រាជធានីភ្នំពេញ ៖ ដើម្បីឈ្វេងយល់លើបទពិសោធន៍ជោគជ័យរបស់កម្មវិធីគាំទ្រសហគ្រាសជលផលខ្នាតតូច និងមធ្យម (VCIS) របស់គម្រោងអភិវឌ្ឍន៍ជលផលក្រោយប្រមូលផល (CAPFish) ដែលគាំទ្រដល់សហគ្រាសជលផលចំនួន ២៨ ក្នុងការធ្វើទំនើបកម្មប្រតិបត្តិការអាជីវកម្ម ការបង្កើតការងារ ការប្រើប្រាស់ធនធានប្រកបដោយប្រសិទ្ធភាព និងបង្កើនប្រាក់ចំណេញបានកាន់តែប្រសើរ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ សហការជាមួយអង្គការសហប្រជាជាតិអភិវឌ្ឍន៍ឧស្សាហកម្ម (UNIDO) ក្រោមសហហិរញ្ញប្បទានពីសហភាពអឺរ៉ុប បានរៀបចំជាពិសេសសម្រាប់ដំណើរទស្សនកិច្ចសិក្សា និងផ្សព្វផ្សាយអំពីសហគ្រាសជលផលក្រោយប្រមូលផលដែលទទួលផលពីគម្រោង CAPFish នៅរាជធានីភ្នំពេញ ខេត្តកណ្តាល កំពង់ធំ និងខេត្តសៀមរាប ចាប់ថ្ងៃទី ១៧-២០ ខែកញ្ញា ឆ្នាំ ២០២៣ នៅសហគ្រាសចំនួន ៥ ក្នុងចំណោមសហគ្រាសទាំង ២៨ ក្នុងគោលបំណងផ្តល់សារអប់រំមួយចំនួនដល់បណ្តាញសារព័ត៌មានស្តីពីការអភិវឌ្ឍអាជីវកម្ម គោលគំនិត និងការអនុវត្តសុវត្ថិភាពម្ហូបអាហារ និងការអភិវឌ្ឍវិស័យឯកជន ។
លោកបណ្ឌិត សេតធី ស៊ីថារ៉ាម៉ា ថមបាធូ ប្រធានទីប្រឹក្សាបច្ចេកទេសអង្គការ UNIDO បានឱ្យដឹងថា ផលិតផលជលផលក្រោយប្រមូលផលស្តីពីអាហារសុវត្ថិភាព រួមមាន ៖ ត្រីឆ្អើរ ត្រីងៀត ទឹកត្រី និងបង្គារក្រៀម មានសារៈសំខាន់ណាស់ក្នុងប្រកួតប្រជែងជាមួយផលិតផលក្នុងស្រុក និងប្រទេសជិតខាង ។ លោកបញ្ជាក់ថា CAPFish គឺជាគម្រោងមួយធំជាងគេនៅលើពិភពលោក ហើយ CAPFish បង្កើតឡើងដើម្បីប្រកួតប្រជែងនៅលើទីផ្សារជាតិ អន្តរជាតិ រួមទាំងសហភាពអឺរ៉ុបផងដែរ ។
លោក ពុំ សុថា ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយករដ្ឋបាលជលផល ក៏បានឱ្យដឹងដែរថា ក្រោមក្របខណ្ឌគម្រោង CAPFish បាននិងកំពុងសហការអភិវឌ្ឍន៍ក្នុងភាពជាដៃគូក្នុងនាមរដ្ឋបាលជលផល និងអង្គការ UNIDO ។ គម្រោងនេះមានរយៈពេល ៥ ឆ្នាំ គឺចាប់ពីឆ្នាំ ២០១៩ ដល់ ២០២៤ ដែលមានលទ្ធផលរំពឹងទុកចំនួន ៣ គឺការពង្រឹងសមត្ថិភាពអាជ្ញាធរមានសមត្ថកិច្ច និងប្រព័ន្ធត្រួតពិនិត្យ, ពង្រឹងសមត្ថិភាពវិស័យឯកជន និងការស្រាវជ្រាវអភិវឌ្ឍន៍បច្ចេកវិទ្យាក្នុងគោលបំណងលើកកម្ពស់ការកែឆ្នៃផលជលផលក្រោយប្រមូលផល ។ លោកបន្តថា បច្ចុប្បន្នគម្រោងបាននិងកំពុងគាំទ្រសហគ្រាសចំនួន ២៨ ដែលក្នុងនោះសហគ្រាសចំនួន ៨ ទទួលបានវិញ្ញាបនបត្របញ្ជាក់គុណភាព CQS រួចហើយ ។ រដ្ឋបាលជលផល បានយកចិត្តទុកដាក់ក្នុងការកាត់បន្ថយថ្លៃដើម ការចិញ្ចឹមមានពូជល្អ ធ្វើយ៉ាងណាឱ្យការចិញ្ចឹមកាត់បន្ថយពេលវេលា ការផលិតឱ្យមានគុណភាពល្អ ដើម្បីលក់ឱ្យបានថ្លៃ និងប្រកួតប្រជែងលើទីផ្សារជាតិ និងអន្តរជាតិ ។
កញ្ញា អ៉ឹម រចនា អនុរដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានឱ្យដឹងថា ធនធានជលផល និងវារីវប្បកម្ម គឺជាប្រភពនៃអាហារូបត្ថម្ភ ការងារ មុខរបរ និងអត្ថប្រយោជន៍ផ្នែកសង្គម សេដ្ឋកិច្ច និងវប្បធ៌ម ។ ប្រជាពលរដ្ឋកម្ពុជាជាង ៣ លាននាក់ពឹងផ្អែកដោយផ្ទាល់លើធនធានជលផលដើម្បីចិញ្ចឹមជីវិត ។ នៅក្នុងពិភពលោក ប្រទេសកម្ពុជា គឺជាប្រទេសមួយដែលមានប្រជាជនទទួលទានត្រីខ្ពស់ជាងគេបំផុត ពោលគឺពលរដ្ឋមួយរូបទទួលទានត្រីប្រមាណ ៥៧,៣គ.ក/នាក់ក្នុងមួយឆ្នាំ នេះបើតាមតួលេខឆ្នាំ ២០១៩ និងខ្ពស់បំផុតក្នុងឆ្នាំ ២០១១ រហូតដល់ ៦៣,២គ.ក/នាក់ក្នុងមួយឆ្នាំ បើធៀបទៅនឹងអត្រាមធ្យមនៃពលរដ្ឋទទួលទានត្រីក្នុងពិភពលោក ត្រឹមតែ ២០,៥គ.ក/នាក់ក្នុងមួយឆ្នាំ ។
កញ្ញា អ៉ឹម រចនា បន្តថា តាមការសិក្សារបស់អង្គការសុខភាពពិភពលោក ជំងឺបង្ករពីអាហារពុំមានសុវត្ថិភាពមានដល់ជាង ២០០ ប្រភេទផ្សេងគ្នា រាប់តាំងពីជំងឺរាករូសរហូតដល់ស្លាប់ ។ អត្រាមរណភាពក្នុងលោក បណ្តាលមកពីអាហារអសុវត្ថិភាពមានចំនួនប្រមាណ ៤២០.០០០ នាក់ ក្នុងមួយឆ្នាំ មានន័យថា មនុស្សម្នាក់ក្នុងចំណោម ១០ នាក់ក្នុងលោក នឹងធ្លាក់ខ្លួនឈឺភ្លាមក្រោយពេលទទួលទានអាហារគ្មានសុវត្ថិភាព ឬមានមេរោគ ។ ជាមធ្យម ចំណាយផ្នែកវេជ្ជសាស្រ្តប្រមាណ ១១០ ពាន់លានដុល្លារត្រូវបាត់បង់ជារៀងរាល់ឆ្នាំ ភាគច្រើនពីប្រទេសដែលមានប្រាក់ចំណូលទាប និងមធ្យម ដើម្បីឆ្លើយតបទៅនឹងបញ្ហានេះ ។ កម្ពុជាក៏ជួបបញ្ហានេះដូចគ្នា ប៉ុន្តែពុំមានរបាយការណ៍ចងក្រងគ្រប់គ្រាន់ទេ ។ ការរាយ ការណ៍អំពីជំងឺបណ្តាលមកពីអាហារនៅមានកម្រិតទាប បន្ទុក និងការចំណាយពាក់ព័ន្ធនិងការព្យាបាលជំងឺពុំសូវមានការចាប់អារម្មណ៍ឱ្យបានទូលំទូលាយ ។
កញ្ញាបន្ថែមថា សុវតិ្ថភាពម្ហូបអាហារ គឺជាការងារអាទិភាពមួយរបស់រាជរដ្ឋាភិបាល សុវត្ថិភាពម្ហូបអាហារនេះមិនត្រឹមតែជាកង្វល់សម្រាប់សុខភាពសាធារណៈប៉ុណ្ណោះទេ ប៉ុន្តែវាដើរតួនាទីយ៉ាងសំខាន់សម្រាប់ប្រកួតប្រជែងពាណិជ្ជកម្មលក្ខណៈអន្តរជាតិផងដែរ ។ ឆ្លើយតបនឹងទឹសដៅនេះ រដ្ឋបាលជលផល ដែលជាសេនាធិការរមួយបស់ក្រសួង កំពុងអនុវត្តគម្រោងអភិវឌ្ឍន៍ជលផលក្រោយប្រមូលផល (CAPFish-Capture) ក្រោមហិរញ្ញប្បទានគាំទ្រពីសហភាពអឺរ៉ុប សហការជាមួយអង្គការ UNIDO បានចូលរួមចំណែកក្នុងការបង្កើតវប្បធម៌សុវត្ថិភាពម្ហូបអាហារ និងបានរៀបចំបង្កើត និងដាក់ឱ្យប្រើប្រាស់និមិត្តសញ្ញាគុណភាពផលផលិតផលជលផលកម្ពុជា (CQS) សម្រាប់លើកទឹកចិត្ត អោយវិស័យឯកជនអនុវត្ត ដើម្បីឆ្លើយតបតាមតម្រូវការទីផ្សារទាំងក្នុងតំបន់ និងអន្តរជាតិ ។
សូមបញ្ជាក់ថា ទស្សនកិច្ចសិក្សានេះមានអ្នកចូលរួមចំនួន ៤៤ រូបមកពីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ រដ្ឋបាលជលផល អង្គការ UNIDO និងអ្នកសារព័ត៌មានមកពី ១៩ ស្ថាប័ន ៕
ចែករំលែកព័តមាននេះ