លោក Ancelotti ចោលឱកាសក្លាយជាគ្រូសាំបាប្រេស៊ីល ខណៈ Rooney ត្រូវក្លិបបណ្តេញចេញពីតំណែង
អន្តរជាតិ ៖ រឿងកក្រើកខ្លាំងទាក់ទងនឹងកៅអីគ្រូបង្វឹក និងអ្នកចាត់ការទូទៅក្លិបបាល់ទាត់បាន
អន្តរជាតិ ៖ រឿងកក្រើកខ្លាំងទាក់ទងនឹងកៅអីគ្រូបង្វឹក និងអ្នកចាត់ការទូទៅក្លិបបាល់ទាត់បាន
អន្តរជាតិ ៖ រឿងកក្រើកខ្លាំងទាក់ទងនឹងកៅអីគ្រូបង្វឹក និងអ្នកចាត់ការទូទៅក្លិបបាល់ទាត់បានកើតឡើងកាលពីថ្ងៃទី២ ខែមករា ឆ្នាំ២០២៤ ដោយក្នុងនោះ លោក Carlo Ancelotti បោះបង់ចោលឱកាសក្លាយជាគ្រូបង្វឹកក្រុមជម្រើសជាតិប្រេស៊ីល ដើម្បីបន្តការដឹកនាំក្រុម Real Madrid ខណៈដែលលោក Wayne Rooney ត្រូវបានក្លិប Birmingham City បណ្តេញចេញពីតំណែងអ្នកចាត់ការទូទៅ។
លោក Carlo Ancelotti បានសម្រេចបន្តកុងត្រាជាមួយនឹងក្លិប Real Madrid ដើម្បីដឹកនាំក្រុមរហស្សនាម «អធិរាជស» រហូតដល់ឆ្នាំ ២០២៦ បើទោះបីជាទទួលបានការផ្តល់ជូនពិសេស ដើម្បីដឹកនាំក្រុមសាំបាប្រេស៊ីលយ៉ាងណាក៏ដោយ។
កាលពីខែកក្កដា ឆ្នាំ ២០២៣ របាយការណ៍ជាច្រើនបានចេញផ្សាយថា គ្រូបង្វឹកជនជាតិអ៊ីតាលីវ័យ៦៤ឆ្នាំ ត្រូវបានអះអាងថា នឹងក្លាយជាគ្រូបង្វឹកជនបរទេសដំបូងគេក្នុងរយៈពេលជិត៦០ឆ្នាំ ដែលបង្វឹកក្រុមប្រេស៊ីល មុនពេលដែលរូបលោកសម្រេចចុះហត្ថលេខាលើកុងត្រាថ្មីជាមួយក្លិបយក្សអេស្ប៉ាញ Real Madrid។
លោក Ancelotti បានថ្លែងថា «អ្នករាល់គ្នាច្បាស់ជាដឹងហើយថា ខ្ញុំមានទំនាក់ទំនងជាមួយនឹងប្រធានសហព័ន្ធបាល់ទាត់ប្រេស៊ីល។ ខ្ញុំចង់អរគុណគាត់ចំពោះការស្រលាញ់រាប់អាន និងការចាប់អារម្មណ៍ដែលគាត់បានបង្ហាញចំពោះខ្ញុំ។ ប៉ុន្តែខ្ញុំចង់បន្តនៅទីនេះជាមួយ Real Madrid ខ្ញុំសប្បាយចិត្តណាស់ដែលបានបន្តកុងត្រាថ្មី។ ខ្ញុំចង់ធ្វើជាគ្រូបង្វឹក Madrid រហូតដល់ឆ្នាំ ២០២៦ ហើយសង្ឃឹមថា ខ្ញុំអាចបន្តនៅឆ្នាំ ២០២៧ និង ២០២៨ ព្រោះខ្ញុំចង់បន្តនៅទីនេះ»។
លោក Carlo Ancelotti ត្រូវបានចាត់ទុកជាគ្រូបង្វឹកដ៏ល្បីល្បាញ និងជោគជ័យបំផុតម្នាក់ បន្ទាប់ពីដឹកនាំក្លិបកំពូលៗជាច្រើននៅអឺរ៉ុប រួមមាន Juventus, AC Milan, Chelsea, PSG, Real Madrid រហូតដល់២លើក, Bayern Munich, Napoli និងបានឈ្នះពានរង្វាន់ជាច្រើនក្នុងរួមទាំង UEFA Champions League រហូតដល់៤ដងផងដែរ។
ក្នុងថ្ងៃជាមួយគ្នានោះ ក្លិប Birmingham City បានបណ្តេញលោក Wayne Rooney ពីតំណែងជាអ្នកចាត់ការទូទៅរបស់ខ្លួន បន្ទាប់ពីដឹកនាំក្រុមនៅលីគលំដាប់ទី២ EFL Championship បានត្រឹមតែ៨៣ថ្ងៃប៉ុណ្ណោះ។
អ្នកចាត់ការជនជាតិអង់គ្លេសវ័យ៣៨ឆ្នាំរូបនេះ ត្រូវបានតែងតាំងនៅថ្ងៃទី១១ ខែតុលា ឆ្នាំ២០២៣ បន្ទាប់ពីការសម្រេចចិត្តដ៏ចម្រូងចម្រាសក្នុងការបណ្តេញលោក John Eustace ដោយគ្រាននោះ Birmingham ស្ថិតក្នុងចំណាត់ថ្នាក់លេខ ៦ ក្នុងតារាង។ ទោះយ៉ាងណា ចាប់តាំងពីពេលនោះមក ក្រោមការដឹកនាំរបស់ Rooney ពួកគេបានធ្លាក់មកដល់លេខ ២០ ហើយការចាញ់ក្រុមម្ចាស់ផ្ទះ Leeds United ៣-០ កាលពីថ្ងៃច័ន្ទកន្លងទៅ គឺជាការបរាជ័យលើកទី៩ ក្រោមការដឹកនាំ១៥ប្រកួតរបស់អ្នកចាត់ការរូបនេះ។ លោក Steve Spooner គ្រូបង្វឹកអភិវឌ្ឍន៍អាជីពនឹងទទួលបន្ទុកបណ្តោះអាសន្នសម្រាប់ក្រុម Birmingham ជំនួសលោក Rooney។
គួរបញ្ជាក់ថា រាប់ទាំងក្លិប Birmingham គឺជាក្លិបទី ៣ ហើយដែល Wayne Rooney banដឹកនាំក្នុងនាមជាគ្រូបង្វឹកអាជីព បន្ទាប់ពីក្លិបអង់គ្លេស Derby County អំឡុងឆ្នាំ ២០២០ ដល់ឆ្នាំ ២០២២ និងក្លិបអាមេរិក D.C. United អំឡុងឆ្នាំ ២០២២-២០២៣ ប៉ុន្តែការដឹកនាំសុទ្ធតែទទួលបានលទ្ធផលមិនល្អដូចគ្នា៕ (ប្រភព ៖ BBC, The New Straits Times និង beIN SPORTS)
ចែករំលែកព័តមាននេះ