ខេត្តបន្ទាយមានជ័យ ៖ បន្ទាប់ពីព្រះភិរុណបានបង្អុរធ្លាក់ចុះជាបន្តបន្ទាប់ កាលពីយប់ថ្ងៃទី២៦ និងឈានដល់វេលាទៀបភ្លឺថ្ងៃទី២៧ ខែកញ្ញា ឆ្នាំ២០២៣នេះ ជំនន់ទឹកភ្លៀងបានកើតមានធ្វើឲ្យលិចផ្លូវជាតិ និងផ្លូវបេតុងជាច្រើនកន្លែង ស្ថិតនៅក្នុងភូមិសាស្ត្រទីប្រជុំជនក្រុងប៉ោយប៉ែត។
ហើយផ្លូវបេតុងមួយចំនួនស្ទើរតែមិនអាចធ្វើចរាចរណ៍បាន ដោយសាទឹកជ្រៅពេក ខណៈផ្លូវជាតិលេខ៥ ចាប់ពីចំណុចផ្លូវចូលវិទ្យាល័យអូរជ្រៅ ជិតដល់ផ្លូវចូលស្តង់តាងួន ស្ថិតក្នុងសង្កាត់ប៉ោយប៉ែត ក៏មានជំនន់ទឹកភ្លៀងលិចលង់ផងដែរ ប៉ុន្តែមិនជ្រៅដូចកាលពីអំឡុងជំនន់ទឹកភ្លៀងលិចលង់ប៉ុន្មានឆ្នាំមុននោះទេ។
ចំពោះរថយន្តធំៗដែលភាគច្រើនដឹកខ្សាច់ និងថ្ម ចូលក្រុងប៉ោយប៉ែត ក៏ត្រូវបានអាជ្ញាធរបញ្ជាឲ្យកម្លាំងទប់ស្កាត់នៅចំណុចផ្លូវបំបែក ចូលផ្លូវស្តង់តាងួន ដើម្បីចៀសវាងបំផ្លាញផ្លូវ និងរងការរិះគន់ពីប្រជាពលរដ្ឋ។
លោក គាត ហ៊ុល អភិបាលក្រុងប៉ោយប៉ែត មិនអាចទាក់ទងសុំការអត្ថាធិប្បាយពាក់ព័ន្ធករណីជំនន់ទឹកភ្លៀងខាងលើបានទេ ដោយសារទូរស័ព្ទរបស់លោកចុចមិនចូល។
ទោះបីជាយ៉ាងណាក៏ដោយ បើតាមរបាយការណ៍សមត្ថកិច្ច បានប្រាប់ឲ្យដឹងថា គ្រោះធម្មជាតិខាងលើនេះ មិនបានបង្កគ្រោះថ្នាក់ដល់អាយុជីវិតមនុស្ស ឬសត្វឡើយ។ ហើយថា នេះគ្រាន់ជាជំនន់ទឹកភ្លៀងដែលធ្លាក់ខ្លាំង ហើយទឹកហូរចុះពីអូរព្រំដែនមិនទាន់តែប៉ុណ្ណោះ។ ហើយនិយាយទៀតថា ពេលនេះ អាជ្ញាធរកំពុងតែយកគ្រឿងចក្រ ស្វះស្វែងចូកកាយនៅចំណុចសំខាន់ៗ ដើម្បីរំដោះទឹកចេញពីទីប្រជុំជនមួយនេះហើយ។
របាយការណ៍បញ្ជាក់ទៀតថា ទឹកអូរព្រំដែន ដែលបានឡើងដល់មាត់ច្រាំង ប៉ុន្តែមិនបង្កលិចលង់ដល់លំនៅដ្ឋានរបស់អ្នកភូមិជាប់ៗព្រំដែនខាងត្បូងផ្លូវជាតិលេខ៥ ឡើយ៕
ចែករំលែកព័តមាននេះ