្រោមឥទ្ធិពលគ្រឿងស្រវឹងបានកើតមានជាហូរហែ ។ អ្នកបើកបរដែលស្ថិតនៅក្រោមឥទ្ធិពលគ្រឿងស្រវឹង តែងតែបើកបរក្នុងល្បឿនលឿន មិនអាចគ្រប់គ្រងយានជំនិះបាន ។ អាស្រ័យដូច្នេះហើយបានជាសង្កេតឃើញថា នៅពេលអ្នកបើកបរថយន្ត ហើយស្ថិតនៅក្រោមឥទ្ធិពលគ្រឿងស្រវឹងបានបង្កគ្រោះម្តងៗ គ្រោះថ្នាក់នោះមានលក្ខណៈធ្ងន់ធ្ងរ ។ នៅក្នុងមួយករណីអាចស្លា.ប់មនុស្សលើសពីម្នាក់រួមទាំងការខូចខាតទ្រព្យសម្បត្តិ បុគ្គល និងសាធារណជាច្រើនទៀត ។
ប៉ុស្តិ៍ត្រួតពិនិត្យគ្រឿងស្រវឹងត្រូវបានដាក់ពង្រាយនៅតាមបណ្តោយផ្លូវនានា ជាពិសេស នៅភ្នំពេញ និងនៅពេលរាត្រីជាសំខាន់ ។ នៅភ្នំពេញយុវជន និងបុរស ស្ត្រី ដែលនិយមចេញក្រៅផ្ទះទទួលទានគ្រឿងស្រវឹងបានជជែកគ្នាហើយបានបង្ហាញពីការព្រួយបារម្ភចំពោះវិធានការត្រួតពិនិត្យសារធាតុគ្រឿងស្រវឹងនោះធ្វើឱ្យពួកគេពិបាកចេញទៅទទួលទានស្រវឹងនៅផ្ទះ ។
អ្នកនិយមពិសាសុរា និងស្រាបៀរហាក់មិនសប្បាយចិត្តចំពោះវិធានការនេះ ។ ពួកគេបានជជែកគ្នាពីកន្លែងដែលសមត្ថកិច្ចឧស្សាហ៍ដាក់ពង្រាយកម្លាំងត្រួតពិនិត្យ ហើយប្រាប់គ្នីគ្នាកុំឱ្យឆ្លងកាត់ចំណុចទាំងនោះ ។ អ្នកខ្លះទៀតបើទទួលបានព័ត៌មានពីសមត្ថកិច្ចជាមុន អំពីចំណុច ឬគោលដៅដែលត្រូវត្រួតពិនិត្យនោះ ពួកគេក៏ចែកចាយព័ត៌មាននោះប្រាប់គ្នា ដើម្បីជៀសពីប៉ូលិស ហើយអាចជុំគ្នាផឹកបាន ។
ស្តាប់ទៅការមិនបានចេញទៅទទួលទានគ្រឿងស្រវឹងនៅក្រៅផ្ទះ គឺជាការលំបាករបស់ពួកគាត់ ។ សម្រាប់អ្នកនិយមទទួលទានគ្រឿងស្រវឹង បើទោះមិនមានកម្មវិធីជាផ្លូវការ ដូចជា មានពិធីអាពាហ៍ពិពាហ៍ជាដើមនោះទេក៏ពួកគាត់ត្រូវតែជួបជុំគ្នា ដើម្បីទទួលទានសុរាដែរ ។អ្នកនិយមសុរាបារម្ភពីការមិនបានសេពគ្រឿងស្រវឹង ប៉ុន្តែគេកម្រលឺពួកគាត់និយាយ និងបារម្ភពីគ្រោះថ្នាក់ចរាចរណ៍ ដែលអាចបណ្តាលឱ្យគាត់ស្លា.ប់ ឬធ្វើឱ្យអ្នកដទៃបាត់បង់ជីវិត ជាយថាហេតុណាស់ ។ មានពេលខ្លះអ្នកនិយមទទួលទានគ្រឿងស្រវឹងបានសរសើរខ្លួនថា ស្រវឹងហើយអាចបើករថយន្តមកដល់ផ្ទះបានទៀត ។ ក្នុងករណីនេះគេមិនបានលឺទាល់តែសោះពីការបារម្ភរបស់ពួកគាត់អំពីគ្រោះថ្នាក់ចរាចរណ៍ពីការស្រវឹងនោះ ។
ពួកគាត់មិនបាននិយាយស្តាយក្រោយពីការដែលខ្លួនស្រវឹងហើយនៅតែហ៊ានកាន់ចង្អូតរថយន្តទៀតនោះ ។ ជាសំណាងដែលពួកគាត់អាចបើកបរមកដល់គោលដៅ ក្នុងស្ថានភាពស្រវឹង ។ ចុះបើមានគ្រោះថ្នាក់ចរាចរណ៍ តើមានពលរដ្ឋប៉ុន្មានដែលគេកំពុងធ្វើដំណើរលើដងផ្លូវដោយមិនបានដឹងខ្លួន បើជារងគ្រោះថ្នាក់ដោយសារអ្នកដែលបានស្រវឹងនោះទៅវិញ?
ពលរដ្ឋខ្មែរបានបាត់បង់ជីវិតលើដងផ្លូវក្នុងមួយថ្ងៃៗពី៤ទៅ៥នាក់ ។ ដរាបណាពលរដ្ឋមួយចំនួននៅតែមិនយល់ពីគ្រោះថ្នាក់ ហើយនៅមិនគោរពច្បាប់ចរាចរណ៍ដែលបានហាមមិនឱ្យបើកបរក្នុងស្ថានភាពស្រវឹងនោះវិធានការរឹតបន្តឹងច្បាប់ដូចជា ការត្រួតពិនិត្យសារធាតុស្រវឹងលើអ្នកបើកបរនេះហាក់មិនបានផលនោះឡើយ ។
ការខ្លាច និងគេចពីការត្រួតពិនិត្យរបស់សមត្ថកិច្ច មិនអាចកាត់បន្ថយគ្រោះថ្នាក់លើដងផ្លូវនៅកម្ពុជានោះទេ ។ មានតែការយល់ពីច្បាប់ខ្លាចច្បាប់ និងនាំគ្នាអនុវត្តច្បាប់ទើបកម្ពុជាអាចកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍ដែលបណ្តាលពីអ្នកបើកបរស្រវឹងនេះបាន ។
ក្នុងន័យនេះ យុទ្ធនាការអប់រំផ្នែកច្បាប់អោយមានការយល់ច្បាស់អំពីការធ្វើដំណើរតាមដងផ្លូវក្នុងចំណោមពលរដ្ឋ ពិសេសចាប់ពីក្មេងៗទៅគួរក្លាយជាយុទ្ធសាស្ត្រយូរអង្វែង ដើម្បីទប់ស្កាត់ការស្លា.ប់តាមដងផ្លូវ ៕
ចែករំលែកព័តមាននេះ