ប៉េកាំង៖ រដ្ឋាភិបាលកម្ពុជា-ចិន បានចុះអនុស្សរណៈនៃការយោគយល់គ្នា និងកិច្ចព្រមព្រៀង រវាងរាជរដ្ឋាភិបាលទាំងពីរ លើឯកសារសំខាន់ៗមួយចំនួន ៨ លើគម្រោងផែនការកិច្ចសហប្រតិបត្តិការទ្វេភាគី ដើម្បីរួមគ្នាកសាងខ្សែក្រវាត់សេដ្ឋកិច្ចផ្លូវ សូត្រ និងផ្លូវសូត្រសមុទ្រសតវត្សរ៍ទី២១ កិច្ចសហប្រតិបត្តិការវិនិយោគលើការអភិវឌ្ឍបៃតង និងកាបូនទាប ជាដើម។ ពិធីចុះហត្ថលេខានេះធ្វើឡើងក្រោមអធិបតីភាពសម្ដេចនាយករដ្ឋមន្រ្តី ហ៊ុន ម៉ាណែត និងលោក លី ឈាង នាយករដ្ឋមន្រ្តីចិន នាទីក្រុងប៉េកាំង នៅថ្ងៃទី១៧ តុលា ឆ្នាំ២០២៣។
យោងតាមសម្តេចធិបតី ហ៊ុន ម៉ាណែត ដែលបានបង្ហោះរូបភាព និងខ្លឹមសារនៃពិធីចុះហត្ថលេខាលើបណ្តាញសង្គម បានឱ្យដឹងថា ប្រទេសកម្ពុជានិងចិនបាន ចុះអនុស្សរណៈនៃការយោគយល់គ្នា និងកិច្ចព្រមព្រៀង រវាងរាជរដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជា និងរដ្ឋាភិបាលនៃសាធារណរដ្ឋប្រជាមានិតចិន លើឯកសារសំខាន់ៗមួយចំនួនដូចខាងក្រោម៖
១ – អនុស្សរណៈនៃការយោគយល់គ្នាស្តីពីការរួម គ្នាជំរុញគម្រោងគន្លឹះវង់ទី៣ សម្រាប់កិច្ច សហប្រតិបត្តិការសមត្ថភាពផលិត និងការ វិនិយោគ កម្ពុជា-ចិន
២ – អនុស្សរណៈនៃការយោគយល់គ្នា ស្តីពីការ បង្កើតយន្តការការងារសម្រាប់ការអនុវត្ត គម្រោងផែនការកិច្ចសហប្រតិបត្តិការទ្វេភាគី ដើម្បីរួមគ្នាកសាងខ្សែក្រវាត់សេដ្ឋកិច្ចផ្លូវ សូត្រ និងផ្លូវសូត្រសមុទ្រសតវត្សរ៍ទី២១
៣ – អនុស្សរណៈនៃការយោគយល់គ្នា ស្តីពីកិច្ចសហប្រតិបត្តិការវិនិយោគលើការអភិវឌ្ឍបៃតង និងកាបូនទាប
៤ – កិច្ចព្រមព្រៀងឥណទានសម្បទានសម្រាប់ ហិរញ្ញប្បទានលើគម្រោងសាងសង់ខ្សែបញ្ជូនអគ្គិសនីជនបទ ដំណាក់កាលទី៨
៥ – លិខិតប្តូរសារសម្រាប់ការសិក្សាសមិទ្ធិលទ្ធភាពគម្រោងជួសជុលប្រាសាទព្រះវិហារ ក្នុងក្របខ័ណ្ឌហិរញ្ញប្បទានឥតសំណងពីរដ្ឋាភិបាលចិន
៦ – កំណត់ហេតុនៃកិច្ចប្រជុំ ស្តីពីការសិក្សា សមិទ្ធិលទ្ធភាពនៅលើទីតាំងរបស់គម្រោងផ្លូវជនបទ ជំហាន៣ នៅព្រះរាជាណាចក្រកម្ពុជា ក្នុងក្របខ័ណ្ឌហិរញ្ញប្បទានឥតសំណងពីរដ្ឋាភិបាល នៃសាធារណរដ្ឋប្រជាមានិតចិន។
៧ – អនុស្សរណៈនៃការយោគយល់ ស្តីពីការ បង្កើតយន្តការកិច្ចសហប្រតិបត្តិការផ្លូវរថភ្លើង កម្ពុជា-ចិន ។
៨ – អនុស្សរណៈនៃការយោគយល់គ្នា ស្តីពី កិច្ចសហប្រតិបត្តិការរួមគា្នក្នុងការសាងសង់ សួនឧស្សាហកម្មចិន-កម្ពុជា រវាង ក្រសួងពាណិជ្ជកម្មនៃព្រះរាជាណាចក្រកម្ពុជា និង អាជ្ញាធរតំបន់ស្វយ័តជនជាតិជាំងក្វាងស៊ី នៃសាធារណរដ្ឋប្រជាមានិតចិន៕
ចែករំលែកព័តមាននេះ