រាជធានីភ្នំពេញ ៖ គេសង្កើតឃើញថា បច្ចុប្បន្ននេះ ទោះបីជាកម្រិតជីវភាពរបស់ប្រជាពលរដ្ឋមានការកើនឡើងក៏ពិតមែន ប៉ុន្តែបញ្ហាសីលធម៌ និងសុជីវធម៌ ហាក់នៅមិនទាន់បានប្រសើរឡើងឡើយ ។ មិនត្រឹមតែប៉ុណ្ណោះទិដ្ឋភាព និងទង្វើមិនគប្បីខ្លះរបស់ពលរដ្ឋមួយចំនួន ដូចជាការបន្ទោរបង់តាមទីសាធារណៈ ការខាកស្តោះ និងការមិនគោរពគ្នានៅតាមទីសាធារណៈជាដើម កំពុងតែធ្វើឲ្យប៉ះពាល់ដល់សណ្តាប់ធ្នាប់ និងភាពថ្លៃថ្នូររបស់ពលរដ្ឋកម្ពុជាទាំងមូល ។
ជាក់ស្តែង កាលពីពេលថ្មីៗកន្លងទៅនេះ គណនីហ្វេសប៊ុកមួយឈ្មោះថា «Dul Panha» បានបង្ហោះរូបភាពមួយសន្លឹកបង្ហាញពីដៃរបស់គាត់ ត្រូវបានគេខាកស្តោះលើ និងអមដោយសំណេរយ៉ាងហួសចិត្តថា «ទង្វើដែលខ្ញុំតែងតែឃើញរាល់ថ្ងៃពេលដែលជិះនៅតាមផ្លូវ ការខាកស្ដោះស្លេស្ម ទឹកមាត់នៅតាមផ្លូវសាធារណៈ ទាំងមនុស្សចាស់ ទាំងយុវវ័យ ភាគច្រើនសុទ្ធតែជាមនុស្សប្រុស»។
គណនីហ្វេសប៊ុកដដែល បន្តថា «តើអ្នកឯងគិតថា ទង្វើអ្នកឯងធ្វើរាល់ថ្ងៃជារឿងធម្មតា? តើអ្នកឯងមានដែលបានគិតទេថា ទង្វើអ្នកឯងប៉ះពាល់អ្វីខ្លះ? តើអ្នកឯងមានគិតអត់ថា គេវា.យតម្លៃទៅលើអ្នកឯងបែបណា? ប្រសិនបើអ្នកឯងគិតថា វាជារឿងធម្មតា ខ្ញុំក៏មិនមានអ្វីត្រូវពន្យល់ឯងទៀតដែរ។ ហើយបើអ្នកឯងសួរថា ចង់ឲ្យខ្ញុំលេបស្លេស្មហ្នឹងវិញមែន? បើអ្នកឯងដឹងថា ខ្លួនឯងជាមនុស្សដែលឧស្សាហ៍មានស្លេស្ម គួរតែមានក្រដាសជូតមាត់តាមខ្លួនទៅ។ ហើយខាកស្ដោះដាក់ក្រដាសជូតមាត់ទៅ (ហើយជូតរួច សូមមានមាយាទយកទៅចោលក្នុងធុងសំរាមផង)»។
ហ្វេសប៊ុកខាងលើបន្តថា «ហើយខ្ញុំ ក៏សូមអរគុណដល់អ៊ីលក់ទឹកក្រោមស្ពានអាកាសផ្សារដីហុយដែរ ដែលបានឲ្យទឹកកកលាងដៃ ហើយឲ្យក្រដាសជូតទៀត ។ ផ្ដាំទៅម្នាក់ប្រុសដែលខាកស្ដោះ អត់សីលធម៌ហ្នឹងផង កែបានកែចេញទៅ វាជាទង្វើគួរឲ្យខ្ពើម»។
ជាការពិតណាស់ បើងាកមកមើលនូវទង្វើហួសចិត្តមួយក្នុងចំណោមទង្វើហួសចិត្តជាច្រើនតាមទីសាធារណៈវិញ អ្នកពិតជាមានការខ្ពើ.មរអើមមិនខាន ។ ដោយអ្នកបើកបរមួយចំនួន មិនថា ក្មេងចាស់ ប្រុសស្រីនោះទេ ទាំងអ្នកដែលមានទ្រព្យសម្បត្តិ និងអ្នកជិះរថយន្តទំនើប ទាំងអ្នកមានជីវភាពមធ្យម និងខ្សត់ខ្សោយ ពេលខ្លះពួកគេបានខាកស្តោះនៅតាមទីសាធារណៈ និងនៅពេលដែលពួកគេកំពុងបើកបរ ដោយមិនមានភាពអៀ.នខ្មា.ស និងថា អ្វីដែលពួកបានធ្វើអាចប៉ះពាល់ដល់អារម្មណ៍អ្នកដទៃឡើយ ។
ការខាកស្តោះផ្តេសផ្តាស និងពាសវាលពាសកាល ដោយគ្មានសណ្តាប់ធ្នាប់នៅលើដងផ្លូវសាធារណៈ ទាំងពេលកំពុងបើកបរ គឺជារឿងមិនសមរម្យ ព្រោះការប្រព្រឹត្តបែបនេះ ជាទង្វើគ្មានសុជីវធម៌ និងគ្មានអនាម័យមួយសម្រាប់អ្នកបើកបរ ដោយវាបានធ្វើឲ្យប៉ះពាល់ដល់អារម្មណ៍អ្នកដទៃ ដែលកំពុងរួមដំណើរលើផ្លូវតែមួយជាមួយគ្នាយ៉ាងខ្លាំង ។
យើងទាំងអស់គ្នាដឹងហើយថា កំហាក គឺជាទឹកមាត់ ស្លេស្ម ឬអ្វីៗដែលនឹងខ្ទាតចេញពីមាត់មកក្រៅ ។ បើនៅពេលយើងកំពុងបើកបរ ហើយស្រាប់តែខាកស្តោះ តើកំហាកនោះនឹងខ្ទាតទៅណា? ប្រាកដណាស់ ច្បាស់ជាទៅប៉ះពាល់ដល់អ្នកណាម្នាក់ដែលកំពុងធ្វើដំណើរតាមពីក្រោយលើផ្លូវរួមគ្នាជាមួយយើងជាមិនខាន ។ ដូច្នេះជាការចែករំលែកមួយ បើសិនយើងចង់ខាកស្តោះ គួរណាស់អ្នកត្រូវតែរកកន្លែងសមរម្យណាមួយ ដើម្បីធ្វើរឿងនេះបាន ៕
អត្ថបទដោយ ៖ មាស តុលា
ចែករំលែកព័តមាននេះ