ខេត្តព្រះសីហនុ ៖ កំពុងតែមានការងឿងឆ្ងល់យ៉ាងខ្លាំងចំពោះសាច់បង្កកដែលនាំចូលមកកំពង់ផែក្រុងព្រះសីហនុមួយកុងតឺន័រ ពេលមន្ត្រីជំនាញក.ប.ប ត្រួតពិនិត្យមិនមានដាក់ថ្ងៃខែផលិត និងថ្ងៃផុតកំណត់ការប្រើប្រាស់ក៏គ្មានដែរ ។
ហើយបញ្ហានេះ ក៏កំពុងផ្ទុះមតិចម្រុះ ជុំវិញការនាំចូលសាច់បង្កក ខណៈដែលប្រមុខរាជរដ្ឋាភិបាលកម្ពុជា ទើបប្រកាសហាមមិនឲ្យនាំចូលសាច់បង្កកចូលមករយៈពេល៦ខែជាបណ្តោះអាសន្ន ដែលនឹងអនុវត្តពីថ្ងៃទី១២ ខែមីនា រហូតដល់ថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០២៤ខាងមុខ ។
យោងតាមហ្វេសប៊ុកផេករបស់អគ្គនាយកដ្ឋានការពារអ្នកប្រើប្រាស់កិច្ចការប្រកួតប្រជែង និងបង្ក្រាបការក្លែងបំន្លំ បានឲ្យដឹងថា មន្ត្រីជំនាញផ្នែកអធិការកិច្ចម្ហូបអាហារ ក.ប.ប. សាខាខេត្តព្រះសីហនុ បានចុះត្រួតពិនិត្យលើកុងតឺន័រផ្ទុកសាច់បង្កកតាមការស្នើសុំសហការពីគយ និងរដ្ឋាករ ។
អគ្គនាយកដ្ឋានការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្ក្រាបការក្លែងបន្លំ បានឲ្យដឹងបន្តទៀតថា នាថ្ងៃទី២៥ ខែមករា ឆ្នាំ២០២៤ មន្ត្រីជំនាញផ្នែកម្ហូបអាហារនៃសាខា ក.ប.ប. ប្រចាំខេត្តព្រះសីហនុ បានចូលរួមត្រួតពិនិត្យសាច់បង្កកចំនួន១កុងតឺន័រ ស្របតាមការស្នើសុំកិច្ចសហការពីស្ថាប័នគយ និងរដ្ឋាករប្រចាំក្រុងព្រះសីហនុ ។
ក្នុងសកម្មភាពត្រួតពិនិត្យ គឺស្ថិតនៅទីលាន CY កំពង់ផែស្វយ័តក្រុងព្រះសីហនុ ដោយមន្ត្រីជំនាញបានធ្វើការត្រួតពិនិត្យ និងផ្ទៀងផ្ទាត់លើគុណភាពសាច់ សីតុណ្ហភាព និងឯកសារពាក់ព័ន្ធនានាស្របតាមច្បាប់ ។ អគ្គនាយកដ្ឋានការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្ក្រាបការក្លែងបន្លំ បានបញ្ជាក់ថា ជាលទ្ធផលសាច់បង្កកទាំងនោះគឺមានអនុលោមភាពលើឯកសារ គុណភាព និងសីតុណ្ហភាព ។
ជាមួយគ្នានោះ មន្ត្រីជំនាញបានធ្វើការស្រង់យកសំណាកគំរូបញ្ជូនមកអគ្គនាយកដ្ឋានដើម្បីពិសោធន៍រកមើមេរោគចម្លងបន្ថែមផងដែរ ។ពាក់ព័ន្ធការចុះត្រួតពិនិត្យសាច់បង្កកចំនួន១កុងតឺន័រ នៅកំពង់ផែស្វយ័តក្រុងព្រះសីហនុ ពីសំណាក់មន្ត្រីជំនាញ ក.ប.ប ខាងលើ អ្វីដែលគេចាប់អារម្មណ៍បំផុតនោះ គឺប័ណ្ណយកគំរូមួយច្បាប់ដែលត្រូវបានបង្ហោះនៅលើបណ្តាញសង្គមបានបញ្ជាក់ថា ថ្ងៃខែឆ្នាំផលិតគ្មាន និងថ្ងៃខែឆ្នាំផុតកំណត់ប្រើប្រាស់ក៏គ្មាន ហេតុអ្វីម្ចាស់ទំនិញ ហ៊ាននាំយកសាច់បង្កកទាំងនោះមកក្នុងប្រទេសកម្ពុជាទាំងបែបនេះ ។
គួរបញ្ជាក់ថាផងដែរថា រាជរដ្ឋាភិបាលកម្ពុជា បានសម្រេចផ្អាកជាបណ្តោះអាសន្នសម្រាប់រយៈពេល០៦ខែ នូវការនាំចូលគ្រឿងក្នុង និងបំណែកសាច់បង្កក ។ នេះបើតាមសេចក្តីប្រកាសព័ត៌មានរួម របស់ក្រសួងពាណិជ្ជកម្ម និងក្រសួងកសិកម្ម កាលពីថ្ងៃទី១២ ខែមករា ឆ្នាំ២០២៤នេះ ។
សេចក្តីជូនដំណឹងរបស់ក្រសួងទាំង២ខាងលើនេះ គឺយោងតាមការសម្រេចដ៏ខ្ពង់ខ្ពស់របស់សម្ដេចមហាបវរធិបតី ហ៊ុនម៉ាណែត នាយករដ្ឋមន្តី នៃព្រះរាជាណាចក្រកម្ពុជា ចុះថ្ងៃទី០៩ ខែមករា ឆ្នាំ២០២៤ ក្រសួងពាណិជ្ជកម្ម និងក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានសម្រេចផ្អាកជាបណ្ដោះអាសន្នសម្រាប់រយៈពេល០៦(ប្រាំមួយ)ខែ នូវការនាំចូលគ្រឿងក្នុង និងបំណែកសាច់បង្កក ដូចជា ៖ អណ្តាត ថ្លើម គ្រឿងក្នុង និងបំណែកសាច់បង្កកផ្សេងៗទៀតនៃសាច់គោ ក្របី ជ្រូក មាន់ ដែលគេអាចបរិភោគបានលើកលែងតែត្រី ។
ហើយចំពោះវិធានការផ្អាកការនាំចូលជាបណ្តោះអាសន្ននេះ នឹងចាប់ផ្តើមអនុវត្ត ពីថ្ងៃទី១២ ខែមីនា រហូត ដល់ថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០២៤ ដែលវិធានការនេះមិនអនុវត្តចំពោះគម្រោងវិនិយោគមានលក្ខណៈ សម្បត្តិគ្រប់គ្រាន់ ដែលនាំចូលទំនិញខាងលើ សម្រាប់ប្រើប្រាស់ជាធាតុចូលផលិតកម្ម សម្រាប់ការនាំចេញឡើយ។អាស្រ័យហេតុដូចបានជម្រាបជូនខាងលើ សូមសាធារណជន និងក្រុមហ៊ុននាំចេញ-នាំចូល ដែលកំពុងប្រកបអាជីវកម្មលើមុខទំនិញខាងលើ ព្រមទាំងភាគីពាក់ព័ន្ធមេត្តាជ្រាបជាព័ត៌មាន ៕
ចែករំលែកព័តមាននេះ