ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អាជ្ញាធរ​ខណ្ឌ រុះរើ​តូប​លក់ដូរ​ជាប់​របង​មន្ទីរពេទ្យ​លោកសង្ឃ បន្ទាប់​ពី​ធ្វើ​ជួល​ឱ្យ​អាជីវករ

1 ឆ្នាំ មុន
  • ភ្នំពេញ

តូប​លក់ដូរ​នៅ​តាម​ដងផ្លូវ​លេខ​១៥០ ជាប់​របង​មន្ទីរពេទ្យ​មិត្តភាព​កម្ពុជា​-​ចិន​ព្រះ​កុសុៈមៈ ហៅ​មន្ទីរពេទ្យ​លោកសង្ឃ ត្រូវ​បាន​អាជ្ញាធរ​ខណ្ឌទួលគោក ចុះ​ទៅ​រុះរើ​កាលពី​ព្រឹក​ថ្ងៃ​ទី​១៦ ខែវិច្ឆិកា ឆ្នាំ​២០២៣ ដើម្បី​រៀបចំ​សណ្តាប់ធ្នាប់​នៅ​ជុំវិញ​មន្ទីរពេទ្យ បន្ទាប់​ពី​

រាជធានី​ភ្នំពេញ ៖ តូប​លក់ដូរ​នៅ​តាម​ដងផ្លូវ​លេខ​១៥០ ជាប់​របង​មន្ទីរពេទ្យ​មិត្តភាព​កម្ពុជា​-​ចិន​ព្រះ​កុសុមៈ ហៅ​មន្ទីរពេទ្យ​លោកសង្ឃ ត្រូវ​បាន​អាជ្ញាធរ​ខណ្ឌទួលគោក ចុះ​ទៅ​រុះរើ​កាលពី​ព្រឹក​ថ្ងៃ​ទី​១៦ ខែវិច្ឆិកា ឆ្នាំ​២០២៣ ដើម្បី​រៀបចំ​សណ្តាប់ធ្នាប់​នៅ​ជុំវិញ​មន្ទីរពេទ្យ បន្ទាប់​ពី​ធ្វើ​ជួល​ឱ្យ​អាជីវករ​លក់ដូរ​បាន​តែ​ប៉ុន្មាន​ខែ ។

ការ​រុះរើ​តូប​លក់ដូរ​ខាងលើ​នេះ ត្រូវ​បាន​គេ​ដឹង​ថា ធ្វើ​ទៅ​តាម​បទបញ្ជា​ពី​លោក ឃួ​ង ស្រេង អភិបាល​រាជធានី​ភ្នំពេញ បន្ទាប់​ពី​មាន​ទំនាស់​គ្នា​រឿង​ផលប្រយោជន៍ ហើយ​មន្ទីរពេទ្យ​បាន​ធ្វើ​សំណើរ​ទៅ​រដ្ឋ​បាល​រាជធានី​ភ្នំពេញ​។

តាម​អាជ្ញាធរ​ខណ្ឌ ដែល​បាន​ចុះ​ទៅ​រុះ​រើស បាន​ប្រាប់​ឱ្យ​ដឹង​ថា តូប​ចំនួន​៦ ដែល​មិន​មាន​អ្នក​លក់​ដូរ​ត្រូវ​បាន​អាជ្ញាធរ​រុះរើ ជា​ជំហាន​ដំបូង​នៅ​ព្រឹក​នេះ និង​ប្រមាណ​ជាង​៤០​តូប​ទៀត ដែល​កំពុង​តែ​លក់ដូរ ដោយ​ទុក​រយៈពេល​១​ស​ប្តា​ហ៍ ដើម្បី​អោយ​រុះរើ​ចេញពី​របង​មន្ទីរពេទ្យ​មិត្តភាព កម្ពុជា​-​ចិន​ព្រះ​កុសុមៈ​។

ទោះបីជា​យ៉ាងណា អាជីវករ​មានការ​មិន​ពេញចិត្ត​ចំពោះ​ប្រធាន​មន្ទីរពេទ្យ ដោយ​អះអាង​ថា នឹង​រួម​គ្នា​ផ្តិត​មេដៃ​ប្តឹង ព្រោះ​តូប​នេះ ត្រូវ​បាន​ពួក​គាត់​ជួល​ពី​មន្ទីរពេទ្យ​ក្នុង​តម្លៃ​មួយ​ខែ​ចំនួន​១៥០​ដុល្លារ និង​ទឹក​មួយ​ខែ​១០​ម៉ឺន​រៀល និង​ភ្លើង​មួយ​ខែ​១០​ម៉ឺន ស្រាប់តែ​ពេល​នេះ​ខាង​មន្ទីរពេទ្យ​ស្នើ​ទៅ​រដ្ឋ​បាល​រាជធានី​ភ្នំពេញ ដើម្បី​មាន​វិធានការ​រុះរើ​ទៅ​វិញ​។

គួរ​បញ្ជាក់​ថា ទីតាំង​តូប​លក់ដូរ​នេះ ស្ថិត​នៅ​ចិញ្ចើម​ផ្លូវ​លេខ​១៥០ ជាប់​របង​ខាងត្បូង​មន្ទីរពេទ្យ​មិត្ត​ភាព​កម្ពុជា​-​ចិន ព្រះ​កុសុមៈ ស្ថិត​ក្នុង​សង្កាត់​ទឹកល្អក់​ទី​២ ខណ្ឌទួលគោក រាជធានី​ភ្នំពេញ​។

តាម​ព័ត៌មាន បានអោយ​ដឹង​ថា ដើម​ឡើយ​តូប​នោះ គឺជា​ឃ្លាំង​ដាក់​សម្ភារៈ​ចាស់​ៗ​របស់​មន្ទីរពេទ្យ ។ បន្ទាប់​ពី​មន្ទីរពេទ្យ​ស្ថាបនា​រួច​កាលពីដើម​ឆ្នាំ​២០២៣ ក៏​បាន​សហការ​ជាមួយ​អាជ្ញាធរ​រៀបចំ​ធ្វើ​ជា​តូប​ជួល ក្នុង​គោលបំណង​រៀបចំ​សណ្តាប់ធ្នាប់​មិន​អោយ​មានការ​លក់ដូរ​អនាធិបតេយ្យ​តាម​ដងផ្លូវ។

តាម​ព័ត៌មាន​ដដែល​ទម្លាយ​អោយ​ដឹង​ទៀត​ថា នៅ​ក្នុង​ដំណើរការ​ជួល​តូប ប្រាក់​ដែល​បាន​ពី​ថ្លៃ​តូប​ទំនងជា​យក​ទៅ​ចែក​គ្នា ហើយ​មាន​អ្នកខ្លះ​ពី​មុន​ធ្លាប់​បាន​ហើយ ក្រោយ​អត់​បាន ក៏​រាយការណ៍​ទៅ​សាលា​រាជធានី​ភ្នំពេញ ដើម្បី​មាន​វិធានការ​រុះរើ​តែ​ម្តង​។ ទោះបីជា​យ៉ាងណា កោះសន្តិភាព​ពុំ​ទាន់​ទទួល​​បានការ​បំភ្លឺ​ណាមួយ​ពី​នាយក​មន្ទីរពេទ្យ​ឡើយ​។

ព័ត៌មាន​បន្ថែម​នឹង​មាន​ផ្សាយ​ជូន​នៅ​លើ​កាសែត​កោះសន្តិភាព​។

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ