ខេត្តកណ្តាល ៖ នៅព្រឹកថ្ងៃទី ១៧ ខែកុម្ភៈ ឆ្នាំ ២០២៤ ឯកឧត្តម ជីវ ស៊ុនហេង រដ្ឋលេខាធិការ និងជានាយកខុទ្ទកាល័យ តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម ថោ ជេដ្ឋា រដ្ឋមន្រ្តីក្រសួងធនធានទឹក និងឧតុនិយម អមដំណើរដោយឯកឧត្តម ភួន ចន្ថា អនុរដ្ឋលេខាធិការ ឯកឧត្តម ឈុន ពុទ្ធារិទ្ធ អគ្គនាយក នៃអគ្គនាយកដ្ឋានកិច្ចការបច្ចេកទេស លោកអគ្គនាយករងលោកប្រធាននាយកដ្ឋាន និងមន្រ្តីបច្ចេកទេស នៃនាយកដ្ឋានជលសាស្រ្ត និងការងារទន្លេ បានអញ្ជើញចុះត្រួតពិនិត្យវឌ្ឍនភាពនៃការសាងសង់ច្រាំងទន្លេបាសាក់ប្រវែង ១២០០ ម៉ែត្ រស្ថិតក្នុងភូមិសាស្ត្រសង្កាត់ព្រែកជ្រៃ ក្រុងសំពៅពូន ខេត្តកណ្តាល ។
សូមជម្រាបថា ការអនុវត្តការសាងសង់សំណង់ច្រាំងទន្លេបាសាក់សម្រេចបានដូចខាងក្រោម ៖
-ការងាររៀបបាវការពារចរន្តទឹកបុក ហូរច្រោះដីផ្នែកខាងក្រោមសម្រេចបាន១០០%
-ការងារបុកស្បាន់ផាយ (Spun Pile) សម្រេចបាន ១០០%
-ការងារបុកស៊ីផាយ សម្រេចបាន ៧០%
-ការងារបេតុងអាមេ សម្រេចបាន ២៥%
-ការងារបំពេញដី សម្រេចបាន ២០% ។
ឯកឧត្តមរដ្ឋលេខាធិការបានបញ្ជាក់ថា សរុបមកដល់បច្ចុប្បន្ន វឌ្ឍនភាពនៃការសាងសង់សំណង់ច្រាំងទន្លេបាសាក់ក្នុងសង្កាត់ព្រែកជ្រៃ ក្រុងសំពៅពូន ខេត្តកណ្តាល សម្រេចបានប្រមាណ ៦៨% បើតាមគម្រោងការងារនេះនឹងបញ្ចប់ក្នុងដំណាច់ខែសីហា ឆ្នាំ២ ០២៤ ខាងមុខនេះ ។
នាឱកាសនោះផងដែរ ឯកឧត្តមរដ្ឋលេខាធិការបានណែនាំដល់ក្រុមការងារបច្ចេកទេស នៃនាយកដ្ឋានជលសាស្រ្ត និងការងារទន្លេឱ្យបន្តពង្រឹងផ្នែកបច្ចេកទេស និងខិតខំពន្លឿនអនុវត្តការងារឱ្យសម្រេចបានតាមផែនការ ប្រកបដោយគុណភាព និងឆ្លើយតបតាមផែនការកាត់បន្ថយការបាក់ច្រាំងទន្លេឱ្យបានជាអតិបរមា ៕ អត្ថបទសហការ
ចែករំលែកព័តមាននេះ