Werner ត្រឡប់មក EPL ម្តងទៀត ខណៈ Real ចង់បានកីឡាករកំពូលល្បឿនរបស់ Bayern
អន្តរជាតិ ៖ ក្លិប Tottenham Hotspur កាលពីថ្ងៃទី៩ ខែមករា ឆ្នាំ២០២៤ បានចុះហត្ថលេខាលើខ្សែ
អន្តរជាតិ ៖ ក្លិប Tottenham Hotspur កាលពីថ្ងៃទី៩ ខែមករា ឆ្នាំ២០២៤ បានចុះហត្ថលេខាលើខ្សែ
អន្តរជាតិ ៖ ក្លិប Tottenham Hotspur កាលពីថ្ងៃទី៩ ខែមករា ឆ្នាំ២០២៤ បានចុះហត្ថលេខាលើខ្សែប្រយុទ្ធ Timo Werner ក្នុងលក្ខខណ្ឌខ្ចីជើងពីក្លិប RB Leipzig រហូតដល់ចប់រដូវកាលនេះ។ ស្របពេលដែលក្លិប Real Madrid ចង់បានខ្សែការពារឆ្វេង Alphonso Davies របស់ Bayern Munich សម្រាប់រដូវកាលក្រោយ។
ក្លិបមាន់ខ្នាយមាស Tottenham Hotspur បានឈានដល់កិច្ចព្រមព្រៀងជាមួយនឹងក្លិបអាល្លឺម៉ង់ RB Leipzig ដើម្បីនាំយកខ្សែប្រយុទ្ធអាល្លឺម៉ង់ Timo Werner មកកាន់ទឹកដីអង់គ្លេសសារជាថ្មីម្តងទៀតក្នុងលក្ខខណ្ឌខ្ចីជើងរហូតដល់ចប់រដូវកាលនេះ រួមជាមួយជម្រើសទិញផ្តាច់នៅរដូវក្តៅនេះ។
សមាជិកក្រុមជម្រើសជាតិអាល្លឺម៉ង់វ័យ២៧ឆ្នាំរូបនេះ នឹងក្លាយជម្រើសខ្សែប្រយុទ្ធរបស់ Spurs ខណៈដែលខ្សែប្រយុទ្ធ Son Heung-min ជាប់បំពេញភារកិច្ចជាមួយក្រុមជម្រើសជាតិកូរ៉េខាងត្បូងសម្រាប់ព្រឹត្តិការណ៍ Asian Cup ស្របពេលដែលខ្សែបម្រើប្រយុទ្ធ James Maddison អវត្តមានដោយសាររបួស។
ជារឿងល្អសម្រាប់ Spurs ដោយសារតែ Werner ធ្លាប់មានបទពិសោធន៍នៅក្នុងលីគកំពូលអង់គ្លេស Premier League ជាមួយ Chelsea បន្ទាប់ពីត្រូវក្លិបរហស្សនាមតោខៀវមួយនេះនាំយកពី RB Leipzig នៅលីគកំពូលអាល្លឺម៉ង់ Bundesliga ក្នុងតម្លៃ៤៥លានផោន កាលពីឆ្នាំ២០២០។ Werner បានស៊ុតបញ្ចូលទីបាន២៣គ្រាប់ក្នុងការបង្ហាញខ្លួន៨៩ប្រកួតសម្រាប់ Chelsea ដោយបានឈ្នះពានរង្វាន់ UEFA Champions League, Super Cup និង Club World Cup មុនពេលត្រឡប់មក Leipzig វិញ នៅក្នុងឆ្នាំ ២០២២។
ដោយឡែកថ្ងៃជាមួយគ្នានោះ ប្រព័ន្ធផ្សព្វផ្សាយកីឡាធំៗជាច្រើនបានរាយការណ៍ថា ក្លិបអធិរាជស Real Madrid ចង់បានខ្សែការពារឆ្វេងសញ្ជាតិកាណាដា Alphonso Davies ពីក្លិបយក្សអាល្លឺម៉ង់ Bayern Munich សម្រាប់រដូវកាលក្រោយ។
សមាជិកក្រុមជម្រើសជាតិកាណាដា ដើមកំណើតហ្គាណាវ័យ២៣ឆ្នាំរូបនេះ ជាប់កុងត្រារហូតដល់ខែមិថុនា ឆ្នាំ២០២៥ ជាមួយក្រុមជើងឯកអាល្លឺម៉ង់ Bayern ។ លោក Carlo Ancelotti អ្នកចាត់ការក្រុម Real Madrid ត្រូវបានរាយការណ៍ថា ចង់យកខ្សែការពារបារាំង Ferland Mendy និងខ្សែការពារអេស្ប៉ាញ Fran Garcia របស់ខ្លួន ដើម្បីជាការដោះដូរជាមួយនឹងខ្សែការពារកំពូលល្បឿន Davies ខណៈ endy និង Garcia សុទ្ធតែលេងតំណែងការពារឆ្វេងដូចគ្នា។
ខ្សែការពារ Alphonso Davies ដែលកើតក្នុងជំរុំជនភៀសខ្លួននៅប្រទេសហ្គាណាឆ្នាំ ២០០០ បានផ្លាស់ពី Vancouver Whitecaps មកចូលរួមជាមួយ Bayern កាលពីខែមករា ឆ្នាំ ២០១៩ នៅក្នុងតម្លៃ ១៣.៥លានដុល្លារ។ Davies ស៊ុតបញ្ចូលទី ៨គ្រាប់ពីការបង្ហាញខ្លួន ១៧៦ប្រកួតសម្រាប់ Bayern និងឈ្នះពានរង្វាន់សរុបចំនួន ១៣ រួមទាំង Bundesliga ៥ដង និង UEFA Champions League នៅឆ្នាំ ២០២០ ផងដែរ៕ (ប្រភព ៖ BBC)
ចែករំលែកព័តមាននេះ