រាជធានីភ្នំពេញ, ថ្ងៃទី ១៧ ខែសីហា ឆ្នាំ ២០២៣ ៖ ក្រោយពីការវាយតម្លៃយ៉ាងសុក្រឹត និងច្រើនដំណាក់កាល តាំងពីថ្នាក់ស្រុក មន្ទីរអប់រំខេត្ដ រហូតដល់ក្រសួងអប់រំ យុវជននិងកីឡា ចំពោះការបង្រៀនរបស់លោកគ្រូ-អ្នកគ្រូ ជាច្រើននាក់ ដើម្បីជ្រើសរើសតែម្នាក់ប៉ុណ្ណោះ សម្រាប់ទទួលពានរង្វាន់សម្តេចចៅហ្វាមហាចក្រី ឆ្នាំ ២០២៣ ហៅកាត់ PMCAF ។ ពេលនេះបានរកឃើញអ្នកគ្រូបង្រៀនគណិតវិទ្យាដ៏ឆ្នើម ១ រូប មកពីខេត្តតាកែវក្នុងការទទួលបានពាន ជាមួយនិងប្រាក់ ១ ម៉ឺនដុល្លារ ។
ដោយមានទីលំនៅក្នុងភូមិបឹង ឃុំជំរះពេន ស្រុកសំរោង ខេត្ដតាកែវ អ្នកគ្រូ ហៃ ចរិយា ជាគ្រូបង្រៀនផ្នែកគណិតវិទ្យា នៅវិទ្យាល័យ សុខ អាន សំរោង ក្នុងខេត្តតាកែវ បានឱ្យដឹងថា ៖ «មុននាងខ្ញុំទទួលបានពានរង្វាន់នេះ ខ្ញុំមានស្នាដៃខ្លះៗនៅក្នុងក្រសួងអប់រំ និងធ្លាប់បានពានរង្វាន់គ្រូល្អបំផុត នៃពានរង្វាន់សម្តេចតេជោ ក្នុងឆ្នាំ ២០២២ ។ ក្នុងការអប់រំ ខ្ញុំមិនបានផ្តោតតែលើការបង្រៀនមួយមុខទេ ខ្ញុំបានបង្រៀនកូនសិស្សនូវសុជីវធម៌ បំណិនជីវិត (ការរស់នៅក្នុងសង្គម) តាមដានការសិក្សារបស់សិស្ស តាមរយៈការភ្ជាប់ទំនាក់ទំនងទៅអាណាព្យាបាលសិស្ស ហើយនាងខ្ញុំតែងតែចូលរួមចែករំលែងការងារសង្គម ដូចជាការកសាងសាលា និងការងារមនុស្សធម៌នៅក្នុងសហគម» ។
អ្នកគ្រូ ហៃ ចរិយា បានសម្តែងនូវអារម្មណ៍រំភើប ដូចនេះថា ៖ «ចំពោះពានរង្វាន់នេះ ពិតជាមានសារៈសំខាន់ណាស់ ដើម្បីឱ្យនាងខ្ញុំបានរៀន និងជួបជាមួយគ្រូបង្រៀនផ្សេងទៀត ដែលមកពីប្រទេសផ្សេងៗ ដែលយើងអាចរៀនពីបទពិសោធន៍ និងបច្ចេកទេសបង្រៀនរបស់ពួកគាត់ ដើម្បីយកមកអភិវឌ្ឍន៍ខ្លួនឯង និងអាចចែករំលែកដល់លោកគ្រូ-អ្នកគ្រូនៅក្នុងស្រុកយើង ឬនៅក្នុងសាលារបស់យើង ។ វាពិតជាប្លែកមែនទែនសម្រាប់ខ្ញុំ ព្រោះខ្ញុំមិននឹកស្មានថា អាចមានឱកាសដូចពេលនេះ នៅពេលយើងនៅសាលារបស់យើងវាហាក់បីដូចជាធម្មតា ដល់បានមកដល់ទីនេះទើបយើងភ្ញាក់ខ្លួន ហើយនឹងសន្យាជាមួយខ្លួនឯងថា នឹងអភិវឌ្ឍន៍បន្ថែមទៀត ដើម្បីឱ្យស័ក្តិសមជាមួយពានរង្វាន់ជ័យលាភីនេះ» ។
ជាមួយនឹងការឆ្លើយតបទៅនឹងការជ្រើសរើសអ្នកឈ្នះពានរង្វាន់នេះ លោកស្រីបណ្ឌិត Benjalug Namfa, Manager of PMCA Foundation បានថ្លែងថា ៖ «ចំពោះការទទួលបានពានរង្វាន់នេះ ខាងគណៈកម្មការនៃមូលនិធិ ផ្ញើគោលការណ៍ផ្សេងៗទៅតាមបណ្តាប្រទេសនីមួយៗ ដែលត្រូវបានផ្តល់មូលនិធិនេះ បន្ទាប់មកខាងក្រសួងអប់រំ ក្នុងប្រទេសនីមួយៗនិងចាត់ចែង តាមនិតិវិធីនានាដែលគម្រោងមូលនិធិតម្រូវ» ។
ថ្លែងពីស្ថានទូតថៃប្រចាំព្រះរាជាណាចក្រកម្ពុជា កាលពីថ្ងៃទី ១៦ ខែសីហា ឆ្នាំ ២០២៣ លោកស្រីបណ្ឌិត Benjalug Namfa បានបន្តថា លក្ខខណ្ឌជាច្រើនត្រូវបានអនុវត្ត ដើម្បីទទួលបានពាននេះ នោះគឺ ៖ ការបង្កើតឱ្យមានការផ្លាស់ប្តូរជីវិត របស់សិស្សានុសិស្សរបស់គ្រូបង្រៀនផ្ទាល់ មិនត្រឹមការអប់រំនោះទេ គ្រូត្រូវមានលក្ខណៈពិសេសខុសពីគ្រូបង្រៀនធម្មតា ដែលមើលទៅលេចធ្លោជាងគេ បង្រៀនលើសុជីវធម៌ ពលរដ្ឋល្អ និងធ្វើយ៉ាងណាកសាងធនធានមនុស្សឱ្យក្លាយជាមនុស្សពេញលេញ និងបានជួយការងារក្នុងសង្គមជាច្រើនផងដែរ ។
គួរបញ្ជាក់ផងដែរថា ចាប់តាំងពីបង្កើតមូលនិធិក្នុងឆ្នាំ ២០១៥ រហូតមកដល់ពេលនេះ មានលោកគ្រូ-អ្នកគ្រូកម្ពុជា ចំនួន ៥ រូប ដែលត្រូវទទួលពានរង្វាន់សម្តេចចៅហ្វាមហាចក្រី ដែលមានដូចជា ៖ លោកស្រី តូច បណ្តូល អ្នកទទួលពានរង្វាន់នៅឆ្នាំ ២០១៥, លោកស្រី ឌី សោភ័ណ អ្នកទទួលបានពានក្នុងឆ្នាំ ២០១៧, លោក ឡយ វីរៈ អ្នកទទួលបានពានក្នុងឆ្នាំ ២០១៩, លោក ណន ដារី អ្នកទទួលពានរង្វាន់នៅឆ្នាំ ២០២១, និងអ្នកគ្រូ ហៃ ចរិយា អ្នកទទួលពានរង្វាន់នៅឆ្នាំ ២០២៣ ។ ចំណែក អ្នកគ្រូ ហៃ ចរិយា នឹងចូលរួមក្នុងពិធីប្រគល់ពានរង្វាន់ នៅខែតុលា ឆ្នាំ ២០២៣ ខាងមុខនេះ នៅក្នុងប្រទេសថៃ ៕
ចែករំលែកព័តមាននេះ