ដើម្បីអោយអាជីវកម្មរបស់អ្នកជោគជ័យ និងដំណើរការទៅមុខបានរលូន និងរីកចំរើនទៅមុខជាបន្តបន្ទាប់ ដៃគូអាជីវកម្មដាច់ខាតត្រូវតែមាន ។ ប៉ុន្តែការចាប់ដៃគូកសាងអាជីវកម្មមួយ មិនមែនជារឿងដែលងាយស្រួលនោះទេ ។
ដើម្បីជួយជាគំនិតសម្រួលដល់ការលំបាកមួយនេះ កម្មវិធីលុយអាចជួយអ្នកតាមការផ្តល់ចំណុចគន្លឹះដូចខាងក្រោម៖
១-គោលដៅដូចគ្នា
ដៃគូអាជីវកម្មដែលល្អ និងជោគជ័យ គឺដាច់ខាតត្រូវតែជាអ្នកដែលមានគោលដៅដូចគ្នា ហើយ ទស្សនៈ និងយោបល់ក៏គួរតែស្រដៀងគ្នា ។ មិនតែប៉ុណ្ណោះ អ្នកនិងដៃគូ ក៏ត្រូវតែមានចក្ខុវិស័យស្រដៀងគ្នាភាគច្រើនផងដែរ ។
២-ភាពស្មោះត្រង់
ក្រៅពីមានចក្ខុវិស័យ និងគោលដៅដូចគ្នា ភាពស្មោះត្រង់ក៏ជាចំណុចមួយដែលសំខាន់បំផុត ពីព្រោះ បើខ្វះចំណុចនេះនៅពេលអនាគត អំពើក្បត់អាចនឹងកើតមានឡើង។ ជាធម្មជាតិរបស់មនុស្សគ្រប់រូប រមែងមានចរិតលក្ខណៈផ្ទាល់ខ្លួន ក្នុងការដោះស្រាយភាពតានតឹង ជោគជ័យ និងបរាជ័យ ។ ប៉ុន្តែប្រសិនបើអ្នកខ្វះដៃគូអាជីវកម្មដែលស្មោះត្រង់បរាជ័យនឹងកើតមាន ។
៣-បទពិសោធន៍អាជីវកម្ម
ការទទួលបានដៃគូដែលមានបទពិសោធន៍ពិតនៅក្នុងអាជីវកម្ម ជាស្នូលមួយដ៏សំខាន់ក្នុងការឈានទៅរកជោគជ័យនៃអាជីវកម្មរបស់អ្នក ។ នៅក្នុងករណីយើងមានអាជីវកម្មមួយហើយ យើងអាចរកបានដៃគូដែលមានជំនាញនៅក្នុងអាជីវកម្មនោះស្រាប់ គឺអាចជួយគ្នាដោះស្រាយបញ្ហាបានច្រើន ។
៤-ស្ថេរភាពហិរញ្ញវត្ថុ
អ្នកត្រូវការដៃគូអាជីវកម្មដែលមានស្ថេរភាពផ្នែកហិរញ្ញវត្ថុ ពីព្រោះទុនគឺជាហេតុផល លេខមួយដែលធ្វើឱ្យអាជីវកម្មភាគច្រើនបរាជ័យ។ ទុនក៏ជាចំណុចមួយក្នុងចំណោមចំណុចទូទៅបំផុតនៃការឈ្លោះប្រកែកគ្នារវាងម្ចាស់អាជីវកម្ម ។ នៅក្នុងអាជីវកម្មអ្នកនិងដៃគូដាច់ខាតត្រូវតែចេះ គ្រប់គ្រងហិរញ្ញវត្ថុអាជីវកម្ម និងបែងចែកឲ្យដាច់ស្រឡះរវាងហិរញ្ញវត្ថុផ្ទាល់ខ្លួន និងអាជីវកម្មរួម ។
៥-អ្នកមានលទ្ធភាព និងឆន្ទៈក្នុងការវិនិយោគ
មិនមែនគ្រប់ដៃគូសុទ្ធតែមានសក្តានុពលនិងមានធនធាន ក្នុងការវិនិយោគទាំងអស់នោះឡើយ។ ពួកគេគួរតែមានឆន្ទះក្នុងការវិនិយោគឱ្យបានច្រើនតាមដែលពួកគេអាចមាន។ ឆន្ទះក៏ជាកត្តាសំខាន់មួយដែរ ពីព្រោះពេលខ្លះពេលអាជីវកម្មមានបញ្ហា ឆន្ទះនេះសំខាន់ណាស់ ។
៦-អ្នកមានចក្ខុវិស័យវែងឆ្ងាយ
បុគ្គលដែលមានចក្ខុវិស័យ គឺជាអ្នកដែលអាចទទួលស្គាល់តម្លៃនៃគំនិតថ្មីៗ ឬនិន្នាការអាជីវកម្ម ហើយអ្នកនោះរមែងនាំឲ្យយើងក្លាយជាចលករយ៉ាងសកម្មនៅក្នុងការវិនិយោគ ។ បុគ្គលទាំងនោះអាចផ្តល់អាទិភាពជាគំនិត និងរៀបចំផែនការយុទ្ធសាស្ត្រដើម្បីជោគជ័យ។ បុគ្គលនេះ នឹងមានសមត្ថភាពក្នុងការស្តាប់នូវគំនិតមួយ ហើយប្រាប់អ្នកភ្លាមៗនូវជំហានបន្ទាប់ ដែលចាំបាច់ត្រូវអនុវត្តដើម្បីអោយអាជីវកម្មដំណើរការ។
៧-អ្នកដែលហ៊ានប្រឈមមុខជាមួយបញ្ហា
អ្នកដោះស្រាយបញ្ហាល្អ គឺជាអ្នកដែលអាចជួយសន្សំសំចៃពេលវេលា និងថវិកាអាជីវកម្មរបស់អ្នក ដោយចង្អុលបង្ហាញពីបញ្ហា និងកែលម្អដំណើរការអាជីវកម្មថ្មី មុនពេលពួកគេត្រូវបានអនុវត្ត ។ ការមានសមត្ថភាពក្នុងការប្រកួតប្រជែងគំនិតដែលកំពុងពិភាក្សាគឺមានសារសំខាន់ ដូច្នេះ អ្នកដោះស្រាយបញ្ហាដ៏ល្អនឹងអាចដើរតួជាអ្នកតស៊ូមតិ ដើម្បីបំបែកចំណុចខ្សោយនៃអាជីវកម្ម ។ បុគ្គលប្រភេទនេះក៏នឹងអាចការពារអាជីវកម្មរបស់អ្នកដោយយកចិត្តទុកដាក់ផងដែរ។
៨-ការចែកភាគលាភ
មុនពេលដែលអ្នកចាប់ដៃគូអាជីវកម្ម អ្នកត្រូវត្រៀមខ្លួនដើម្បីចែករំលែកភាពជាម្ចាស់នៃក្រុមហ៊ុនរបស់អ្នក។ មិនថា អ្នកផ្អែកលើចំនួនម៉ោង ដែលពួកគេនឹងចូលរួមចំណែក ឬចំនួនប្រាក់ដែលពួកគេនឹងដាក់ទុនទៅក្នុងអាជីវកម្មនោះទេ អ្នកត្រូវមានគំនិតខ្លះអំពីរបៀបដែលអ្នកនឹងចែករំលែកអាជីវកម្មរបស់អ្នកជាមួយដៃគូថរបស់អ្នក ។ អ្នកអាចបែងចែកប្រាក់ចំណេញអាជីវកម្មតាមមធ្យោ បាយណាមួយដែលអ្នកចង់បាន ដរាបណាដៃគូរបស់អ្នកយល់ព្រម។ ទោះជាយ៉ាងណាក៏ដោយ វាជាការល្អបំផុតក្នុងការសម្រេចចិត្តលើរចនាសម្ព័ន្ធអាជីវកម្មផ្លូវការជាមួយដៃគូរបស់អ្នកជាមុនសិន មុននឹងធ្វើការសម្រេចចិត្តនោះ។
៩-កិច្ចព្រមព្រៀង
អ្នកគួរតែត្រៀមខ្លួនជាលាយលក្ខណ៍អក្សរ ទោះបីជាកិច្ចព្រមព្រៀងជាលាយលក្ខណ៍អក្សរ និង ចុះ ហត្ថលេខាមិនមែនជាតម្រូវការផ្លូវច្បាប់សម្រាប់ដៃគូក៏ដោយ។ កិច្ចព្រមព្រៀងជាឯកសារ ដែលអាចការពារផលប្រយោជន៍របស់ភាគីទាំងអស់ដែលពាក់ព័ន្ធសម្រាប់ជីវិតអាជីវកម្មរបស់អ្នក ។
១០-ការប្រឹក្សាយោបល់
ដើម្បីស្វែងរកដៃគូអាជីវកម្មដែលមានសក្តានុពល សូមពិភាក្សាជាមួយគណនេយ្យករ មេធាវី ឬធនាគារិករបស់អ្នក។ ទាំងនេះគឺជាមនុស្សដែលមានបណ្តាញធំទូលាយ ហើយជាទូទៅចង់ឃើញអាជីវកម្មរបស់អ្នកជោគជ័យ។ ដូច្នេះ ពួកគេនឹងណែនាំមនុស្សល្អៗ។ អ្នកក៏អាចនិយាយជាមួយមនុស្សនៅក្នុងសមាគមពាណិជ្ជកម្ម សភាពាណិជ្ជកម្ម និងអ្នកបង្កើតអាជីវកម្ម ដើម្បីស្វែងរកមនុស្សដែលមានគំនិតដូចគ្នា ដែលអាចបង្កើតដៃគូអាជីវកម្មដែលមានសក្តានុពលល្អ ។
ចែករំលែកព័តមាននេះ