ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ថ្ងៃ​ដំបូង គ​.​ជ​.​ប ចុះ​ឈ្មោះ​បោះ​ឆ្នោត​ថ្មី ប្រមាណ​១​ម៉ឺន​នាក់ ខណៈ​លុប​ចោល​ជិត​៨​ពាន់​នាក់

1 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ គណៈកម្មាធិកា​ជាតិ​រៀបចំ​ការ​បោះ​ឆ្នោត ហៅ​កាត់​ថា គ​.​ជ​.​ប បាន​បញ្ជាក់​ថា ថ្ងៃ​ដំបូង នៃ​ការ​ចុះ​ឈ្មោះ​ឆ្នោត​ថ្មី មាន​ចុះ​ទៅ​ចុះ​ឈ្មោះ​បោះ​ឆ្នោត​ថ្មី មាន​ចំនួន…

រាជធានី​ភ្នំពេញ ៖ គណៈកម្មាធិកា​ជាតិ​រៀបចំ​ការ​បោះ​ឆ្នោត ហៅ​កាត់​ថា គ​.​ជ​.​ប បាន​បញ្ជាក់​ថា ថ្ងៃ​ដំបូង នៃ​ការ​ចុះ​ឈ្មោះ​ឆ្នោត​ថ្មី មាន​ចុះ​ទៅ​ចុះ​ឈ្មោះ​បោះ​ឆ្នោត​ថ្មី មាន​ចំនួន ១០,០៤១​នាក់ និង​អ្នក​ដែល​នឹង​ត្រូវ​លុបឈ្មោះ​ចេញពី​បញ្ជី​បោះ​ឆ្នោត មាន​ចំនួន ៧,៧៩៧​នាក់ ។

យោង​តាម​សេចក្តី​ប្រកាស​ព័ត៌មាន​របស់ គ​.​ជ​.​ប នៅ​ថ្ងៃ​ទី​២ ខែតុលា ឆ្នាំ​២០២៣ លើក​ឡើង​ពី​លទ្ធផល​បណ្តោះអាសន្ន ថ្ងៃ​ទី​មួយ នៃ​ការ​ពិនិត្យ​បញ្ជី​ឈ្មោះ និង​ការ​ចុះ​ឈ្មោះ​បោះ​ឆ្នោត ឆ្នាំ​២០២៣ និង​បាន​ញ្ជា​ក់ថា ៖ លទ្ធផល​បណ្តោះអាសន្ន​ថ្ងៃ​ទី​មួយ នៃ​ការ​ពិនិត្យ​បញ្ជី​ឈ្មោះ និង​ការ​ចុះ​ឈ្មោះ​បោះ​ឆ្នោត ឆ្នាំ​២០២៣ ត្រូវ​នឹង​ថ្ងៃ​ទី​១ ខែតុលា ឆ្នាំ​២០២៣ នៅ​ទូ​ទាំង​ប្រទេស មាន​ប្រជាពលរដ្ឋ​ចុះ​ឈ្មោះ​បោះ​ឆ្នោត​ថ្មី មាន​ចំនួន ១០,០៤១​នាក់​។
អ្នក​ដែល​នឹង​ត្រូវ​លុបឈ្មោះ​ចេញពី​បញ្ជី​បោះ​ឆ្នោត មាន​ចំនួន ៧,៧៩៧​នាក់ ។ អ្នក​ដែល​បាន​ស្នើ​សុំ​កែតម្រូវ​ទិន្នន័យ មាន​ចំនួន ៦៧១​នាក់ អ្នក​ដែល​បាន​ផ្ទេរ​ទីលំនៅ​ចូល​ក្នុង​ឃុំ សង្កាត់​ថ្មី មាន​ចំនួន ២,០០៦​នាក់​។

គ​.​ជ​.​ប បាន​លើក​ឡើង​ថា ការ​ពិនិត្យ​បញ្ជី​ឈ្មោះ និង​ការ​ចុះ​ឈ្មោះ​បោះ​ឆ្នោត ឆ្នាំ​២០២៣ តាម​ឃុំ សង្កាត់ ប្រព្រឹត្ត​ទៅ ចាប់ពី​ថ្ងៃ​ទី​១ ដល់​ថ្ងៃ​ទី​១៩ ខែតុលា ឆ្នាំ​២០២៣ គិត​ទាំង​ថ្ងៃ​សៅរ៍ និង​ថ្ងៃអាទិត្យ​។

ដូចនេះ សូម​អញ្ជើញ​ប្រជាពលរដ្ឋ​ទៅ​ពិនិត្យ​មើល​ឈ្មោះ​ក្នុង​បញ្ជី​បោះ​ឆ្នោត​ចុង​ក្រោយ នៅ​តាម​ឃុំ សង្កាត់ ឬ​តាម គេហទំព័រ voterlist.nec.gov.kh ឬ​កម្មវិធី​ទូរ​សព្ទ App-NECKH ។ ប្រសិនបើ​ពិនិត្យ ឃើញ​ថា មានការ​កត់ត្រា មិន​បាន​ត្រឹមត្រូវ​តាម​អត្តសញ្ញាណប័ណ្ណ​សញ្ជាតិ​ខ្មែរ ដែល​មាន​សុពលភាព សាមីខ្លួន​អាច​ស្នើ​សុំ​កែតម្រូវ​ជាមួយ​ក្រុម​ចុះ​ឈ្មោះ​បោះ​ឆ្នោត ។

ជាមួយ​គ្នា​នោះ​ដែរ គ​.​ជ​.​ប បាន​លើក​ឡើង​ថា ប្រជាពលរដ្ឋ​ខ្មែរ ដែល​មិន​ទាន់​បាន​ចុះ​ឈ្មោះ​បោះ​ឆ្នោត​ពី​មុន​មក ឬ​អ្នក​ដែល​ទើប​គ្រប់​អាយុ ១៨​ឆ្នាំ គិតដល់​ថ្ងៃ​ទី​៣១ ខែធ្នូ ឆ្នាំ​២០២៣ (​កើត​មុន ឬ​ត្រឹម​ថ្ងៃ​ទី​១ ខែមករា ឆ្នាំ​២០០៦) ឬ​អ្នក​ដែល​បាន​ផ្លាស់​លំនៅ​ឋាន ឬ​ទី​សំណាក់​ចូល​ក្នុង​ឃុំ សង្កាត់​ថ្មី ទៅ​ចុះ​ឈ្មោះ​បោះ​ឆ្នោត ឱ្យ​បាន​គ្រប់​ៗ​គ្នា​នៅ​ឃុំ សង្កាត់ ដែល​សាមីខ្លួន​កំពុង​រស់នៅ ឬ​ស្នាក់​នៅ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ