ហាងផឹកស៊ីពេលយប់មួយចំនួនកំពុងត្អូញត្អែររឿងធ្លាក់ភ្ញៀវ ដោយសារតែការរឹតបន្តឹងផាកពិន័យចំពោះអ្នកស្រវឹងហើយបើកបរ ។ ប៉ុន្តែគេត្រូវរកច្រកចេញមួយដែលអាចនឹងរក្សាភ្ញៀវបាន គឺផ្តល់សេវាកម្មបើកបរជូនដល់ភ្ញៀវដែលស្រវឹង ។ នៅក្នុងកាលៈទេសៈនេះ ប្រសិនបើហាងណាមួយអាចក្តាប់ឱកាសផ្តល់សេវាកម្ម អ្នកបើកបរជូនភ្ញៀវពេលស្រវឹងឬពេលទទួលទានគ្រឿងស្រវឹង គឺអាចជាឱកាសអាជីវកម្មដ៏មានប្រៀបមួយពីព្រោះនៅពេលនេះមនុស្សមិនតិចទេដែលបារម្ភអំពីការផាកពិន័យ…
ហាងផឹកស៊ីពេលយប់មួយចំនួនកំពុងត្អូញត្អែររឿងធ្លាក់ភ្ញៀវ ដោយសារតែការរឹតបន្តឹងផាកពិន័យចំពោះអ្នកស្រវឹងហើយបើកបរ ។ ប៉ុន្តែគេត្រូវរកច្រកចេញមួយដែលអាចនឹងរក្សាភ្ញៀវបាន គឺផ្តល់សេវាកម្មបើកបរជូនដល់ភ្ញៀវដែលស្រវឹង ។
នៅក្នុងកាលៈទេសៈនេះ ប្រសិនបើហាងណាមួយអាចក្តាប់ឱកាសផ្តល់សេវាកម្ម អ្នកបើកបរជូនភ្ញៀវពេលស្រវឹងឬពេលទទួលទានគ្រឿងស្រវឹង គឺអាចជាឱកាសអាជីវកម្មដ៏មានប្រៀបមួយពីព្រោះនៅពេលនេះមនុស្សមិនតិចទេដែលបារម្ភអំពីការផាកពិន័យ និងការប្រឈមមុខនឹងផ្លូវច្បាប់ ពេលដែលពួកគេទទួលទានគ្រឿងស្រវឹង ។
ក្រោយពេលដែលសមត្ថកិច្ចបានដាក់គោលដៅ និងពង្រឹងកម្លាំង ដើម្បីធ្វើការត្រួតពិនិត្យគ្រឿងស្រវឹងនៅទូទាំងរាជធានី តាំងពីថ្ងៃទី២៦ ខែមករា ឆ្នាំ២០២៤ មកដល់ពេលនេះ យើងគិតថា នៅក្នុងចំណោមអ្នកនិយមដើរផឹកស៊ីសប្បាយក្រៅផ្ទះនៅពេលរាត្រីកំពុងតែរអាហើយ ។ ចង់ ឬមិនចង់អ្នកដែលចូលចិត្តផឹកស៊ី គឺកំពុងតែញញើតនឹងវិធានការរឹតបន្តឹងការត្រួតពិនិត្យគ្រឿងស្រវឹង ។ ដូច្នេះសេវាកម្មនៅតាមបណ្តាភោជនីយដ្ឋានក៏ដូចជា តាមសេវាកម្មកម្សាន្ត មនុស្សពេញវ័យនានាមិនយូរមិនឆាប់ទេនឹងធ្លាក់ចុះ ដោយសារតែអតិថិជនបារម្ភ រឿងបញ្ហាត្រួតពិនិត្យនេះ ។
បើតាមការផ្សព្វផ្សាយដែលគេល្បីតៗគ្នាមក គឺឃើញថា អ្នកដែលទទួលទានគ្រឿងស្រវឹងមធ្យម ដែលរកឃើញអត្រាជាតិអាល់កុលចាប់ពី០,២៥ ទៅ០,៣៩ មីលីក្រាមក្នុង មួយលីត្រ ខ្យល់នៅក្នុងមួយលីត្រឈាមសម្រាប់អ្នកបើកម៉ូតូ គឺត្រូវពិន័យដល់ទៅ២៥ម៉ឺនរៀល រថយន្តធុនស្រាលគឺ៤០ម៉ឺនរៀល ហើយរថយន្តធុនធ្ងន់ គឺដល់ទៅ៨០ម៉ឺនរៀល ។ នៅក្នុងករណីដែលមានអត្រាជាតិអាល់កុលចាប់ពី០,៤០មីលីក្រា មក្នុងមួយលីត្រខ្យល់នៅក្នុងមួយលីត្រឈាមឡើងទៅ អ្នកបើកម៉ូតូ គឺត្រូវពិន័យរហូតដល់ទៅ១លានរៀល រថយន្តធុនស្រាល គឺ២លាន និរថយន្តធុនធ្ងន់ គឺដល់ទៅ៤លានរៀល ។ នៅក្នុងករណីមិនរាងចាល គឺនឹងត្រូវសមត្ថកិច្ចបញ្ជូនទៅតុលាការ ហើយអាចនឹងត្រូវជាប់ទោសដាក់ពន្ធនាគារចាប់ពី១ខែទៅ៦ខែ និងពិន័យជាប្រាក់ពី៨០ម៉ឺនទៅ៤លានរៀលថែមទៀត ។ ឃើញអត្រា និងចំនួនទឹកប្រាក់ដែលសមត្ថកិច្ចធ្វើការផាកពិន័យនេះ គឺវាច្រើនគួរសមដែរសម្រាប់អ្នកដែលមានជីវភាពមធ្យម ។ សម្រាប់អ្នកមានវិញ គឺមិនជាអីនោះទេ ប៉ុន្តែគឺត្រូវមានទោសជាប់ពន្ធនាគារដែលប៉ះពាល់នឹងកិត្តិយស និងការងារ ។
ផ្អែកតាមទឡ្ហីករណ៍នេះ យើងគិតថា ពលរដ្ឋហាក់កំពុងតែញញើត ដែលនាំអោយពួកគេអាចកំពុងតែរារែក ។ ដូច្នេះប្រសិនបើអាជ្ញាធរបន្តរឹតបន្តឹងយូរតទៅទៀត យើងជឿជាក់ថា មិនយូរមិនឆាប់ទេ អតិថិជននៅតាមសេវាកម្មនិងកន្លែងកម្សាន្តដែលជាប្រភពប្រើប្រាស់គ្រឿងស្រវឹងនឹងធ្លាក់ចុះ ។ បើទោះបីជាពួកគេហ៊ានទៅក៏ដាក់កម្រិតខ្លួនឯងមិនអោយទទួលទានច្រើនដូចជាពីមុនផងដែរ ។
ជុំវិញវិធានការនេះ យើងគិតថា គ្រោះថ្នាក់ចរាចរណ៍ ដែលបណ្តាលមកពីគ្រឿងស្រវឹងនឹងធ្លាក់ចុះ តែអាជីវកម្មកម្សាន្តមនុស្សពេញវ័យនឹងធ្លាក់ចុះដែរជាមួយគ្នានោះ ។ ឆ្លើយតបនឹងបញ្ហាប្រឈមនេះ បណ្តាភោជនីដ្ឋាន ក្លឹប ខារ៉ាអូខេ និងបៀហ្គាដិន ដែលជាកន្លែងដែលមានភ្ញៀវចូលចិត្តទទួលទានគ្រឿងស្រវឹងទាំងនេះ គួរតែគិតគូរដល់សេវាកម្មបើកបរជូនភ្ញៀវ ឬអតិថិជនដែលស្រវឹង ឬគិតថា មានសារធាតុអាកុលដល់កម្រិតត្រូវពិន័យ ។
នៅប្រទេសគេសេវាកម្មនេះគេបានប្រើប្រាស់យូរដែរហើយ ជាពិសេសនៅប្រទេសនៅក្នុងតំបន់ដូចជា នៅសិង្ហបុរី ថៃ កូរ៉េខាងត្បូង ដើម្បីបញ្ចៀសគ្រោះថ្នាក់ជាយថាហេតុនៅពេល ដែលអតិថិជនស្រវឹងហើយបើកបរ ។ សេវាកម្មអ្នកបើកបរនៅក្នុងស្ថានភាពបែបនេះអាចនឹងរួមចំណែកកាត់បន្ថយបញ្ហាបាន ។ ប៉ុន្តែទោះបីជាយ៉ាងណាក៏ដោយក៏ត្រូវតែមានការរឹតបន្តឹងការគ្រប់គ្រងសេវាកម្មនេះផងដែរ ប្រសិនបើយើងចង់ណែនាំ ឬបង្កើតសេវាកម្មនេះពីព្រោះភ្ញៀវអាចបារម្ភ រឿងសន្តិសុខផ្ទាល់ខ្លួនគេផងដែរ ។ ធម្មតាមនុស្សស្រវឹង គឺអាចបាត់បង់ការគ្រប់គ្រងខ្លួនឯង ដូច្នេះពួកគេក៏បារម្ភរឿងទ្រព្យសម្បត្តិ រឿងកិត្តិយសរបស់គេដែរ ហើយចំពោះស្ត្រីវិញ គឺរឹតតែបារម្ភថែមទៀត ។ ដូចនេះ វាទាមទារការគិតគូរ និងការប្រុងប្រយ័ត្នផងដែរ ។
សរុបមកវិញសេវាកម្មនេះ គួរតែណែនាំ និងរៀបចំអោយមាននៅកម្ពុជា ដើម្បីចូលរួមចំណែកកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍ ហើយក៏អាចនឹងរក្សាទីផ្សារ និងសេវាកម្មកម្សាន្ត ដែលជាប្រភពទីផ្សារការងារចម្បងមួយនៅកម្ពុជា ។ ម្យ៉ាងវិញទៀត នៅពេលដែលសេវាកម្មនេះដាក់ចេញសង្គមក៏អាចបង្កើតប្រភពការងាររកប្រាក់ចំណូលបន្ថែមមួយទៀតសម្រាប់សង្គម ៕ ដោយៈ ហេង ចេស្តារ
ចែករំលែកព័តមាននេះ