រាជធានីភ្នំពេញ ៖ ភរិយារបស់អធិរាជសម្លេងមាសលោក ស៊ីន ស៊ីសាមុត គឺលោកស្រី ខាវ ថងញ៉ុត ត្រូវបានក្រុមគ្រួសារបញ្ជូនមកព្យាបាលនៅមន្ទីរពេទ្យ បន្ទាប់ពីអាការៈជំងឺរបស់លោកស្រី ហាក់មិនស្រួលខ្លាំង ។ នេះបើយោងការអោយដឹងពីក្រុមព្រះសុរិយា ដែលបានប្រកាសតាមបណ្តាញសង្គម នៅថ្ងៃទី២៧ ខែមីនា ឆ្នាំ២០២៦ នេះ ។

ផេកហ្វេសប៊ុកក្រុមព្រះសុរិយាបានគូសបញ្ជាក់ថា ក្នុងស្ថានភាពអាកាសធាតុឡើងកំដៅខ្លាំង បានធ្វើអោយមនុស្សដែលមានសុខភាពទន់ខ្សោយ ចាស់ជរា ធ្លាក់ខ្លួនឈឺ ។ ពេលនេះ លោកស្រី ខាវ ថងញ៉ុត ឧត្តមភរិយាអធិរាជសំឡេងមាស ស៊ីន ស៊ីសាមុត បានធ្លាក់ខ្លួនឈឺផងដែរ និងកំពុងសម្រាកព្យាបាលនៅក្នុងមន្ទីរពេទ្យបង្អែកខេត្តស្ទឹងត្រែង ។ សូមបួងសួងដល់វត្ថុស័ក្កសិទ្ធិក្នុងលោក តាមបីបាច់ថែរក្សាដូន ខាវ ថងញ៉ុត ឆាប់បានជាសះស្បើយឡើងវិញឆាប់ៗនេះ ។

យ៉ាងណា ក្រោយការប្រកាសខាងលើនេះ គេឃើញមានមហាជនជាច្រើនបានសម្តែងក្តីព្រួយបារម្ភ និងបានបួងសួងសូមលោកស្រីឆាប់ជាសះស្បើយឡើងវិញ ។ ភរិយាលោក ស៊ីន ស៊ីសាមុត លោកស្រីខាវ ថងញ៉ុត បច្វុប្បន្នមានវ័យជាង៨០ឆ្នាំ បាននិងរស់នៅជាមួយកូនស្រីម្នាក់ដែលមានវ័យចំណាស់ផងដែរ ។

ដោយវ័យកាន់តែជរា លោកស្រី ខាវ ថងញ៉ុត បានពើបប្រទះនូវជំងឺប្រចាំកាយជាច្រើនមុខ ខណៈពេលឆ្អឹងខ្នងរបស់ស្រីមានបញ្ហាផងនោះ ជាហេតុធ្វើអោយលោកស្រីមិនអាចដើរ ឬអង្គុយបានឡើយ ។

លោកស្រីបានរៀបការជាមួយលោក ស៊ីន ស៊ីសាមុត បន្ទាប់ពីអធិរាជសម្លេងមាសរូបនេះបានបញ្ចប់ការសិក្សាពីសាលាវេជ្ជសាស្ត្រ ខណៈពេលចំណងអាពាហ៍ពិពាហ៍របស់លោកស្រីទទួលបានបុត្រ៤នាក់ ប៉ុន្តែក្រោយរបបខ្មែរក្រហម គឺមានតែកូនប្រុសម្នាក់ និងកូនស្រីម្នាក់ប៉ុណ្ណោះដែលនៅរស់រានមានជីវិត ៕
ចែករំលែកព័តមាននេះ