សំណង់អគារខ្ពស់ៗ បានរីកព្រោងព្រាតដូចផ្សិតគួរជាទីមោទកភាពនៅក្នុងរយៈពេលចុងក្រោយនេះនៅកម្ពុជា ជាពិសេសភ្នំពេញ និងខេត្តព្រះសីហនុ ។ អគារខ្ពស់ៗជាមជ្ឈមណ្ឌលពាណិជ្ជកម្មដូចជា ទីផ្សារ ការិយាល័យធ្វើការ កន្លែងស្នាក់នៅ ហាងទំនិញ…
សំណង់អគារខ្ពស់ៗ បានរីកព្រោងព្រាតដូចផ្សិតគួរជាទីមោទកភាពនៅក្នុងរយៈពេលចុងក្រោយនេះនៅកម្ពុជា ជាពិសេសភ្នំពេញ និងខេត្តព្រះសីហនុ ។ អគារខ្ពស់ៗជាមជ្ឈមណ្ឌលពាណិជ្ជកម្មដូចជា ទីផ្សារ ការិយាល័យធ្វើការ កន្លែងស្នាក់នៅ ហាងទំនិញ កន្លែងកម្សាន្តសប្បាយនានា សម្រាប់មនុស្សធំ និងសម្រាប់កុមារជាដើម ។
វត្តមានអគារខ្ពស់ៗ គឺបង្ហាញពីការរីកចម្រើនរបស់ប្រទេសជាតិ។ ប៉ុន្តែវត្តមាន អគារខ្ពស់ៗ នៅភ្នំពេញ ក៏ដូចជា នៅខេត្តព្រះសីហនុ ត្រូវគេមើលឃើញថា មិនទាន់បានប្រើប្រាស់ឱ្យអស់ លទ្ធភាពនៅឡើយទេ ។ អគារដែលបានសាងសង់រួចរាល់ និងដែលបានដាក់ឱ្យដំណើរការនៅមានកន្លែងទំនេរជាច្រើន ទៀត ត្រូវការការវិនិយោគបន្ថែមដូចជា ត្រូវការអ្នកជួលបើកអាជីវកម្ម ស្របតាមទីតាំង និងសំណង់របស់ខ្លួន ។ ជាមួយគ្នានេះ នៅមានអគារមួយចំនួនទៀតសាងសង់មិនទាន់ រួចក៏ទុកចោលសិន ។ អគារខ្លះទៀតសាងសង់រួចតែមិនទាន់បានបើកដំណើរការនៅឡើយ ។ មានការមើលឃើញថា ប្រសិនជាអគារដែលបានសាងសង់ហើយបានប្រើប្រាស់ឱ្យអស់សក្តានុពលនោះ ទំនងជាសេដ្ឋកិច្ចកម្ពុជាកាន់តែរស់រវើកឡើង ។ ដូចបានលើកឡើងអ៊ីចឹង គឺអគារខ្ពស់ៗ ត្រូវគេសាងសង់សម្រាប់ជាការិយាល័យធ្វើការជាកន្លែងស្នាក់នៅ និងជាមណ្ឌលពាណិជ្ជកម្ម ។
ដើម្បីប្រើប្រាស់ឱ្យអស់សក្តានុពលដល់ការវិនិយោគសាងសង់អគារខ្ពស់ៗទាំងអស់នោះ គេត្រូវទាក់ទាញអ្នកវិនិយោគ ក្រុមហ៊ុន អង្គការ អ្នកទេសចរ ដែលត្រូវស្នាក់នៅក្នុងរយៈពេលវែងឱ្យចូលមកកម្ពុជាបានច្រើនបន្ថែមទៀត ។ ការហូរចូលក្រុមហ៊ុនធំៗ មិនត្រឹមជាការទម្លាក់ទុនមកកម្ពុជាប៉ុណ្ណោះទេ ។ ក្រុមហ៊ុនធំៗ ដែលត្រូវការការិយាល័យធំទំនើបមានគ្រប់សេវាកម្មនៅកន្លែងតែមួយនោះ គឺជាប្រភពចំណូលដល់ពលរដ្ឋផងដែរ ។
ក្រុមហ៊ុនធំៗ គេត្រូវការជួបប្រជុំសមាជិកសាខារបស់គេ ។ ជួនកាលគេអាចរៀបចំសិក្ខាកិច្ចប្រជុំ ជាអន្តរជាតិ ដែលអាចទាក់ទាញវត្តមានធុរកិច្ចសំខាន់ៗមកពីគ្រប់ជ្រុងក្នុងពិភពលោក មកកម្ពុជា ។ ក្រុមហ៊ុនធំៗគេត្រូវការអគារស្នាក់នៅដែលមានសុវត្ថិភាពដល់បុគ្គលិក បរទេសរបស់គេ ។
ក្រៅពីក្រុមហ៊ុនឯកជន អង្គការអន្តរជាតិធំៗក៏ជាទីផ្សាររបស់អគារទំនើបៗនោះដែរ ។ គេបានដឹងថា នៅទីក្រុងបាងកកប្រទេសថៃ អគារធំៗបានក្លាយជាទីស្នាក់ការ ឬជាសាខាសំខាន់ របស់អង្គការអន្តរជាតិធំៗ ។ តាមរយៈវត្តមានស្ថាប័នទាំងនោះបានប្រើប្រាស់អគារការិយាល័យ អគារសា្នក់នៅ របស់ប្រទេសថៃមិនតិចឡើយ ហើយក៏ជាឱកាសផ្តល់ការងារ និងការរកចំណូលនានារបស់ពលរដ្ឋថៃដែរ។ អគារខ្ពស់ៗ វត្តមានបុគ្គលិក ក្រុមហ៊ុនធំៗ អង្គការអន្តរជាតិ រាប់រយបានធ្វើឱ្យក្រុងបាងកក មមាញឹកទាំងថ្ងៃទាំងយប់ ។
នៅពេលអគារធំៗ ខ្ពស់ៗទំនើបប្រើប្រាស់អស់លទ្ធភាព គឺជាការបង្ហាញនូវចរន្តសេដ្ឋកិច្ច ដ៏រស់រវើកនៅក្នុងសង្គមកម្ពុជា ។
នៅក្នុងទិសដៅជំរុញឱ្យការប្រើប្រាស់អគារខ្ពស់នៅកម្ពុជា ពិសេសនៅខេត្តព្រះសីហនុ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា បានថ្លែងបញ្ជាក់ថា រាជរដ្ឋាភិបាលនឹងផ្តល់ទិដ្ឋាការពិសេសរយៈពេល៣ឆ្នាំ សម្រាប់វិនិយោគិនដែលទិញ ឬជួលអចលនទ្រព្យរយៈពេលវែងក្នុងខេត្តព្រះសីហនុ ដែលមានតម្លៃលើសពី១០០០០០ដុល្លារ ដោយប្រភេទនៃទិដ្ឋាការពិសេសនេះត្រូវកំណត់ដោយអនុក្រឹត្យដោយឡែក ។ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានថ្លែងយ៉ាងដូចនេះ នាព្រឹកថ្ងៃទី៣១ ខែមករា ឆ្នាំ២០២៤នេះ នាឱកាសអញ្ជើញជាអធិបតីប្រកាសដាក់ឱ្យអនុវត្តជាផ្លូវការ «កម្មវិធីពិសេស ជំរុញការវិនិយោគក្នុងខេត្តព្រះសីហនុ ឆ្នាំ២០២៤»។
ក្នុងឱកាសនោះ សម្តេចធិបតី បានអោយដឹងថា រដ្ឋាភិបាលដាក់ចេញនូវវិធានការជាច្រើន ដើម្បីទាក់ទាញវិនិយោគមកកាន់ខេត្តព្រះសីហនុ ។ ក្នុងនោះមានការលើកលែងពន្ធការសម្រួលនិតិវិធីធុរកិច្ច និងវិនិយោគព្រមទាំងការពង្រឹងសន្តិសុខនៅខេត្តនេះផងដែរ ។ ដូច្នេះមិនយូរទេ គេរំពឹងថាអគារធំខ្ពស់ៗ នៅកម្ពុជានឹងប្រើប្រាស់អស់លទ្ធភាព ហើយនៅពេលនោះសេដ្ឋកិច្ចជាតិ និងចំណូលពលរដ្ឋកើនឡើងដែរ៕ ដោយ សា រ៉ាន់
ចែករំលែកព័តមាននេះ