ខេត្តកណ្តាល ៖ ដីបឹងក្របីដេក និងដីបឹងតំបន់អតីតឡូតិ៍នេសាទលេខ៧ រាប់រយហិកតា នៅក្នុងភូមិសាស្ត្រឃុំចំនួន៤ គឺឃុំព្រែកតាម៉ាក់, ឃុំពុកឬស្សី, ឃុំសន្លុង និងឃុំវិហារសួរគា៍ នៃស្រុកខ្សាច់កណ្តាល ខេត្តកណ្តាល ដែលជាដីបឹងសម្បត្តិសាធារណៈរបស់រដ្ឋ ត្រូវបានក្រុមឈ្មួញអ្នកមានលុយ មានអំណាច ឃុ.បឃិ.តគ្នារំលោ.ភបំពា.នយកធ្វើជាកម្មសិទ្ធិឯកជនយ៉ាងគឃ្លើន ហើយបច្ចុប្បន្ននេះ កំពុងតែប្រើប្រាស់គ្រឿងចក្រជីកកាយរុញបំផ្លិចបំផ្លាញព្រៃជម្រកត្រីពងកូនយ៉ាងអនាធិបតេយ្យ។
បើតាមប្រជាពលរដ្ឋម្នាក់ សូមមិនបញ្ចេញឈ្មោះ បានរៀបរាប់ប្រាប់អ្នកសារព័ត៌មានឱ្យដឹងថា ដីបឹងក្របីដេក និងដីអតីតឡូតិ៍នេសាទលេខ៧ ស្ថិតក្នុងដែនរដ្ឋបាលគ្រប់គ្រង ភូមិសាស្ត្ររបស់អាជ្ញាធរឃុំព្រែកតាម៉ាក់, ឃុំពុកឬស្សី, ឃុំសន្លុង និងឃុំវិហារសួរគា៍។ ហើយដីបឹងសម្បត្តិសាធារណៈរបស់រដ្ឋនេះ មានទំហំរាប់រយហិកតា និងមានសារៈសំខាន់ខ្លាំងណាស់ សម្រាប់បងប្អូនប្រជាពលរដ្ឋអាស្រ័យផលដូចជា ៖ យកទឹកប្រើប្រាស់ស្រោចស្រពដំណាំផ្សេងៗ ជាពិសេសដំណាំស្រូវ និងនេសាទត្រី កាប់អុស, ដាំឈូក, ដកក្រអៅឈូក, ដកព្រលិត និងបេះត្រកួន ដើម្បីលក់ចិញ្ចឹមជីវិតប្រចាំថ្ងៃ។ លុះដល់ពេលឥឡូវនេះ ក៏មានឈ្មួញដាក់គ្រឿងចក្រមកឈូសឆាយរុញបំផ្លាញព្រៃលិចទឹកជម្រកត្រី និងជីវ:សត្វចម្រុះពងកូនលើក្រវ៉ាត់ធំៗព័ន្ធជុំវិញដី ធ្វើអោយប្រជាពលរដ្ឋចូលទៅអាស្រ័យផលមិនបាន។
ប្រភពដដែលបន្តថា វាផ្ទុយពីអនុសាសន៍របស់សម្តេចតេជោ ហ៊ុន សែន ដែលបានកាត់រំសាយឡូតិ៍នេសាទចោល ដើម្បីទុកអោយរាស្ត្រអាស្រ័យផលចិញ្ចឹមជីវិត តែធាតុពិតរាស្ត្រមិនបានចូលទៅអាស្រ័យផលនោះទេ គឺឈ្មួញមានលុយ មានអំណាច បានឃុ.បឃិ.តគ្នាជាមួយអាជ្ញាធរលក់ដីបឹងសម្បត្តិសាធារណៈរបស់រដ្ឋអោយទៅឈ្មួញអស់ខ្ទេចខ្ទីគ្មានសល់ឡើយ។ហើយបើអ្នកណាចង់ចូលទៅអាស្រ័យផលបាន លុះត្រាតែអ្នកជួលដីក្រុមហ៊ុនដាំឈូក ទើបចូលបាន បើមិនដូច្នោះទេ កុំថាឡើយចូលទៅរកអាស្រ័យផល សូម្បីតែដើរឆ្លងកាត់ប្រហែលជាមិនបានផងមើលទៅ។
ពលរដ្ឋបញ្ជាក់បន្ថែមទៀតថា រឿងដីបឹងសម្បត្តិសាធារណៈរបស់រដ្ឋនេះ ប្រជាពលរដ្ឋបានត្រឹមអាស្រ័យផលចិញ្ចឹមជីវិត គ្មានសិទ្ធិហ៊ានលក់ដីរដ្ឋទេ តែបើមិនត្រូវរ៉ូវគ្នាជាមួយអាជ្ញាធរថ្នាក់ស្រុក ឬខេត្តទេ ក៏ឈ្មួញមិនអាចគ្រប់គ្រងបានដែរ។
ពលរដ្ឋត្អូញត្អែថា សព្វថ្ងៃនេះ ពួកគាត់ជួបការលំបាកក្នុងការខ្វះទឹកបង្កបង្កើនផលដំណាំ ដោយសារមានក្រុមឈ្មួញគេបានដាក់គ្រឿងចក្រ (អាអ៊ិច) ប្រហែល១០គ្រឿងកំពុងកាយលើកបិទទំនប់ផ្លូវទឹកហូរនៅខាងទឹកដីឃុំពុកឬស្សី កុំអីមានទឹកហូរចូលមកពេញហូរហៀរងាយស្រួលពលរដ្ឋអាស្រ័យផលហើយ។ ដូច្នេះពលរដ្ឋសំណូមពរ សូមអោយមន្ត្រីតាមបណ្តាក្រសួងស្ថាប័នពាក់ព័ន្ធ សូមមេត្តាជួយទប់ស្កាត់អន្តរាគមន៍ផង។ ដោយសារផ្លូវចូលទៅនៅដីបឹងឆ្ងាយ ហើយមានភក់ជោកជាំទៀត ទើបក្រុមអ្នកសារព័ត៌មានយើងចូលទៅដល់ថតផ្តិតយករូបភាពមិនបាន។
ជុំវិញបញ្ហាខាងលើនេះ លោក ចេង ឌីណា អភិបាលស្រុកខ្សាច់កណ្តាល ពេលដែលអ្នកសារព័ត៌មានយើងព្យាយាមសូមជួបគាត់ ដើម្បីសួរនាំពាក់ព័ន្ធរឿងនេះ ស្រាប់តែលោកឆ្លើយប្រាប់តាមទូរស័ព្ទអោយដឹងថា បើមានអញ្ចឹងមែន សូមមកដាក់ពាក្យបណ្តឹងតាមផ្លូវច្បាប់ចុះ ហើយបើអ្នកសារព័ត៌មានចង់ចុះផ្សាយក៏ផ្សាយទៅ តែផ្សាយអោយត្រឹមត្រូវតាមច្បាប់ តែផ្សាយខុសខ្ញុំនឹងចាត់ការតាមនីតិវិធីច្បាប់ហើយ។
ព័ត៌មានបន្ថែមនឹងមានផ្សាយជូននៅលើកាសែតកោះសន្តិភាព៕
ចែករំលែកព័តមាននេះ