រាជធានីភ្នំពេញ ៖ ក្រោយផ្ទុះប្រតិកម្មការលួ.ចចម្លងសាងសង់ពីភាគីថៃ អ្នកសិល្បៈខ្មែរជាបន្តបន្ទាប់បានចាប់ផ្តើមបញ្ចេញអារម្មណ៍របស់ខ្លួនរៀងៗខ្លួន ដោយអមជាមួយនឹងប្រាសាទបុរាណខ្មែរនានា ជាពិសេសប្រាសាទអង្គរវត្ត នៅលើបណ្តាញសង្គម បន្ទាប់ពីមួយរយៈចុងក្រោយនេះ មហាជនខ្មែរជាច្រើននាំគ្នាផ្ទុះប្រតិកម្មជុំវិញការលួ.ចចម្លងប្រាសាទអង្គរវត្ត ពីភាគីថៃ ដើម្បីសាងសង់នៅលើទឹកដីរបស់ពួកគេ។
ផ្តើមពីការចូលរួមរិះគន់ និងសម្តែងការមិនពេញចិត្តចំពោះទង្វើខាងលើនេះ ក្នុងនាមជាកូនខ្មែរដែរនោះ អ្នកសិល្បៈជាច្រើនដួងក៏នាំគ្នាងាកមកបង្ហោះរូបភាពរបស់ខ្លួន ដែលថតនៅពីមុខប្រាសាទបុរាណខ្មែរនាពេលកន្លងមក ដើម្បីជាការចូលរួមផ្សព្វផ្សាយសម្បត្តិវប្បធម៌ខ្មែរ និងបានចាត់ទុកប្រាសាទអង្គរវត្តជារបស់ខ្មែរ ស្ថិតនៅលើទឹកដីកម្ពុជា តែមួយគត់ ។
តារាចម្រៀងនាង មាស សុខសោភា បានបញ្ចេញរូបភាពជាច្រើនសន្លឹកជាមួយស្វាមីអមជាមួយនឹងការគ្រងឈុតបុរាណខ្មែរថតនៅក្នុងបរិវេណប្រាសាទអង្គវត្ត ដោយអមជាមួយនឹងសំណេរបង្ហោះលើបណ្តាញសង្គមថា «អនុស្សាវីយ៍នៅប្រាសាទអង្គរវត្ត លើទឹកដីអច្ឆរិយៈ ដែលជាសម្បត្តិបេតិកភណ្ឌពិភពលោកតែមួយគត់ គឺនៅក្នុងប្រទេសកម្ពុជា»។
តារាចម្រៀងនាង ទេព បូព្រឹក្ស ក៏បានបង្ហោះសំណេរមួយដែរថា «បើសិនជាផ្តល់ឱកាសឲ្យខ្ញុំបានថត MV បទទេវរាជ និងមហានគរនៅប្រាសាទអង្គវត្តបាន ពួកខ្ញុំនឹងមិនធ្វើឲ្យអ្នកទាំងអស់គ្នាខកបំណងឡើយ»។ ខណៈពេលសាររបស់នាងនាពេលនេះ ក៏មានការគាំទ្រយ៉ាងច្រើនផងដែរ ពីមហាជន ក៏ដូចអ្នកសិល្បៈដូចគ្នា។
ចំណែកតារាចម្រៀងនាង អ៊ីវ៉ា ក៏បានបង្ហោះទិដ្ឋភាពប្រាសាទអង្គរវត្ត ដោយអមជាមួយនឹងសំណេរថា «ទោះក្នុងតម្លៃណាក៏ដោយ គឺគ្មានអ្វីអាចប្រៀបផ្ទឹមនឹងប្រាសាទអង្គរវត្តរបស់ខ្មែរបាននោះទេ។ សម្រស់ផូរផង់ដ៏អស្ចារ្យ បានលេចធ្លោកណ្តាលប្រឹក្សា ខ្ញុំជឿជាក់ថា បារមីនៃបុព្វបុរសដែលថែរក្សាប្រាសាទអង្គរ នឹងមិនអោយចោ.រណាម្នាក់ដែលមានគំនិត លួ.ច ឬចម្លង បានស្រួលៗនោះដែរ»។
តារាសម្តែងលោក មុំ សុទ្ធារ៉ា ក៏បានបញ្ចេញរូបភាពអនុស្សាវរីយ៍ដែលលោកបានថតនាពេលកន្លងមក នៅពីមុខប្រាសាទនានា ក្នុងខេត្តសៀមរាប រួចអមជាមួយនឹងសំណេរថា «រូបភាពខ្លះៗដែលខ្ញុំបានដើរលេងក្នុងទឹកដីស័ក្តិសិទ្ធិនៃខេត្តសៀមរាប ក្នុង១ឆ្នាំយ៉ាងតិចក៏បានទៅលេង៥ដងដែរ ទៅលេងហើយចង់ទៅលេងទៀត»។
លោកបញ្ជាក់ថា «បង្ហាញអ្វីដែលខ្លួនមាន ទៅកាន់ពិភពលោកឱ្យបានដឹង រៀនទទួលយកការរិះគន់ ហើយយកមកពិភាក្សា បង្ហាញឱ្យគេដឹងថា ខ្មែរពិតជាស្រឡាញ់ខ្មែរ យល់ឱ្យច្បាស់ថាយើងឆ្លាត គេកាន់តែឆ្លាត <ត្រូវយល់ដឹង>។ អរគុណដែលបានបង្កើតឱ្យខ្ញុំមកចាប់កំណើតក្នុងទឹកដីប្រទេសកម្ពុជា ខ្មែរធ្វើបាន សន្តិភាព និងការអភិវឌ្ឍន៍»។
ដោយឡែកតារាចម្រៀងលោក ករុណា ពេជ្រ ក៏បានប្តូររូបភាព Profile ហ្វេសប៊ុករបស់ខ្លួនមកដាក់រូបប្រាសាទអង្គរវត្តវិញ ហើយបានភ្ជាប់ជាមួយនឹងសារខ្លីថា «I love my Cambodia ខ្ញុំស្រលាញ់អ្វីជារបស់ខ្ញុំ ហើយក៏មិនចង់បានអ្វីជារបស់គេដែរ ប៉ុន្តែសុំចិត្តកុំលួ.ចអ្វីជារបស់ខ្ញុំបន្តទៀត អង្គរវត្ត ជារបស់កម្ពុជា តែមួយគត់»។
តារាសម្តែង និងបង្ហាញម៉ូត នាង ហ្វី យ៉ាតា ក៏បានបង្ហោះរូបភាពរបស់ខ្លួនថតនៅមុខប្រាសាទអង្គរវត្ត ដោយអមជាមួយនឹងសំណេរស្រដៀងគ្នាដែរថា «គ្មានទីណាអាចយកឈ្នះសម្រស់១គ្មាន២ របស់អ្នកបានទេ នៅលើពិភពលោកនេះ។ អ្នកស្រស់ស្អាត បរិសុទ្ធ និងអស្ចារ្យពេកហើយ។ គ្មានអ្វីអាចមកជំនួសអ្នកបានឡើយ ហើយកាន់តែមិនអាចបំផ្លាញ ឬបំពានអ្នក»។
តារាសម្តែងនាង ឆុំ វត្តី ក៏បានបង្ហោះសារបង្ហាញអារម្មណ៍របស់ខ្លួនពាក់ព័ន្ធទៅនឹងប្រាសាទអង្គរវត្តដែរថា «យើងមានប្រាសាទពិតប្រាកដ ជារបស់យើងគ្រប់ៗគ្នា ដែល Angkor Wat temple មាននៅលើទឹកដីខ្មែរយើងពិតប្រាកដ ប្រាសាទអង្គរវត្តជារបស់ខ្មែរ ជាដួងព្រលឹងខ្មែរ ជាអត្តសញ្ញាណខ្មែរ ដែលដូនតាខ្មែរបន្សល់ទុក ហើយបានចុះក្នុងបញ្ជីបេតិកភណ្ឌពិភពលោកអង្គការ UNESCO នៅថ្ងៃទី១៤ ខែធ្នូ ឆ្នាំ១៩៩២»។
នាងបញ្ជាក់ថា «អ្នកអាចចម្លងរូបរាងបាន តែអ្នកមិនអាចចម្លងដួងព្រលឹង អត្តចរិត និងបារមីបានទេ! សូមបងប្អូនខ្មែរទាំងអស់ មេត្តាជួយផ្សព្វផ្សាយនូវវប្បធម៌ អរិយធម៌ ដែលយើងមាន និងប្រាសាទរបស់ខ្មែរយើង ជាជាងចែករំលែកនូវរូបថតរបស់អ្នក ជិតខាង ដែលគេកំពុងសាកសង់បន្លំ អ្វីដែលគួរចែករំលែក គឺជាប្រាសាទអង្គរវត្តពិតប្រាកដ ដែលនៅលើទឹកដីរបស់កម្ពុជា /Cambodia យើងតែមួយគ្មានពីរនៅលើពិលោកយើងនេះ»។
តារាចម្រៀងនាង តន់ ចន្ទសីមា ក៏មិនបានបញ្ចេញអារម្មណ៍ផ្ទាល់ខ្លួនអ្វីច្រើនឡើយ ពាក់ព័ន្ធរឿងរ៉ាវខាងលើនេះ ប៉ុន្តែនាងបញ្ចេញរូបភាព និងសកម្មភាពមួយចំនួន ដែលនាងថតចម្រៀងបទ «ស្រឡាញ់អ្វីដែលខ្មែរមាន» ដែលបទចម្រៀងនេះ បានភ្ជាប់ជាមួយនឹងរូបភាពសិល្បៈខ្មែរ ជាពិសេសគឺប្រាសាទបុរាណខ្មែរនានាផងដែរ។
អតីតតារាសម្តែង ហើយបច្ចុប្បន្ន ជាអ្នកគ្រប់គ្រងកម្មវិធី Miss Grand Cambodia អ្នកនាង អ៊ឹម សុគន្ធា ក៏បានបញ្ចេញសារសំណេរមួយខ្លីថា «ឆ្នាំក្រោយ Miss Grand Cambodia អាចទេ… សុំឱ្យបវរកញ្ញាអាចចូលថតឈុតតំណាងជាតិ នៅលើទឹកដីអង្គរសៀមរាប ដើម្បីផ្សព្វផ្សាយឱ្យពិភពលោកបានស្គាល់ប្រាសាទអង្គរវត្ត នៅលើទឹកដីកម្ពុជា»។
ចំណែកតារាសម្តែង និងពិធីការិនីជើងចាស់នាង ឌួង ហ្ស៊ូរីដា ក៏បានបង្ហោះសំណេររបស់ខ្លួនដែរថា «មិនដែលហត់នឿយនឹងការថតផ្សព្វផ្សាយកេរមរតកដូនតាខ្មែរ គ្រប់ពេលទៅប្រាសាទអង្គរវត្តជាមួយសម្លៀកបំពាក់ជានារីខ្មែរ ព្រោះខ្ញុំជាខ្មែរ »។
នាងបញ្ជាក់ថា «មិនមែន ទើបតែជ្រួលតាមខ្យល់បក់ទេ ប៉ុន្តែគឺរៀងរាល់ឆ្នាំជាទម្លាប់ សូមឱ្យប្រជាជនខ្មែរមានឆន្ទៈគោរពស្រឡាញ់ជាតិសាសន៍ និងមរតកកេរ្តិ៍ពីដូនតារបស់ខ្លួនកុំឱ្យបាត់បង់ ហើយកុំមានចិត្តស្រឡាញ់គ្រាន់តែដូចភ្លើងចំប៉ើង ប្រទេសជិតខាងនឹងចម្លងយកម្តងមួយៗ ប្រែក្រឡៃប្រវត្តិសាស្ត្រដោយឥតអៀនខ្មាស់ យើងធ្លាប់បាត់បង់ខេត្តមួយភាគធំឱ្យទៅប្រទេសអាណានិគមឈ្លានពាន ហើយគេឈ្នះ គេក៏បានប្រែប្រវត្តិសាស្ត្រទៅជារឿងផ្សេងដែរ ដូច្នេះហើយ យើងត្រូវការពារ និងរក្សាកុំឱ្យបាត់បង់ជាដាច់ខាត»។
យ៉ាងណាក៏ដោយ មិនមែនតែអ្នកសិល្បៈខាងលើនេះទេ ពោលក៏មានអ្នកសិល្បៈជាច្រើនដួងទៀតបានធ្វើសកម្មភាពរបស់ខ្លួនដូចៗគ្នា ដោយបង្ហោះនៅលើបណ្តាញសង្គមយ៉ាងព្រោងព្រាតផងដែរ។
ជាការកត់សម្គាល់ ក្រោយមានការផ្ទុះប្រតិកម្មពីមហាជនសម្តែងការមិនពេញចិត្តចំពោះសកម្មភាពរបស់ប្រជាជនថៃមួយក្រុម ដែលនាំគ្នាធ្វើការចម្លងរូបរាងប្រាសាទអង្គរវត្តខ្មែរ យកទៅសាងសង់នៅលើទឹកដីក្នុងប្រទេសថៃនោះ ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈបានចេញសេចក្តីជូនដំណឹងមួយពន្យល់ប្រាប់មហាជនខ្មែរស្តីពីការសាងសង់របស់ថៃខាងលើនេះ។
នៅក្នុងសេចក្តីជូនដំណឹងនោះ ក៏បានបញ្ជាក់ដែរថា ពាក់ព័ន្ធករណីនៃការសាងសង់សំណង់នៅវត្តភូម៉ានហ្វា ក្នុងខេត្តបុរីរម្យ ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ បានយកចិត្តទុកដាក់យ៉ាងខ្លាំងលើសកម្មភាពនៃការសាងសង់នេះ ដោយបានចាត់ក្រុមការងារជំនាញតាមដានជាប្រចាំ តាំងពីដើមរៀងមក ពោលគឺចាប់តាំងពីករណីនេះ បានផ្ទុះឡើងនាអំឡុងឆ្នាំ២០២១ មកម្ល៉េះ។
ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ បានបន្តថា ចំណាត់ការកន្លងមក ដែលក្រសួងបានធ្វើ គឺផ្តោតលើសកម្មភាពទំនាក់ទំនងការទូតរវាងក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ និងភាគីថៃ (ស្ថានទូតថៃ ប្រចាំនៅកម្ពុជា និងក្រសួងវប្បធម៌ថៃ) ដោយបានបញ្ជូនអ្នកសិក្សាស្រាវជ្រាវ ដើម្បីចុះទៅពិនិត្យទីតាំងសាងសង់ផ្ទាល់ ប៉ុន្តែស្ថានភាពនៅពេលដែលអ្នកជំនាញចុះទៅ បានពិនិត្យឃើញថា សំណង់នៅមិនទាន់មានការសង់បន្ថែមនៅឡើយ។
ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ បានបន្តថា ករណីនៃការបញ្ជូនអ្នកជំនាញចុះត្រួតពិនិត្យ និងចរចា គឺយើងមានជំហរច្បាស់លាស់ក្នុងការទប់ស្កាត់នូវរាល់ទង្វើទាំងឡាយណា ដែលបានចម្លងអត្តសញ្ញាណជាតិរបស់យើង ដោយផ្អែកទៅលើសកម្មភាពការទូត ការងារផ្ទៀងផ្ទាត់បែបបច្ចេកទេស ការងារចុះពិនិត្យទីតាំងផ្ទាល់ និងការងារផ្លូវច្បាប់ជាតិ និងអន្តរជាតិ ក្នុងករណីដែលត្រូវប្រកាន់យក។
ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ ក៏បានជម្រាបជូនសាធារណជន បន្ថែមទៀតថា កិច្ចការនេះ ក្រុមការងារក្រសួងវប្បធម៌ និងវិចិត្រសិល្បៈនៅតែបន្តនីតិវិធីដោះស្រាយតាមជំនាញ និងការទូត។
យ៉ាងណាក៏ដោយ បើតាមក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ ក្រសួងសូមថ្លែងអំណរគុណ ចំពោះទឹកចិត្តស្រឡាញ់ ការគាំទ្រយ៉ាងមោះមុតរបស់បងប្អូន និងការចូលរួមផ្តល់ព័ត៌មានគ្រប់ជ្រុងជ្រោយ ដែលជាជំនួយដ៏សំខាន់សម្រាប់កិច្ចការអភិរក្សបេតិកភណ្ឌដ៏ថ្លៃថ្លារបស់យើង៕
ចែករំលែកព័តមាននេះ