មកដឹងពីស្ថានីយប្រព្រឹត្តកម្មទឹកកង្វក់ ជើងឯក ដែលសម្តេចធិបតី ហ៊ុន ម៉ាណែត អញ្ជើញសម្ពោធ នៅថ្ងៃស្អែកនេះ
- ភ្នំពេញ
ភ្នំពេញ៖ លោក ឃួង ស្រេង អភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញ និងលោកស្រី នៅរសៀលថ្ងៃទី២៦ ខែធ្នូ ឆ្នាំ២០២៣ នេះ…
ភ្នំពេញ៖ លោក ឃួង ស្រេង អភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញ និងលោកស្រី នៅរសៀលថ្ងៃទី២៦ ខែធ្នូ ឆ្នាំ២០២៣ នេះ…
ភ្នំពេញ៖ លោក ឃួង ស្រេង អភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញ និងលោកស្រី នៅរសៀលថ្ងៃទី២៦ ខែធ្នូ ឆ្នាំ២០២៣ នេះ បានអញ្ជើញជាអធិបតី ក្នុងពិធីក្រុងពាលី តាមបែបសាសនា ដើម្បីសុំម្ចាស់ទឹកម្ចាស់ដី សុំសេចក្តីសុខចំរុងចំរើន នៅមុនពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការនូវស្ថានីយប្រព្រឹត្តកម្មទឹកកង្វក់ជើងឯក។
ស្ថានីយប្រព្រឹត្តកម្មទឹកកង្វក់ជើងឯក នឹងត្រូវសម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការ នៅព្រឹកថ្ងៃទី២៧ធ្នូ ឆ្នាំ២០២៣ ស្អែកនេះ ក្រោមអធិបតីភាពសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា។
ជាប្រពៃណីទំនៀមទំលាប់ខ្មែរ មុននឹងសម្ពោធដាក់ឱ្យប្រើប្រាស់នូវសមិទ្ធិផល ដែលបានសាងសង់រួច ឬមុននឹងចាប់ផ្តើមសាងសង់សំណង់ផ្សេងៗ ដើម្បីឲ្យការសាងសង់នោះ ប្រព្រឹត្តទៅដោយរលូន និងមានសេចក្តីសុខសេចក្តីចំរើនដល់អ្នកប្រើប្រាស់សមិទ្ធិផលទាំងនោះ តែងប្រារព្វនូវពិធីក្រុងពាលីនេះ។
គម្រោងស្ថានីយប្រព្រឹត្តិកម្មទឹកកខ្វក់ ជើងឯក ក្នុងរាជធានីភ្នំពេញ ក្រោមហិរញ្ញប្បទានសហប្រតិបត្តិការឥតសំណងរបស់រដ្ឋាភិបាលជប៉ុន ស្ថិតនៅភូមិទួលរកា១ សង្កាត់ចាក់អង្រែក្រោម ខណ្ឌមានជ័យ មានសមត្ថភាពចម្រោះទឹកកខ្វក់ បានចំនួន ៥,០០០ម៉ែត្រគូប ក្នុង ១ថ្ងៃ។
គួររំលឹកថា ស្ថានីយប្រព្រឹត្តិកម្មទឹកកខ្វក់ ជើងឯកនេះ បានធ្វើពិធីក្រុងពាលីបើកការដ្ឋាន កាលពីថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ២០២២ ក្រោមអធិបតីភាព លោក ឃួង ស្រេង អភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញ និងលោកស្រី ហើយនៅព្រឹកថ្ងៃទី២២ កុម្ភៈ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន បានអញ្ជើញជាអធិបតីភាព បើកការដ្ឋានសាងសង់ផងដែរ។
លោក សាំ ពិសិដ្ឋ ប្រធានមន្ទីរសាធារណការ និងដឹកជញ្ជូន រាជធានីភ្នំពេញ ធ្លាប់បានបញ្ជាក់អោយដឹងថា ស្ថានីយប្រព្រឹត្តកម្មទឹកកខ្វក់ជើងឯក ត្រូវសាងសង់ជាសំណង់បូម បញ្ជូនទឹកកខ្វក់ ទៅស្ថានីយប្រព្រឹត្តកម្មទឹកកខ្វក់ជើងឯក ដែលមានសមត្ថភាពបូមបានសរុបចំនួន ៤៦៨ម៉ែត្រគូប ក្នុងមួយម៉ោង មានទីតាំងស្ថិតនៅប៉ែកខាងក្រោម ជាប់អាងបង្ហូរទឹកបូមចេញពីស្ថានីយបូមទឹកបឹងត្របែក។
ស្ថានីយនេះ ក៏មានការសាងសង់ផ្លូវ សម្រាប់ថែទាំប្រឡាយ មានទទឹងផ្លួវ ១០ ម៉ែត្រ និងមានបណ្តោយផ្លូវ ១.៦៩០ ម៉ែត្រ សម្រាប់ ជីកដាក់បំពង់លូដកបង្ហូរទឹកកខ្វក់មកស្ថានីយប្រព្រឹត្តកម្មទឹកកខ្វក់ជើងឯក ក្រាលកៅស៊ូ AC ទំហំ ៧ ម៉ែត្រ តភ្ជាប់ពីផ្លូវលេខ ២៧១ រហូតដល់មហាវិថីអ្នកឧកញ៉ាមហាភក្ដីសប្បុរសភោគាធិបតី ហ៊ុន នាង ជីកដាក់បំពង់លូដែក ទំហំមុខកាត់ ០,៣ ម៉ែត្រ ប្រវែងប្រមាណ ១.៨៤០ម៉ែត្រ ដើម្បីបង្ហូរទឹកកខ្វក់ពី សំណង់បូមបញ្ជូនទឹកកខ្វក់ ឆ្ពោះទៅស្ថានីយប្រព្រឹត្តកម្មទឹកកខ្វក់ជើងឯក។
ស្ថានីយប្រព្រឹត្តិកម្មទឹកកខ្វក់ (Sewage Treatment Plant) មានសមត្ថភាពប្រព្រឹត្តិកម្មទឹកកខ្វក់ ចំនួន ៥.០០០ ម៉ែត្រគូបក្នុងមួយថ្ងៃ លើផ្ទៃដីទំហំ ៣ហិចតា ក្នុងផ្ទៃបឹងបម្រុងទុកប្រមាណ ១៩ហិចតា ស្ថិតនៅជាប់មហាវិថីអ្នកឧកញ៉ាមហាភក្ដីសប្បុរសភោគាធិបតី ហ៊ុន នាង ដែលរាជរដ្ឋាភិបាល បានកាត់ឆ្កៀល សម្រាប់សាងសង់ស្ថានីយប្រព្រឹត្តិកម្មទឹកកខ្វក់ជើងឯក ក្នុងគម្រោងឆ្នាំគោលដៅ២០២៥។
ជាមួយគ្នានេះ គម្រោង ក៏ត្រូវមានការសាងសង់សំណង់ប្រព្រឹត្តកម្មសំណល់ភក់ (Sludge Treatment Facility) ដែលកើតចេញពីស្ថានីយប្រព្រឹត្តកម្មទឹកកខ្វក់ជើងឯក បន្ថែមទៀតផងដែរ។
គម្រោងសាងសង់ស្ថានីយប្រព្រឹត្តកម្មទឹកកខ្វក់ជើងឯកនេះ ត្រូវបានរដ្ឋាភិបាលនៃប្រទេសទាំងពីរ “កម្ពុជា-ជប៉ុន ” ចុះហត្ថលេខាលើលិខិតប្ដូរសារ កាលពីថ្ងៃទី៣ ខែតុលា ឆ្នាំ២០១៩ និងបន្ទាប់មក ទីភ្នាក់ងារ JICA បានចុះកិច្ចព្រមព្រៀងផ្តល់ហិរញ្ញប្បទានឥតសំណង ជាមួយក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុកម្ពុជា នៅថ្ងៃទី១ ខែវិច្ឆិកា ឆ្នាំ២០១៩៕
ចែករំលែកព័តមាននេះ