ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ត្រឹមមួយសប្តាហ៍ឆ្នាំថ្មី ល្បែងស៊ីសង ២០ ទីតាំងត្រូវបានបង្ក្រាប និងឃាត់ខ្លួន ២៣ នាក់

10 ខែ មុន
  • ភ្នំពេញ

រាជធានីភ្នំពេញ ៖ ខណៈមានការរិះគន់យ៉ាងខ្លាំងក្លាអំពីវត្តមានល្បែងគ្រប់ប្រភេទកើតមានដូចផ្សិតនោះ សមត្ថកិច្ចក៏បានបញ្ចេញរបាយការណ៍បញ្ជាក់ផងដែរថា ត្រឹមមួយសប្តាហ៍ដើមឆ្នាំថ្មី ២០២៤ ទីតាំងល្បែងស៊ីសង ២០ កន្លែង ត្រូវបានបង្ក្រាប…


រាជធានីភ្នំពេញ ៖ ខណៈមានការរិះគន់យ៉ាងខ្លាំងក្លាអំពីវត្តមានល្បែងគ្រប់ប្រភេទកើតមានដូចផ្សិតនោះ សមត្ថកិច្ចក៏បានបញ្ចេញរបាយការណ៍បញ្ជាក់ផងដែរថា ត្រឹមមួយសប្តាហ៍ដើមឆ្នាំថ្មី ២០២៤ ទីតាំងល្បែងស៊ីសង ២០ កន្លែង ត្រូវបានបង្ក្រាប ក្នុងនោះមនុស្ស ២៣នាក់ត្រូវបានឃាត់ខ្លួន។

បើតាមការបញ្ជាក់ពី លោក ទូច សុឃៈ អ្នកនាំពាក្យរងក្រសួងមហាផ្ទៃ ឱ្យដឹងថា របាយការណ៍ប្រចាំសប្តាហ៍របស់ក្រសួងមហាផ្ទៃចាប់ពីថ្ងៃទី ២ ដល់ថ្ងៃទី ៧ ខែមករា ឆ្នាំ ២០២៤ នេះ សមត្ថកិច្ចក្រសួងមហាផ្ទៃបង្ក្រាបល្បែងស៊ីសង សរុបបាន ២០ ទីតាំង​នៅ ចំនួន ៨  រាជធានីខេត្តក្រុងទូទាំងប្រទេសកម្ពុជា។

អ្នកនាំពាក្យរងក្រសួងមហាផ្ទៃ បានបន្តទៀតថា ជាលទ្ធផលរួមនៃការបង្ក្រាប ២០ ទីតាំងនេះ ​មាន​ ​ជនល្មើស ត្រូវបានឃាត់ខ្លួន ២៣នាក់ ​លើ​ការ​បង្ក្រាប ១១ ទីតាំង កើតឡើង​នៅ ៦ រាជធានីខេត្ត ដែលបានបញ្ជូនជនសង្ស័យ ទៅតុលាការចំនួន ២៣ នាក់។ ក្រៅពីនេះក៏មាន វិធានការរដ្ឋបាល​ចំនួន ៩ ករណី ដែលមានជនសង្ស័យសរុបចំនួន ៩ នាក់ត្រូវបានចាត់​វិធានការតាមវិធានរដ្ឋបាល គឺ​ អប់រំ ណែ នាំ និងធ្វើកិច្ចសន្យាបញ្ឈប់។

បន្ថែមពីលើបញ្ហាអាទិភាពទាំង ៦ របស់ក្រសួងមហាផ្ទៃនៅក្នុងអាណត្តិថ្មីនេះ ការបង្ក្រាបល្បែងស៊ីសង គឺជាវិធានការដ៏ក្តៅគគុកមួយ​ផងដែរ ​ពីលើ​បញ្ហាគ្រឿងញៀន បទល្មើសព្រហ្មទណ្ឌទូទៅ ក្រុមក្មេងទំនើង បញ្ហាចរាចរណ៍ ការជួញដូរមនុស្ស និងបញ្ហានានាដែលកើតឡើងតាមបណ្ដាព្រំដែនកម្ពុជា។

លោក ទូច សុឃៈ អ្នកនាំពាក្យរងក្រសួងមហាផ្ទៃ បន្តថា ក្រោម​ទស្សនៈ «អ្វីៗដើម្បីភាពកក់ក្តៅ ជូនប្រជាពលរដ្ឋ» របស់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ​ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា កំណែទម្រង់ជាច្រើនត្រូវបានធ្វើឡើងជាបន្តបន្ទាប់។ ជាពិសេស​ គឺការអនុវត្តវិន័យរបស់កងកម្លាំងនគរបាលជាតិលេខ០០៦ ដែល​ឈាន​ដល់​ការ​បញ្ចប់មុខតំណែងតួនាទី បន្ថយឋានន្តរស័ក្តិ និងការបណ្ដេញចេញពីក្របខ័ណ្ឌលើមន្ត្រីនគរបាលមួយចំនួន ដែលក្នុងនោះ មានមន្ត្រីមួយចំនួន​ ត្រូវ​បាន​ចាត់វិធានការណ៍ ដោយឥតមានការយល់យោគពាក់ព័ន្ធជាមួយនឹងការប្រើប្រាស់គ្រឿងញៀន ឬបទល្មើសគ្រឿងញៀនផ្សេងៗទៀត​ ស្របតាមអនុសាសន៍របស់សម្ដេចធិបតី ហ៊ុន ម៉ាណែត «សម្អាតផ្ទះយើង»៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ