ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អាថ៌​កំបាំង​នៅ​ពី​ក្រោយ​ការ​ចរ​ចា​រ​វាង​អ៊ីស្រាអែល និង​ក្រុម​ហាម៉ាស់

1 ឆ្នាំ មុន

ហ្កាហ្សា​៖ ក្រោយ​ពេល​​​ពួក​ហាម៉ាស់​ចាប់​​ពង្រត់​​​ចំណាប់​ខ្មាំង​ជា​ច្រើន​នាក់​កាល​ពី​​ថ្ងៃ​ទី៧ ខែតុលា ​​​ប្រទេស​កាតា​ក៏​ប្រញាប់​​ទាក់​ទង់​​ជា​មួយ​សេតវិមាន​ដោយ​មាន​សំណើ​មួយ​នៅ​ក្នុង​ដៃ​ «​​បង្កើត​ក្រុម​​ប្រឹក្សា​យោបល់​ដើម្បី​​រំដោះ​ចំណាប់​ខ្មាំង​ត្រឡប់​មក​វិញ​ដោយ​សុវត្ថិ​ភាព»​​។​ ​ផែន​ការ​​នេះ​រៀប​ចំ​​ឡើង​​​ត្រឹម​តែ​ប៉ុន្មាន​ថ្ងៃ​​ប៉ុណ្ណោះ​ក្រោយ​ការ​ចាប់​ពង្រត់​ចំណាប់​ខ្មាំង។ ​​​​ប្រទេស​កាតា និង​អេហ្ស៊ីប​ដើរ​តួ​ជា​អ្នក​សម្រុះ​សម្រួល​​​រហូត​ដល់​​អ៊ីស្រាអែល, ហាម៉ាស់​ និង​អាមេរិក​​និយាយ​ត្រូវ​រ៉ូវ​គ្នា​​។…

ហ្កាហ្សា​៖ ក្រោយ​ពេល​​​ពួក​ហាម៉ាស់​ចាប់​​ពង្រត់​​​ចំណាប់​ខ្មាំង​ជា​ច្រើន​នាក់​កាល​ពី​​ថ្ងៃ​ទី៧ ខែតុលា ​​​ប្រទេស​កាតា​ក៏​ប្រញាប់​​ទាក់​ទង់​​ជា​មួយ​សេតវិមាន​ដោយ​មាន​សំណើ​មួយ​នៅ​ក្នុង​ដៃ​ «​​បង្កើត​ក្រុម​​ប្រឹក្សា​យោបល់​ដើម្បី​​រំដោះ​ចំណាប់​ខ្មាំង​ត្រឡប់​មក​វិញ​ដោយ​សុវត្ថិ​ភាព»​​។​ ​ផែន​ការ​​នេះ​រៀប​ចំ​​ឡើង​​​ត្រឹម​តែ​ប៉ុន្មាន​ថ្ងៃ​​ប៉ុណ្ណោះ​ក្រោយ​ការ​ចាប់​ពង្រត់​ចំណាប់​ខ្មាំង។ ​​​​ប្រទេស​កាតា និង​អេហ្ស៊ីប​ដើរ​តួ​ជា​អ្នក​សម្រុះ​សម្រួល​​​រហូត​ដល់​​អ៊ីស្រាអែល, ហាម៉ាស់​ និង​អាមេរិក​​និយាយ​ត្រូវ​រ៉ូវ​គ្នា​​។

​ទម្រាំ​ឈាន​ដល់​ការ​ស្រុះ​ស្រួល​គ្នា​នេះ មាន​កិច្ច​ខិត​ខំ​ប្រឹង​ប្រែង និង​ការ​ចរ​ចា​គ្នា​យ៉ាង​ដុត​ដៃ​ដុត​​ជើង​​​។ លោក​បៃដិន​និយាយ​ទូរ​ស័ព្ទ​ជា​ច្រើន​ដង​​ជា​មួយ​ព្រះ​មហាក្សត្រ​ប្រទេស​កាតា និង​នាយក​រដ្ឋ​មន្ត្រី​អ៊ីស្រាអែល​​។ ចំណែក​មន្ត្រី​ថ្នាក់​ក្រោម​ៗ​ក៏​ខិត​ខំ​​​ចរ​ចា​គ្នា​យ៉ាង​ស្វិត​ស្វាញ។ ជា​ពិសេស​​រដ្ឋ​មន្ត្រី​ការ​បរទេស​អាមេរិក​ ប្រធាន​ស៊ើប​ការ​ណ៍​សម្ងាត់​ស៊ីអាយ​អេ (CIA) ទី​ប្រឹក្សា​សន្តិ​សុខ​ជាតិ​អាមេរិក​ ឧប​ការី​របស់​គាត់ ប្រេសិត​ពិសេស​​​ទទួល​បន្ទុក​កិច្ច​ការ​មជ្ឈិម​បូព៌ា​ និង​ភាគី​​​ដទៃ​ទៀត​។​

មន្ត្រី​២​នាក់​ដែល​ចូល​រួម​​​ការ​ចរចា​​​បាន​​ផ្ដល់​សេចក្ដី​លម្អិត​អំពី​បេស​កម្ម​លើក​នេះ​​ចាប់​តាំង​ពី​ការ​ចាប់​ផ្ដើម​រហូត​ដល់​​កិច្ច​ព្រម​ព្រៀង​​។ ហាម៉ាស់​យល់​ព្រម​ដោះ​លែង​ចំណាប់​ខ្មាំង​៥០​នាក់​ជា​ស្ត្រី និង​កុមារ​។ ​អ៊ីស្រាអែល​យល់​ព្រម​ដោះ​លែង​​អ្នក​ទោស​ប៉ាឡេស្ទីន​​ជាប់​ឃុំ​នៅ​អ៊ីស្រាអែល​ និង​ផ្អាក​បាញ់​គ្នា​៤​ថ្ងៃ​ដើម្បី​ឱ្យ​​ទី​ភ្នាក់​​ងារ​មនុស្ស​ធម៌​​​ដឹក​ជញ្ជូន​​ជំនួយ​ចូល​តំបន់​ហ្កាហ្សា​។​

ថ្ងៃ​ទី​១៣ ខែ​តុលា លោក​បៃដិន​​ជួប​សំណេះ​សំណាល​ជាមួយ​​ក្រុម​គ្រួសារ​ចំណាប់​ខ្មាំង​ជន​ជាតិ​អាមេរិក។​ ពេល​នោះ លោក​យល់​អំពី​អារម្មណ៍​ទុក្ខ​ព្រួយ​របស់​ពួកគេ​​។​​ លោក​​ក៏​​ធ្វើ​ដំណើរ​​​ទៅ​ទី​ក្រុង​តែឡាវីវ (Tel Aviv) ដើម្បី​និយាយ​គ្នា​ជា​មួយ​ប្រមុខ​ដឹកនាំ​អ៊ីស្រាអែល លោក​ណឺតាន់​យ៉ាហ៊ូ​ដោយ​​​​ផ្ដោត​សំខាន់​ទៅ​លើ​ការ​ដោះ​លែង​ចំណាប់​ខ្មាំង​​​។ កន្លង​ផុត​ទៅ​៥​ថ្ងៃ ​នៅ​ថ្ងៃ​ទី​២៣ ខែ​តុលា ការ​ចរចា​គ្នា​សម្រេច​បាន​ផ្លែ​ផ្កា​ជា​បណ្ដើរ​ៗ​។ ក្រុម​ហាម៉ាស់ដោះ​លែង​ចំណាប់​ខ្មាំង​ជន​ជាតិ​អាមេរិក​២​នាក់​​។

នេះ​ជា​​ការ​​បង្ហាញ​​​​ថា​អាច​នឹង​មាន​ការ​ដោះ​លែង​​​ចំណាប់​ខ្មាំង​ដទៃ​ទៀត​។​ ​អ្វី​ដែល​​សំខាន់​​ត្រូវ​ខិត​ខំ​​ចរ​ចា​គ្នា​​​ឱ្យ​អស់​ពី​លទ្ធ​ភាព​។ ​លោក​បៃដិន​យល់​ថា​​ប្រទេស​កាតា​អាច​យក​ជា​មុខ​ជា​មាត់​បាន​នៅ​ក្នុង​ការ​​សម្រុះ​​សម្រួល​។​ ឥឡូវ​នេះ ​​ប្រធាន​ស៊ីអាយ​អេ​កំពុង​ទាក់​ទង​​ទៅ​​ប្រធាន​ក្រុម​ស៊ើប​ការណ៍​ម៉ូសាត​ (Mossad) របស់​អ៊ីស្រាអែល​។ លោក​បៃដិន​ចង់​ឃើញ​ការ​​​​ដោះ​លែង​ចំណាប់​ខ្មាំង​ ហើយ​​មាន​តែ​ការ​​​ដូរ​ចំណាប់​ខ្មាំង និង​អ្នក​ទោស​​គ្នា​តែ​ប៉ុណ្ណោះ​​ទើប​អាច​​ឈាន​ដល់​ការ​ឈប់​បាញ់​គ្នា​​។​

​អ៊ីស្រាអែល​​​ចង់​​វាយ​ប្រហារ​​​ជើង​គោក​​ទៅ​លើ​​​ទីតាំង​​របស់​ក្រុម​ហាម៉ាស់​​តាំង​ពី​ថ្ងៃ​ទី​២៤ ខែ​តុលា​។ ប៉ុន្តែ​អាមេរិក​​ប្រាប់​ឱ្យ​ផ្អាក​សកម្ម​ភាព​សិន​ព្រោះ​​ក្រុម​ហាម៉ាស់​​​​មានគ​​​ម្រោង​ដោះ​លែង​​ចំណាប់​ខ្មាំង​​​។ ​ដូច្នេះ​​ទោះ​​​បី​ចង់​ ឬ​មិន​ចង់​ អ៊ីស្រាអែល​ត្រូវ​តែ​បន្ធូរ​ដៃ​បន្តិច​សិន​។ ​​ហាម៉ាស់​​ប្រាប់​ថា​ពួកគេ​មិន​​អាច​ធានា​អាយុ​ជីវិត​របស់​ចំណាប់​ខ្មាំង​ទេ​បើ​អ៊ីស្រាអែល​មិន​ព្រម​ផ្អាក​បាញ់​គ្នា​​។​

ពាក្យ​សម្ដី​នេះ​ធ្វើ​ឱ្យ​​អាមេរិក​យល់​ថា​វា​​ជា​សញ្ញា​គ្រោះ​ថ្នាក់​ដែល​គេ​មិ​នអាច​មើល​ស្រាល​បាន​ឡើយ​។ អ៊ីស្រាអែល​យល់​ព្រម​វាយ​ប្រហារ​ល្មម​ៗ​បើ​ភាគី​ទាំង​២​យល់​ព្រម​ទទួល​យក​លក្ខ​ខណ្ឌ​ទៅ​វិញ​ទៅ​មក​។​ ការ​ចរ​ចា​គ្នា​នេះ​មិន​មែន​ងាយ​ស្រួល​ប៉ុន្មាន​ទេ​ព្រោះ​មិន​មែន​ជា​ការ​ទាក់​ទង​គ្នា​ដោយ​ផ្ទាល់​។ គេ​ត្រូវ​ប្រើ​ប្រាស់​អន្តរ​ការី​ដូច​ជា​ប្រទេស​កាតា និង​អេហ្ស៊ីប​ដើម្បី​នាំ​សារ​ទៅ​តំបន់​ហ្កាហ្សា​ និង​នាំត្រឡប់​មក​វិញ​។ ពេល​ខ្លះ​ លោក​បៃដិន​​​ទាក់​ទង​តាម​ទូរស័ព្ទ​​ដោយ​ផ្ទាល់​ទៅ​នាយក​រដ្ឋ​មន្ត្រី​កាតា​។

ថ្ងៃ​ទី​៩ ខែ​វិច្ឆិកា ប្រធាន​​ស៊ីអាយ​អេ​ជួប​​ប្រធាន​​ម៉ូសាត និង​ថ្នាក់​ដឹកនាំ​កាតា​នៅ​ទី​ក្រុង​ដូហា (Doha)​ ដើម្បី​រៀប​ចំ​កិច្ច​ព្រម​ព្រៀង​ឈប់​បាញ់​គ្នា​។​បញ្ហា​ប្រទាំង​ប្រទើស​គ្នា​​ចុង​ក្រោយ​នៅ​ត្រង់​ថា​អាមេរិក និង​អ៊ីស្រាអែល​ទាម​ទារ​ឱ្យ​ហាម៉ាស់​ធ្វើ​បញ្ជី​ឈ្មោះ​ និង​បញ្ជាក់​អត្ត​សញ្ញាណ​ឱ្យ​បាន​ច្បាស់​នូវ​ចំណាប់​ខ្មាំង​ដែល​ត្រូវ​ដោះ​លែង​ទាំង​៥០​នាក់​​​។ ​ក្រុម​ហាម៉ាស់​ព្រម​ធ្វើ​តាម​។ ​ថ្ងៃ​ទី​១៤ ខែ​វិច្ឆិកា លោក​បៃដិន​ហៅ​ទូរស័ព្ទ​ទៅ​លោក​ណឺតាន់​យ៉ាហ៊ូ​ដើម្បី​​ទទួល​យក​កិច្ច​ព្រម​ព្រៀង​។ លោក​ណឺតាន់​យ៉ាហ៊ូ​ក៏​ព្រម​ធ្វើ​តាម​៕​

ប្រភព៖ ​Channel News Asia
https://www.channelnewsasia.com/world/israel-hamas-hostage-deal-secret-negotiations-gaza-us-qatar-egypt-3938586

ប្រធាន​ក្រុម​ហាម៉ាស់​ (រូប​ឆ្វេង)
ប្រធាន​ក្រុម​ហាម៉ាស់​ (រូប​ឆ្វេង)
ចំណាប់​ខ្មាំង​ដែល​ក្រុម​ហាម៉ាស់​ធ្លាប់​ដោះ​លែង​កន្លង​មក​
អ្នក​នាំ​ពាក្យ​ក្រុម​ហាម៉ាស់

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ