ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ឆ្នាំ ២០៣០ ខេត្តសៀមរាប ​នឹង​មានទឹក​ស្អាត​ប្រើប្រាស់ ១០០ ភាគរយ ខណៈបច្ចុប្បន្នទឹកចេញពីក្បាលរ៉ូមីណេ អាចទទួលទានបាន

1 ឆ្នាំ មុន
  • សៀមរាប

ខេត្តសៀមរាប ​៖ ក្រោយ​គម្រោង «​គម្រោង​ពង្រីក​សមត្ថភាព​ប្រព័ន្ធ​ផ្គត់ផ្គង់​ទឹក​ស្អាត​សៀមរាប​» បញ្ចប់​ជា​ស្ថាពរ និង​បាន​​សម្ពោធ​ដាក់​ឱ្យ​ដំណើរការជា​ផ្លូវការ​នា​ខែឧសភា ឆ្នាំ ២០២៣ កន្លង​ទៅ​នេះ​រោងចក្រ​ប្រព្រឹត្តិកម្ម​ទឹក​ស្អាត​ថ្មី​នេះ ប្រជាជន…

ខេត្តសៀមរាប ​៖ ក្រោយ​គម្រោង «​គម្រោង​ពង្រីក​សមត្ថភាព​ប្រព័ន្ធ​ផ្គត់ផ្គង់​ទឹក​ស្អាត​សៀមរាប​» បញ្ចប់​ជា​ស្ថាពរ និង​បាន​​សម្ពោធ​ដាក់​ឱ្យ​ដំណើរការជា​ផ្លូវការ​នា​ខែឧសភា ឆ្នាំ ២០២៣ កន្លង​ទៅ​នេះ​រោងចក្រ​ប្រព្រឹត្តិកម្ម​ទឹក​ស្អាត​ថ្មី​នេះ ប្រជាជន និង​អ្នកទេសចរ​នឹង​ទទួល​បាន​ទឹក​ស្អាតប្រើប្រាស់ និង​មាន​សុវត្ថិភាព​ ។

នៅ​ក្នុង​កម្មវិធី​ទស្សនៈកិច្ច​អ្នក​សារ​ព័ត៌​មាន ​ស្តី​ពី​ហិរញ្ញប្បទាន​អភិវឌ្ឍ​ផ្លូវការ ក្នុង​ខេត្តសៀមរាប នៅ​ថ្ងៃ​ទី​ ០៤ ខែតុលា ឆ្នាំ​ ២០២៣ ឯកឧត្ដម ចាន់ សេង​ឡា អគ្គនាយក​រដ្ឋាករទឹក​ស្វយ័ត​សៀមរាប បានឱ្យ​ដឹង​ថា ​៖ «​រោងចក្រ​ប្រព្រឹត្តិកម្ម​ទឹក​ស្អាត​ជ្រាវ ដែល​រោងចក្រ​នេះ​សម្អាតទឹក​យក​មក​ពី​ទឹក​បឹង​ទន្លេសាប ដែល​មាន​ចំងាយ​ប្រមាណ​ ១២ គីឡូម៉ែត្រ នៅ​មាត់បឹង​ទន្លេសាប យើង​មាន​ស្ថានីយ៍​បូម​មួយ​ហៅ​ថា ស្ថានីយ៍​បូមទឹក​ឆៅ ក្រោម​កម្ចី​ហិរញ្ញប្បទាន​របស់​រាជរដ្ឋាភិបាល​ជប៉ុន ដែល​មាន​សមត្ថភាព​អាច​ផលិត​ទឹក​ស្អាត ​ក្នុង​មួយ​ថ្ងៃ​បាន ​៦​ មុឺន​ម៉ែត្រគូប​» ​។

ឯកឧត្ដម ចាន់ សេង​ឡា បាន​បញ្ជាក់​ថា កាលពីមុន​យើង​យក​ទឹក​ចេញពី ២ ​ប្រភព គឺទី ​១ ប្រភព​ទឹក​នៅ​ក្រោម​ដី ​និង​មួយទៀត​នៅ​បារាយ​ខាងលិច និង​បច្ចុប្បន្ន​យើង​មាន ១៥ អណ្តូង​ ។ យោង​តាម​ផែនការ​គម្រោង ​ប្រជាពលរដ្ឋ​ដែលកំពុងរស់នៅតំបន់អភិវឌ្ឍន៍ទាំងពី (នៅឃុំពាក់ស្នែង និងឃុំរុនតាឯ) នៅជាយក្រុង ចំនួន ២ មុឺនគ្រួសារនឹងទទួលបានទឹកស្អាតប្រើប្រាស់ ប៉ុន្តែបច្ចុប្បន្នបានទទួលត្រឹមតែជាង ២ ពាន់គ្រួសារទេ ដូចនេះយើងនឹងបន្តពង្រីកជាបន្តបន្ទាប់ ខណៈដែលប្រជាពលរដ្ឋរស់នៅក្នុងក្រុង គឺប្រមាណ​ជា​ជាង ២៧​ ពាន់​គ្រួសារ​កំពុង​ប្រើប្រាស់​ទឹក​ស្អាតនេះផងដែរ ។

សម្រាប់​ទឹក​ស្អាត​យើង​បាន​ធ្វើការ​បែងចែក​ជា​ពីរ ប្រភេទ រួម​មាន​ប្រភេទ​អាជីវកម្ម មាន​ដូច​ជា ផ្ទះសំណាក់ សណ្ឋាគារ និង​ភោជនីយដ្ឋាន គឺ​តម្លៃ​មួយ​ផ្សេង និង​បងប្អូន​ប្រជាពលរដ្ឋ​មាន​តម្លៃ​ផ្សេង ​។ យ៉ាងណាមិញ ឯកឧត្ដម បាន​បញ្ជាក់​យ៉ាង​ច្បាស់​ថា ទឹក​ចេញពី​ក្បាល​រ៉ូ​មី​ណេ នៅ​ក្នុង​ក្រុង​ ឬ​តំបន់​ដែល​ផ្គង់​ផ្គង់ គឺជា​ទឹក​ស្អាត​ដែល​អាច​ឱ្យ​ប្រជាជន​គ្រប់​រូប​បរិភោគ​បាន ប៉ុន្តែ​ឯកឧត្ដម​សង្កេត​ឃើញ​ថា សម្រាប់​ប្រជាជន​ខ្មែរ​យើង​គាត់​នៅ​មាន​ទំលាប់​ដាំទឹក​បរិភោគ ឬ​ដាំទឹក​ឆុងតែ​កាហ្វេ​អី​ជាដើម ​។

សូម​ជម្រាប​ផង​ដែរ​ថា គម្រោងកម្ចី​សម្បទាន​ពី​អង្គការ​ចែ​ការ​ មាន ៣ ដំណាក់កាលធំៗ ទី ១​ ​សាងសង់​ស្ថានីយ៍​បូមទឹក​ឆៅ​ដែល​មាន​សមត្ថភាព ៦៦ ០០០​ ម​គ/​ថ្ងៃ ប្រឡាយ​ ២.៥​ គម ​ភ្ជាប់​ទៅ​ទន្លេសាប បំពង់​មេ​នាំ​ទឹក​ឆៅ​ប្រវែង ១៩ ​គម បំពង់​មេ​បញ្ជូន​ទឹក​ស្អាត​ប្រវែង​ ២៩ ​គម ។ ទី ២ សាងសង់​រោងចក្រ​ប្រព្រឹត្តិកម្ម​ទឹក​ស្អាត​ដែល​មាន​សមត្ថភាព ៦០ ០០០​ ម​គ/​ថ្ងៃ ​ដោយ​ប្រើ​ទឹក​ពី​បឹង​ទន្លេសាប និង​បំពាក់​ប្រព័ន្ធ​គ្រប់គ្រង និង​បញ្ជា​រួប​ទាំង​ប្រព័ន្ធ SCADA ។ និងទី ៣ បណ្តាញ​ចែកចាយ​ទឹក​ប្រវែង ២៥៩​ គម ដោយគម្រោងទាំង ៣ នេះ​ ប្រើប្រាស់​ថវិការ​ប្រមាណ​ជា​ជាង ១,៥៥៧៨ លាន​យេ​ន (15,578 million Japanese yen) ។

ជាមួយ​គ្នា​នេះ​ផង​ដែរ ឯកឧត្ដម ចាន់ សេង​ឡា គូសបញ្ជាក់ ថា ​៖ «​ប្រសិនជា​គ្មាន​ជំនួយ​កម្ចី​សម្បទាន​ពី​អង្គការ​ចែ​ការ​នោះ​ទេ យើង​នឹង​ពិបាក​ក្នុង​ការ​អនុវត្ត​អោយ​បាន​តាម​អ្វី​ដែល​រាជ​រដ្ឋ​ភិ​បាល​ដាក់​ផែនការ​អោយ​ប្រជាពលរដ្ឋ​មានទឹក​ស្អាត​ប្រើប្រាស់​ក្នុង​ឆ្នាំ ​២០៣០ ដូចនេះ​ហើយ​ទើប​យើង​ស្វែងរក​ដៃគូ​អភិវឌ្ឍន៍ ដើម្បី​អោយ​គម្រោង​ដែល​រាជរដ្ឋាភិបាល​កម្ពុជា​ដាក់​ចេញ​មក គឺ​ប្រជាពលរដ្ឋ​នឹង​មានទឹក​ស្អាត​ប្រើប្រាស់ ១០០ ​ភាគរយ នៅ​ឆ្នាំ ​២០៣០» ​៕

អត្ថបទសរសេរ ដោយ