ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ឯកឧត្តម ស៊ុ​យ សែ​ម និង​លោក​ជំទាវ ធ្វើបុណ្យ​កតញូ​កតវេទី​ជូន​តា​យាយ និង​និវត្តជន​ជាង​៧០០​នាក់ នៅ​វត្ត​រំលេច

1 ឆ្នាំ មុន
  • ពោធិ៍សាត់

ថ្ងៃអាទិត្យ ទី​០១ ខែតុលា ឆ្នាំ​២០២៣ ឯកឧត្តម ស៊ុ​យ សែ​ម អ្នកតំណាង​រាស្ត្រ​មណ្ឌល​ពោធិ៍សាត់ និង​លោក​ជំទាវ បាន​ធ្វើបុណ្យ​កតញូ​កតវេទី ជូន​លោកតា​លោកយាយ​ដែល​មាន​អាយុ​ចាប់​ពី​៧០​ឆ្នាំ​ឡើង​ទៅ ចំនួន​២០០​នាក់​ក្នុង​ឃុំ​រំលេច និង​និវត្តជន​ចំនួន​៥២៨​នាក់ ក្នុងស្រុក​បាកាន

ខេត្តពោធិ៍សាត់ ៖ ថ្ងៃអាទិត្យ ទី​០១ ខែតុលា ឆ្នាំ​២០២៣ ឯកឧត្តម ស៊ុ​យ សែ​ម អ្នកតំណាង​រាស្ត្រ​មណ្ឌល​ពោធិ៍សាត់ និង​លោក​ជំទាវ បាន​ធ្វើបុណ្យ​កតញូ​កតវេទី ជូន​លោកតា​លោកយាយ​ដែល​មាន​អាយុ​ចាប់​ពី​៧០​ឆ្នាំ​ឡើង​ទៅ ចំនួន​២០០​នាក់​ក្នុង​ឃុំ​រំលេច និង​និវត្តជន​ចំនួន​៥២៨​នាក់ ក្នុងស្រុក​បាកាន ព្រមទាំង​ធ្វើ​ពិធី​បញ្ចុះ​បឋមសិលា​កសាង​ព្រះពុទ្ធ​បដិមា​កម្ពស់​២៧.៩​ម៉ែត្រ ក្នុង​វត្ត​ចន្ទរង្សី ហៅ​វត្ត​រំលេច ស្ថិត​ក្នុង​ឃុំ​រំលេច ស្រុក​បាកាន ខេត្តពោធិ៍សាត់​។

បន្ទាប់​ពី​ពិធី​បញ្ចុះ​បឋមសិលា​សាងសង់​ព្រះពុទ្ធ​បដិមា​រួច​មក ឯកឧត្តម ស៊ុ​យ សែ​ម បាន​ជួប​សំណេះ​សំណាល​ជាមួយ​លោកតា​លោកយាយ និង​និវត្តជន ដោយ​បាន​លើក​ឡើង​ថា «​ថ្ងៃនេះ រូប​លោក និង​ភរិយា​បាន​មក​ធ្វើ​ពិធី​បញ្ចុះ​បឋមសិលា កសាង​ព្រះពុទ្ធ​បដិមា​ទ្រង់​ឈរ​ក្នុង​វត្ត​រំលេច ដែល​មាន​ទំហំ​ទទឹង​៧​ម៉ែត្រ កម្ពស់​២៧.៩​ម៉ែត្រ ក្នុង​កាយវិការ​ប្រទាន​ព្រះធម៌ និង​ប្រទាន​ពរ ដើម្បី​តម្កល់​ទុក​សម្រាប់​​កូនចៅ​ជំនាន់​ក្រោយ​គោរព​បូជា ព្រោះ​យើង​ទាំងអស់​គ្នា​សុទ្ធតែ​ចាស់​ៗ​អស់ហើយ មិន​មាន​ពេលវេលា​នៅ​យូរ​ទៀត​ទេ​»​។

ឯកឧត្តម ស៊ុ​យ សែ​ម លើក​ឡើង​បន្ត​ថា «​ព្រះពុទ្ធ​បដិមា​នេះ ជា​សំណង់​ប្រវត្តិសាស្ត្រ​មួយ ដែល​ត្រូវ​រក​អ្នក​កសាង​មាន​ជំនាញ​បច្ចេកទេស និង​បទ​ពិសោធន៍​ខ្ពស់ ដើម្បី​ធានា​គុណ​ភាពរឹងមាំ និង​សោភ័ណ​ភាព​រស់​រវើក​។ ចំណែក​ការ​ធ្វើបុណ្យ​កតញូ​កតវេទី​នា​ពេល​នេះ ដើម្បី​គោរព​ចំពោះ​លោក​អ្នកជា​មាតា​បី​តា ជីដូន​ជីតា និង​សុំ​ពរ​ជ័យ​ពី​លោក​អ្នក​មានគុណ​ទាំងឡាយ​។ ម្យ៉ាងវិញទៀត ដើម្បី​ជា​គំរូ​ដល់​កូន​ចៅ​ធ្វើ​តាម ក្នុង​ការ​អប់រំ​លើកកម្ពស់​សីលធម៌​របស់​កូនចៅ​យើង ឲ្យ​ចេះ​គោរព​ដឹងគុណ​ចំពោះ​ឪពុក​ម្ដាយ និង​ចាស់ទុំ​ជា​ទូទៅ​»​។

ឯកឧត្តម ស៊ុ​យ សែ​ម ឲ្យ​ដឹង​ថា «​ចាស់ទុំ​មាន​សារៈសំខាន់​អ្វីខ្លះ0x017d7 បើ​យើង​គោរព​មនុស្ស​ចាស់​មិន​សាបសូន្យ​ទេ តែបើ​យើង​មើលងាយ​មនុស្ស​ចាស់​គឺ​បាប នេះ​បើ​តាម​ការ​គោរព​ព្រះពុទ្ធ​សាសនា ដែល​ជា​សាសនា​របស់​រដ្ឋ​។ សព្វ​ថ្ងៃនេះ កូនចៅ​ប្រជាពលរដ្ឋ​យើង​មួយ​ចំនួន មិន​ដើរ​តាម​គន្លង​ធម៌​នោះ​ទេ ប្រព្រឹត្ត​អំពើ​អបាយមុខ​ផ្សេង​ៗ​ដែល​សង្គម​ស្អប់ខ្ពើម ដូច​ជា កុហក និង​បំផ្លាញ​ទ្រព្យសម្បត្តិ​ឪពុក​ម្ដាយ មិន​ចូល​រៀន បង្ហោះ​ម៉ូតូ ជក់បារី ជក់​គ្រឿ​.​ង​ញៀ​.​ន លេង​ល្បែ​.​ង​ស៊ីសង ធ្វើ​ជា​ក្មេង​ទំនើ​.​ង​ដេញ​កា​.​ប់​ចាក់​គ្នា​ជាដើម​។ ទាំងនេះ ដោយសារ​យើង​ជា​ឪពុក​ម្ដាយ ខ្វះ​ការ​អប់រំ ខ្វះ​ការ​ទូន្មាន​ប្រៀន​ប្រដៅ និង​ខ្វះ​ការ​តាមដាន​នូវ​រាល់​សកម្ម​ភា​ប​របស់​កូន​។

កម្មវិធី​បុណ្យ​កតញូ​កតវេទី​នេះ បាន​ដំណើរការ​ទៅ​តាម​ការ​គ្រោងទុក ដោយ​មាន​ឯកឧត្តម ប៉ែន វិបុល រដ្ឋលេខាធិកា​ក្រសួង​ធម្មការ និង​សាសនា ជា​អ្នកដឹកនាំ ដោយ​មាន​ពិធី​ស្មូត្រ​, ពិធី​ទេសនា​, ពិធី​សុំ​ខ​មារ​ទោស​របស់​កូនចៅ​ចំពោះ​ឪពុក​ម្ដាយ​, ការ​អត់អោន​ទោស​របស់​ឪពុក​ម្ដាយ​ចំពោះ​កូន​ចៅ​, កូនចៅ​ជូន​សម្ភារៈ​ថវិការ ជា​ការ​តបស្នង​សងគុណ និង​ដឹងគុណ​ចំពោះ​ឪពុក​ម្ដាយ​។

ដោយឡែក ឯកឧត្តម ស៊ុ​យ សែ​ម និង​លោក​ជំទាវ បាន​ជូន​គ្រឿង​ឧបភោគបរិភោគ រួម​មាន ៖ អង្ករ​, មី​, ត្រីខ​, ភេសជ្ជៈ​, ទឹកត្រី​, ទឹកស៊ីអ៊ីវ និង​សម្ភារៈ​មួយ​ចំនួន​ទៀត ទៅ​ឲ្យ​លោកតា​លោកយាយ​ចំនួន​០៥​នាក់​ជា​តំណាង ហើយ​លោកតា​លោក​យា​បាន​យក​សម្ភារៈ​ទាំងអស់​នោះ មក​ប្រគេន​ជូន​ព្រះ​ចៅ​អធិការ​វត្ត​រំលេច​វិញ ដែល​នេះ​គឺជា​ការ​ធ្វើបុណ្យ​បន្ត​គ្នា​។

ចំពោះ​លោកតា​លោកយាយ​អាយុ​៧០​ឆ្នាំ​ឡើង ចំនួន​២០០​នាក់ និង​និវត្តជន​ចំនួន​៥២៨​នាក់ សរុប​៧២៨​នាក់ ម្នាក់​ៗ​ទទួល​បាន​អីវ៉ាន់​មួយ​កន្ត្រក់ ក្នុង​នោះ​មាន​សម្លៀក​បំពាក់ និង​សម្ភារៈ​ប្រើប្រាស់​ដែល​មាន​តម្លៃ​ស្មើនឹង​១៣​ម៉ឺន​រៀល​។ ចំណែក​នគរបាល ក្រុម​យុវជន ក្រុម​គ្រូពេទ្យ និង​ប្រជា​ការពារ សរុប​ចំនួន​៣៨​នាក់ ម្នាក់​ៗ​ទទួល​បាន​ថវិការ​ចំនួន​០៥​ម៉ឺន​រៀល​។

ក្នុង​ឱកាស​នោះ ឯកឧត្តម ស៊ុ​យ សែ​ម និង​លោក​ជំទាវ បាន​រៀបចំ​ចង្ហាន់​ប្រគេន​ព្រះសង្ឃ​, ម្ហូបអាហារ និង​បង្អែម​ជូន​លោកតា​លោកយាយ និ​និវត្តជន និង​កូនចៅ​ដែល​ទៅ​ជាមួយ​ទទួលទាន​ដោយ​ក្ដី​រីករាយ​ផង​ដែរ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ