ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

វ័យពាក់កណ្ដាល១០០ទៅហើយ តែសម្រស់ និងរូបរាងតារាស្រី Shu Qi ក្មេងៗសុំខ្មាស

2 ខែ មុន

ប្រទេសចិន ៖ តារាសម្ដែងស្រី Shu Qi បានបង្អួតសម្រស់ និងរូបរាងសិចស៊ីដ៏ទាក់ទាញរបស់ខ្លួន

ប្រទេសចិន ៖ តារាសម្ដែងស្រី Shu Qi បានបង្អួតសម្រស់ និងរូបរាងសិចស៊ីដ៏ទាក់ទាញរបស់ខ្លួន អំឡុងពេលចូលរួមកម្មវិធីម៉ូដក្រុមហ៊ុនដ៏ល្បីមួយរបស់ប្រទេសអ៊ីតាលី ដែលធ្វើឡើងនៅទីក្រុង​ប៉េកាំង ប្រទេសចិន កាលពីថ្ងៃទី១២ ខែឧសភា ឆ្នាំ២០២៤ កន្លងទៅ ក្នុងនាមតារាសម្ដែងស្រីដ៏ល្បីរបស់តៃវ៉ាន់រូបនេះ គឺជាទូតសុឆន្ទៈ (Brand Ambassador) របស់ម៉ាកយីហោដ៏ល្បីមួយនេះ។

ជាមួយនឹងរ៉ូបកស្រួច (V-neck) ពណ៌ខ្មៅដ៏ស្រស់ស្អាត តារាស្រីវ័យ៥០ឆ្នាំ Shu Qi បានទាក់ទាញបណ្ដាអ្នកលេងបណ្ដាញសង្គមយក្សចិន Weibo ជាច្រើនលើកសរសើរតារាស្រីរូបនេះមិនដាច់ពីមាត់ ចំពោះសម្រស់ដ៏ស្រស់សោភា និងក្មេងជាងវ័យ បើទោះបីជាឈានដល់វ័យ៥០ឆ្នាំយ៉ាងណាក៏ដោយ។ ពួកគេបានលើកឡើងថា ពេលវេលាពិតជាមិនបានជះឥទ្ធិពលដល់សម្រស់ និងរាងកាយតារាស្រីរូបនេះទេ។

មិនតែប៉ុណ្ណោះ អ្នកនិយមលេងបណ្ដាញសង្គម Weibo ថែមទាំងបានសរសើរអំពីភាពរស់រាយរាក់ទាក់ ការប្រាស្រ័យទាក់ទងប្រកបដោយមន្តស្នេហ៍ និងការគួរសមរបស់តារាស្រី Shu Qi ជាមួយនឹងក្រុមអ្នកសារព័ត៌មាន។

បច្ចុប្បន្ន អ្នកនាង Shu Qi កំពុងរស់នៅតៃវ៉ាន់ជាមួយនឹងស្វាមី ដែលជាតារាសម្ដែង និងជាអ្នកដឹកនាំរឿងដ៏ល្បីរបស់ហុងកុង លោក Stephen Fung ប៉ុន្តែទោះយ៉ាងណា Shu Qi តែងតែធ្វើដំណើរទៅវិញទៅមករវាងប្រទេសចិន ហុងកុង និងតៃវ៉ាន់ ដើម្បីបំពេញការងាររបស់ខ្លួន។

គួរបញ្ជាក់ជូនថា តារាសម្ដែងចាយសម្រស់ Shu Qi បានចាប់ផ្តើមអាជីពសម្តែងតាំងពីក្មេងវ័យ ដោយផ្តើមចេញពីការសម្ដែងក្នុងភាពយន្តអាសអាភាស។ ក្រោយមកអ្នកដឹកនាំរឿងល្បីៗនៅហុង​កុង និងតៃវ៉ាន់ ចាប់ផ្តើមទាក់ទងតារាស្រីរូបនេះ សម្រាប់ការសម្ដែងខ្សែភាពយន្តខ្នាតធំជាបន្តបន្ទាប់។ Shu Qi លេចធ្លោខ្លាំង នៅពាក់កណ្ដាលទសវត្សរ៍ឆ្នាំ​១៩៩០ ជាមួយនឹងតួឯកក្នុងខ្សែភាព​យន្តដូចជា «Viva Erotica» និង «Bishonen» ។ ការសម្ដែងនៅក្នុងខ្សែភាពយន្តអន្តរជាតិដូចជា The Transporter, So Close, Three Times, My Wife Is a Gangster 3 និង Love បានធ្វើឱ្យតារាស្រីរូបនេះ ល្បីរន្ទឺនៅទូទាំងពិភពលោក។

នៅឆ្នាំ ២០២៣ តារាស្រី Shu Qi បានក្លាយជាគណៈវិនិច្ឆ័យដ៏សំខាន់នៅមហោស្រពភាពយន្តអន្តរ​ជាតិទីក្រុង Venice ប្រទេសអ៊ីតាលី ខណៈតួនាទីជាគណៈវិនិច្ឆ័យពីមុនរបស់តារាស្រីរូបនេះ គឺនៅមហោស្រពភាពយន្តទីក្រុងប៊ែកឡាំង ប្រទេសអាល្លឺម៉ង់ឆ្នាំ ២០០៨ និងមហោស្រពភាពយន្តទីក្រុង Cannes ប្រទេសបារាំងឆ្នាំ ២០០៩ ដើម្បីក្លាយជាសិល្បការិនីទី៣ នៃជនជាតិចិន ដើរតួនាទីជាគណៈ​វិនិច្ឆ័យនៅឯមហោស្រពភាពយន្តដ៏ធំរបស់អឺរ៉ុបចំនួន ៣ បន្ទាប់ពីតារាសម្ដែងស្រីចិន Gong Li និងតារាសម្ដែងស្រីហុងកុង Maggie Cheung ៕ (ប្រភព ៖ VnExpress រូបភាព ៖ VnExpress និង Breathless Survival)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ