ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ប្រធាន​សមាគម​សណ្ឋាគារ​កម្ពុជា​ លើកទឹកចិត្ត​យុវជន​ចូលរួម​ហាត់​ការ​ ដើម្បី​ទទួល​បាន​បទ​ពិសោធ​ការងារ

1 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានីភ្នំពេញ ៖ ប្រធាន​សមាគម​សណ្ឋាគារ​កម្ពុជា លោក ឌិន សុមេធា​រិ​ទ្ឋ បាន​លើកទឹកចិត្ត​ដល់​យុវជន​ចូលរួម​ហាត់​ការ​តាម​បណ្តា​ក្រុមហ៊ុន សហគ្រាស ក្នុង​គោលបំណង​ ដើម្បី​ទទួល​បាន​បទ​ពិសោធ​ជាក់ស្តែង​ទាំង​ចំណេះដឹង…

រាជធានីភ្នំពេញ ៖ ប្រធាន​សមាគម​សណ្ឋាគារ​កម្ពុជា លោក ឌិន សុមេធា​រិ​ទ្ឋ បាន​លើកទឹកចិត្ត​ដល់​យុវជន​ចូលរួម​ហាត់​ការ​តាម​បណ្តា​ក្រុមហ៊ុន សហគ្រាស ក្នុង​គោលបំណង​ ដើម្បី​ទទួល​បាន​បទ​ពិសោធ​ជាក់ស្តែង​ទាំង​ចំណេះដឹង និង​ចំណេះធ្វើ​ មុន​នឹង​ឈាន​ឆ្ពោះ​ទទួល​បានការ​ងារ​ធ្វើ​នា​ពេល​អនាគត ​។

ការ​លើកទឹកចិត្ត​របស់​លោក​យ៉ាង​ដូច្នេះ ស្រប​ពេល​ដែល​រាជរដ្ឋាភិបាល​កំពុង​ដាក់​អនុវត្ត​កម្មវិធី​បណ្តុះបណ្តាល​ជំនាញ​វិជ្ជាជីវៈ និង​បច្ចេកទេសដល់​ក្រុម​គោលដៅយុវជនមក​ពី​គ្រួសារ​ក្រីក្រ និង​គ្រួសារ​ងាយ​រង​ហានិភ័យនៅ​ទូ​ទាំង​ប្រទេស ចំនួន ១,៥ លាននាក់ ហើយ​ក្រសួង​ការងារ និងបណ្តុះបណ្តាល​វិជ្ជាជីវៈ​ក៏​បាន​ជំរុញ​ក្រុមហ៊ុន សហគ្រាស សមាគម​ក្នុង​ការ​ផ្តល់​ឱកាស​ហាត់​ការ និង​កម្មសិក្សា​ដល់​សិស្ស​ដែល​នឹង​ចូល​រៀន​ក្នុង​វគ្គ​បណ្ដុះបណ្ដាល​នេះ​ផង​ដែរ​ ។

លោក ឌិន សុមេធា​រិ​ទ្ឋ បាន​លើក​ឡើង​ថា ការ​ហាត់​ការ​ គឺ​មាន​សារៈសំខាន់​ណាស់​ទាំង​ចំណេះដឹង និងចំណេះធ្វើ ដើម្បី​ឈាន​ទៅ​រក​ការងារ​ជាក់ស្តែង​ឲ្យ​ពួក​គាត់​យល់​ចំពោះ​ការ​អនុវត្ត​ការងារ​ផ្ទាល់ ​។ ជាមួយ​គ្នា​នេះ លោក​បាន​បង្ហាញ​សុទិដ្ឋិនិយម​ថា សមាគម​ដែល​បាន​ចុះ​អនុស្សរណៈ​នៃ​ការ​យោគយល់​គ្នា ( MoU) ជាមួយ​ក្រសួង​ការងារ​និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ គឺជា​ការ​ផ្តល់​ឱកាស​ដល់​ប្អូន​ៗ​ដែល​បាន​រៀនសូត្រ​ក្នុង​កម្មវិធី​នេះ​ដើម្បី​បញ្ចេញ​សមត្ថភាព​ឲ្យ​ក្រុមហ៊ុន​ទាំង​អស់នោះ​បាន​ស្គាល់​សមត្ថភាព ចំណេះ​ជំនាញ​ពួក​គេ​ ។

លោក​មាន​ប្រសាសន៍​ថា ​៖ «ការ​ផ្តល់​ឱកាស​ឲ្យ​គាត់​ហាត់​ការ​ហ្នឹង ជា​ពេលវេលា​មួយ​ដល់​ល្អ​សម្រាប់​ឲ្យ​ភាគី​ទាំង​ពីរ​បាន​យល់ចិត្ត​គ្នា បាន​ស្គាល់គ្នា ពិសេស​បាន​ផ្តល់​ឱកាស​ការងារ​ឲ្យ​អ្នក​ហាត់​ការ​ហ្នឹង​ទទួល​បាន​ចំណេះដឹង ចំណេះធ្វើ ឲ្យ​ពួក​គាត​អនុវត្ត​ផ្ទាល់ តើ​ការងារ​ក្តៅ ត្រជាក់​យ៉ាងណា​ចំពោះ​ការ​អនុវត្ត​ជាក់ស្តែង​» ​។

បន្ថែម​លើស​នេះ លោក សុមេធា​រិ​ទ្ឋ​ ក៏​បាន​គាំទ្រ​ប្រសាសន៍​សម្តេច​បវរ​ធិ​បតី ហ៊ុន ម៉ា​ណែ​ត នាយក​រដ្ឋមន្ត្រី​កម្ពុជា​បាន​ដាក់​ចេញ​នូវ​គោលដៅ​នៃ​ការ​បណ្តុះបណ្តាល​ជំនាញ​វិជ្ជាជីវៈ​នេះ ដោយ​ផ្តោត​សំខាន់​លើ​គោលការណ៍ «​ឱ្យ​ចប់ ឱ្យ​ចេះ និង​ឱ្យ​មានការ​ងារ​» ក្នុង​គោលបំណង​ដើម្បី​ឲ្យ​កម្មវិធី​នេះ​ទទួល​បាន​ប្រ​សិ​ទ្ឋ​ភាព ​។

សូម​ជម្រាប​ថា កាលពី​ថ្ងៃ​ទី​ ១១ ខែវិច្ឆិកា ក្រសួង​ការងារ និងបណ្តុះ​ណ្តា​ល​វិជ្ជាជីវៈ​បាន​ចុះ​អនុស្សរណៈ​នៃ​ការ​យោគយល់​គ្នា ជាមួយ​សភាពាណិជ្ជកម្ម​កម្ពុជា និង​សមាគម​និយោជក ចំនួន ១៧ ស្តី​ពី​កិច្ច​សហប្រតិបត្តិការ​លើ​ការ​ហាត់​ការ និង​កម្មសិក្សា​ដើម្បី​គាំទ្រ​ដល់​ការ​បណ្តុះបណ្តាល​ជំនាញ​វិជ្ជាជីវៈ និង​បច្ចេកទេស ​។

ក្រសួង​ការងារ និង បណ្តុះ​ណ្តា​ល​វិជ្ជាជីវៈ​ក៏​បាន​ចាត់​ទុក​ថា​នេះ​ជា​កិច្ច​សហប្រតិបត្តិការ​បើកផ្លូវ​ដើម្បី​ផ្សារ​ភ្ជាប់​ទ្រឹស្តី​ជាមួយនឹង​ការ​អនុវត្ត​ក្នុង​ការ​ចូលរួម​ចំណែក ជួយ​កសាង អភិវឌ្ឍ និង​ពង្រឹង​ធនធានមនុស្ស​នៅ​កម្ពុជា និង​អាច​ឱ្យ​ម្ចាស់​រោងចក្រ សហគ្រាស និង​ក្រុមហ៊ុន​ឯកជន​នានា​ជ្រើសរើស​ក្នុង​ចំណោម​អ្នក​ហាត់​ការ​ដែល​ស្គាល់ និង​យល់​ដឹង​អំពី​កន្លែង​ការងារ​ស្រាប់ ធ្វើ​ជា​កម្មករនិយោជិត និង​បុគ្គលិក​របស់​ខ្លួន​តែ​ម្តង​ ៕​ អត្ថបទសហការ