រាជធានីភ្នំពេញ ៖ ជារៀងរាល់ឆ្នាំ នៅរដូវប្រាំង ចាប់ពីខែធ្នូ ដល់ខែមេសា លទ្ធផលគុណភាពខ្យល់ ដែលក្រសួងបរិស្ថានបានធ្វើការតាមដាននៅរាជធានីភ្នំពេញ និងបណ្តាខេត្តទូទាំងប្រទេស បានបង្ហាញថា ស្ថានភាពគុណភាពខ្យល់មានការធ្លាក់ចុះគួរឲ្យព្រួយបារម្ភ ជាពិសេសកំណើនកំហាប់ភាគល្អិតនិចល អណ្ដែតក្នុងខ្យល់ (PM10 និងPM2.5) អាចមានកម្រិតលើសស្តង់ដារកំណត់ ដែលជាហានិភ័យបង្កការប៉ះពាល់សុខភាព ប្រជាពលរដ្ឋ និងបរិស្ថាន ។
តាមការអង្កេតប្រភព និងសកម្មភាពសំខាន់ៗដែលបង្កឱ្យមានកំណើនកំហាប់ ភាគល្អិតនិចលនេះរួមមាន៖ ការបញ្ចេញផ្សែងពីរោងចក្រឧស្សាហកម្ម យានយន្ត ជាពិសេសភ្លើងឆេះព្រៃ ការដុតវាលស្មៅ ការដុតសំណល់កសិកម្មការដុតរានព្រៃ ការដុតគល់ជញ្ជាំង ការដុតសំរាម សំណល់រឹង នៅទីចំហ និងការឆេះនៅទីលានចាក់សំរាម ការបោះចោល និងដុតសំណល់ប្លាស្ទិក ព្រមទាំងការហុយធូលីពីការដ្ឋានសំណង់ជាដើម។
ក្នុងន័យនេះ ដើម្បីការពារ និងទប់ស្កាត់បញ្ហាការបំពុលខ្យល់នៅរាជធានី-ខេត្ត ក្រសួងបរិស្ថាន បានស្នើឱ្យអភិបាលរាជធានី-ខេត្តទាំង២៥ ជំរុញផ្សព្វផ្សាយការអនុវត្តសារាចរលេខ ០១ សរ របស់រាជរដ្ឋាភិបាល ស្តីពីវិធានការទប់ស្កាត់ និងកាត់បន្ថយការបំពុលខ្យល់សាធារណៈដល់រដ្ឋបាលក្រុង ស្រុក ខណ្ឌ ឃុំ សង្កាត់ ប្រជាពលរដ្ឋ និងត្រៀមមធ្យោបាយ ព្រមទាំងចាត់វិធានដូចខាងក្រោម ៖
ទី១៖ អប់រំណែនាំប្រជាពលរដ្ឋកុំឱ្យដុតរានព្រៃ វាលស្មៅ ដុតប្លាស្ទិក សំណល់កសិកម្ម គល់ជញ្ជាំង សំរាម សំណល់រឹង ប្លាស្ទិក និងការដុតសំណល់ផ្សេងៗទៀតនៅទំចំហ ។
ទី២៖ ទប់ស្កាត់ការដុតរានព្រៃ ការដុតវាលស្មៅ ការដុតគល់ជញ្ជាំង ការដុតសំណល់កសិកម្ម សំរាម ការបោះចោលនិងដុតសំណល់ប្លាស្ទិក និងការឆេះទីលានចាក់សំរាម ។
ទី៣៖ ចាត់វិធានការទប់ស្កាត់ការហុយធូលី នៅការដ្ឋានសំណង់ និងការដឹកជញ្ជូនសម្ភារសំណង់ ។
និងទី៤៖ ធ្វើការសម្អាតធូលី និងធ្វើអនាម័យនៅតាមដងផ្លូវ និងទីសាធារណៈឱ្យបានជាប់ជាប្រចាំ ។
សូមបញ្ជាក់ថា តាមរយៈការតាមដានគុណភាពខ្យល់របស់ក្រសួងបរិស្ថានបានបង្ហាញថាកំឡុងពេលមួយសប្តាហ៍កន្លងមកនេះ ប្រទេសកម្ពុជាមិនទាន់មានការកត់សម្គាល់ ការធ្លាក់ចុះគុណភាពខ្យល់គួរឱ្យព្រួយបារម្ភនៅឡើយ។ ពោលគឺកំហាប់ភាគល្អិតនិចលដែលមានវិជ្ឈមាឌតូចជាង ឬស្មើ ២,៥មីក្រូម៉ែត្រ ឬហៅថា PM2.5 មានកំហាប់ចន្លោះពី ១៨,០៣ µg/m3 ទៅ ២១,៤៣ µg/m3 ដែលទាបជាងស្តង់ដារដែលក្រសួងបរិស្ថាន បានកំណត់គឺ ៥០ µg/m3 ជាមធ្យមក្នុងរយៈពេល ២៤ម៉ោង ៕
ចែករំលែកព័តមាននេះ