ក្រុងប៉ោយប៉ែត ៖ ផ្ទុះការសរសើរយ៉ាងខ្លាំងនៅលើបណ្តាញសង្គម ចំពោះអ្នកក្រុងប៉ោយប៉ែត បន្ទាប់ពីវីដេអូឃ្លីបមួយត្រូវបានគេបង្ហោះ និងចែករំលែកបន្តគ្នា ខណៈពេលភ្លេងជាតិបានបន្លឺឡើងនៅច្រកទ្វារអន្តរជាតិប៉ោយប៉ែត គេក៏ឃើញថា បងប្អូនខ្មែរគ្រប់រូប មានទាំងឡាន ទាំងម៉ូតូ រ៉ឺម៉ក់កង់បី ក៏ដូចជាអ្នកអូសរទេះលក់ដូរទាំងអស់ បាននាំគ្នាផ្អាកឈប់ធ្វើចរាចរណ៍ និងឈរគោរពភ្លេងជាតិបទ «នគររាជ» ដោយទឹកមុខញញឹមគ្រប់ៗគ្នា ទាល់តែភ្លេងជាតិចប់ ទើបបន្តការធ្វើចរាចរណ៍ធម្មតាវិញ ឃើញហើយ គឺមិនសរសើរមិនបានឡើយ ។
តាមរយៈសកម្មភាពមួយនេះ វាគឺជាគំរូមួយដ៏ល្អបំផុតសម្រាប់ពលរដ្ឋខ្មែរគ្រប់រូបគួរយកតម្រាប់តាម និងងាកមកចូលរួមគោរពទង់ជាតិ និងភ្លេងជាតិគ្រប់ៗគ្នា ។ ជាពិសេស គួរឲ្យកោតសរសើរដល់ថ្នាក់ដឹកនាំដែលបានចាត់តាំងដាក់បទភ្លេងគោរពទង់ជាតិ ដើម្បីឲ្យមហាជនអនុវត្តន៍បានយ៉ាងល្អ ។
មែនទែនទៅ មិនថាតែអ្នកក្រុងប៉ោយប៉ែតនោះទេ ដែលធ្វើទង្វើគំរូល្អមួយនេះ កន្លងមកក៏មានតាមបណ្តារាជធានី-ខេត្តមួយចំនួន ក៏បានធ្វើគំរូល្អបែបនេះដែរ ភាគច្រើនគឺនៅទីកន្លែងប្រារព្ធពិធីនានា។ ហើយបើមើលតាមរយៈវីដេអូឃ្លីបខាងលើនេះ អាចជាពេលព្រឹក ព្រោះមិនទាន់សូវមានមនុស្សចេញចូលច្រើនតាមច្រកទ្វារអន្តរជាតិដ៏សំខាន់របស់កម្ពុជាមួយនេះទេ ។
តាមរយៈវីដេអូឃ្លីបដែលត្រូវបានបង្ហោះ និងចែករំលែកយ៉ាងច្រើនខាងលើនេះ មហាជនបានសម្តែងការកោតសរសើរយ៉ាងខ្លាំងចំពោះបងប្អូនខ្មែរយើងនៅឯច្រកទ្វារអន្តរជាតិប៉ោយប៉ែត ដោយអ្នកខ្លះបានបញ្ចេញមតិថា «ចង់ឲ្យបងប្អូននៅទូទាំង២៥ខេត្ត-ក្រុងធ្វើទម្លាប់ល្អបែបនេះតាមអ្នកប៉ោយប៉ែត» ។ ខ្លះទៀតលើកឡើងថា «ពេលឃើញវីដេអូនេះ មើលហើយបះរោមតែម្តង ដោយសារមានអារម្មណ៍រំភើបពេក»។
គួរបញ្ជាក់ថា យោងតាមសារាចរណែនាំរបស់រាជរដ្ឋាភិបាលកម្ពុជាលេខ០៧ អំពីការប្រារព្ធពិធីគោរពទង់ជាតិ ក្នុងគោលបំណងពង្រឹងពង្រីកខឿនឯករាជ្យជាតិ និងមហាសាមគ្គីជាតិ ផ្សារភ្ជាប់នឹងការពង្រឹងពង្រីកមនសិកាស្នេហាជាតិ ស្នេហាមាតុភូមិ ក្រោយព្រះរាជកិច្ចដឹកនាំដ៏ឈ្លាសវៃនៃសម្តេចឪ ជាទីគោរពសក្ការៈដ៏ឧត្តុងឧត្តម រាជរដ្ឋាភិបាលក៏បានណែនាំគ្រប់ក្រសួង ស្ថាប័ន និងខេត្ត-ក្រុងទូទាំងប្រទេសដូចតទៅ ៖
១- គ្រប់ក្រសួង ស្ថាប័ន ខេត្ត-ក្រុង មន្ទីរ អង្គភាពក្រោយឱវាទ មន្ទីរពេទ្យ គ្រឹះស្ថានសិក្សាទូទាំងប្រទេស ត្រូវប្រារព្ធពិធីគោរពទង់ជាតិ នៅវេលាម៉ោង៧ព្រឹកជារៀងរាល់ថ្ងៃធ្វើការ ។ ដោយឡែកចំពោះគ្រឹះស្ថានសិក្សា ត្រូវប្រារព្ធពិធីគោរពទង់ជាតិ២ដង ក្នុងមួយថ្ងៃ គឺពេលព្រឹកមុនពេលចូលសិក្សា និងពេលល្ងាច ក្រោយពេលបញ្ចប់ការសិក្សា ។
២- រោងចក្រ មហាស្រព រោងភាពយន្ត វីដេអូរដ្ឋ និងឯកជននៅទូទាំងប្រទេស ត្រូវធ្វើពិធីគោរពទង់ជាតិ ដោយក្រោកឈរគោរពឆាយាល័ក្ខណ៍ព្រះមហាក្សត្រ ព្រមទាំងចាក់ភ្លេងជាតិបទ «នគររាជ» មុននឹងចាប់ផ្តើមដំណើរការសម្តែង ឬបញ្ចាំងសាច់រឿង ។
៣- ក្រសួងព័ត៌មាន ត្រូវចាក់ផ្សាយបន្តភ្លេងជាតិបទ «នគររាជ» តាមបណ្តាញវិទ្យុរៀងរាល់ព្រឹកវេលាម៉ោង៧ និងក្រោយពេលបញ្ចប់ការផ្សាយរបស់វិទ្យុ ។ ចំពោះទូរទស្សន៍ មុនពេលចាប់ផ្តើម និងក្រោយពេលបញ្ចប់នៃការផ្សាយ ក៏ត្រូវចាក់ផ្សាយភ្លេងជាតិបទនគររាជដែរ ។
ទន្ទឹមនេះ ក្រសួងព័ត៌មាន ត្រូវបោះពុម្ភខ្លឹមសារបទ «នគររាជ» និងអក្សរភ្លេងជាតិ ដើម្បីធ្វើការផ្សព្វផ្សាយនៅទូទាំងប្រទេស ៕
អត្ថបទដោយ ៖ មាស តុលា
ចែករំលែកព័តមាននេះ