គណៈប្រតិភូមូលនិធិ ពានរង្វាន់សម្តេចចៅហ្វាមហាចក្រី ស្វែងរកកិច្ចសហការជាមួយអ្នកទទួល «ពានរង្វាន់សម្តេចចៅហ្វាមហាចក្រី»
- ភ្នំពេញ
រាជធានីភ្នំពេញ ៖ កំឡុងពេល ៣ ថ្ងៃ ចាប់ពីថ្ងៃទី ១៦ ដល់ថ្ងៃទី ១៨ ខែសីហា…
រាជធានីភ្នំពេញ ៖ កំឡុងពេល ៣ ថ្ងៃ ចាប់ពីថ្ងៃទី ១៦ ដល់ថ្ងៃទី ១៨ ខែសីហា…
រាជធានីភ្នំពេញ ៖ កំឡុងពេល ៣ ថ្ងៃ ចាប់ពីថ្ងៃទី ១៦ ដល់ថ្ងៃទី ១៨ ខែសីហា ឆ្នាំ ២០២៣ គណៈប្រតិភូនៃមូលនិធិពានរង្វាន់សម្តេចចៅហ្វាមហាចក្រី (Princess Maha Chakri Award Foundation, ហៅកាត់ PMCAF) ដែលដឹកនាំដោយលោកបណ្ឌិត Krissanapong Kirtikara ប្រធានមូលនិធិបានធ្វើទស្សនកិច្ច នៅព្រះរាជាណាចក្រកម្ពុជា ដើម្បីជួបជាមួយអ្នកទទួលពានរង្វាន់ សម្តេចចៅហ្វាមហាចក្រី ។
កាលពីថ្ងៃទី ១៦ ខែសីហា ឆ្នាំ ២០២៣ លោកបណ្ឌិត Krissanapong Kirtikara ប្រធាន PMCAF និងជាគណៈកម្មាធិការ PMCAF បានជួបសម្តែងការគួរសម នៅក្រសួងអប់រំ យុវជន និងកីឡា ដើម្បីផ្តល់ព័ត៌មានដល់ក្រសួង អំពីពិធីប្រគល់រង្វាន់ Princess Maha Chakri Award លើកទី ៥ ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃទី ១៧ ខែតុលា ឆ្នាំ ២០២៣ ខាងមុខនេះ និងសកម្មភាពពាក់ព័ន្ធផ្សេងទៀត ។
បន្ទាប់ពីចូលជួបសម្តែងការគួរសម នៅក្រសួងអប់រំ រួចហើយនោះ លោកបណ្ឌិត Krissanapong Kirtikara និងក្រុមការងារបានទទួលជួប PMCA ទាំងអស់ពីប្រទេសកម្ពុជា ដែលបានប្រព្រឹត្តិទៅ នៅស្ថានទូតថៃប្រចាំព្រះរាជាណាចក្រកម្ពុជា ក្នុងគោលបំណង ដើម្បីពិភាក្សាអំពីគម្រោង និងការដំណើរការផ្សេងៗ របស់ PMCA ទាំង ៥ រូប (អវត្តមាន ១ រូប) និងស្វែងរកកិច្ចសហការនាពេលអនាគតផងដែរ ។
លោកបណ្ឌិត Krissanapong Kirtikara មានប្រសាសន៍ថា ៖ «ពានរង្វាន់ Princess Maha Chakry គឺជាពានរង្វាន់ដ៏មានកិត្យានុភាព ដែលទទួលស្គាល់តម្លៃគ្រូបង្រៀន និងអាចឱ្យពួកគេដើរតួនាទីក្នុងការអភិវឌ្ឍន៍វិស័យអប់រំនៅក្នុងប្រទេសនីមួយៗ ។ ការទទួលបានពានរង្វាន់នេះ ត្រូវបានចាត់ទុកថា ជាជំហានឆ្ពោះទៅរកការពង្រីកចំណេះដឹង និងជាគំរូសម្រាប់គ្រូបង្រៀនផ្សេងទៀត នៅក្នុងប្រទេសនីមួយៗ ។ មិនតែប៉ុណ្ណោះ ពានរង្វាន់នេះក៏បានដើរតួជាយន្តការមួយ ក្នុងការអភិវឌ្ឍន៍បណ្តាញគ្រូបង្រៀន នៃ PMCA តាមរយៈកិច្ចសហការរបស់ស្ថានទូតថៃ និងក្រសួងអប់រំ យុវជននិងកីឡា ក៏ដូចជាវិស័យផ្សេងៗ ដើម្បីគាំទ្រអ្នកទទួលបានពាននៃ PMCA ក្រោមគោលគំនិត «មិត្តរបស់ប្រទេសថៃ» ។
បន្ថែមពីនេះលោកបណ្ឌិត Krissanapong Kirtikara ក៏បានថ្លែងអំណរគុណផងដែរ ចំពោះសារព័ត៌មានក្នុងស្រុក ដែលផ្សាយជាខេមរភាសា ទាំងការផ្សាយលើប្រព័ន្ធឌីជីថល និងការបោះពុម្ពលើកាសែត ដែលតែងតែជួយផ្សព្វផ្សាយនៅកម្មវិធីមូលនិធិនេះ លោកថា សារព័ត៌មានដើរតួរយ៉ាងសំខាន់ក្នុងការជួយផ្សព្វផ្សាយ នូវរាល់ព័ត៌មានទាំងអស់ មិនថាតែមូលនិធិនេះប៉ុណ្ណោះទេ ។
នៅក្នុងថ្ងៃដដែលនេះផងដែរ គណៈប្រតិភូ PMCAF បានអញ្ជើញលោកស្រី ឌី សោភ័ណ អ្នកទទួលបានពានក្នុងឆ្នាំ ២០១៧ និងលោក ឡយ វីរៈ អ្នកទទួលបានពានក្នុងឆ្នាំ ២០១៩ លោក ណន ដារី អ្នកទទួលពានរង្វាន់នៅឆ្នាំ ២០២១ និង លោកស្រី ហៃ ចរិយា អ្នកទទួលពានរង្វាន់នៅឆ្នាំ ២០២៣ ដោយឡែកលោកស្រី តូច បណ្តូល អ្នកទទួលពានរង្វាន់នៅឆ្នាំ ១០១៥ អវត្តមាននៅក្រៅប្រទេស ដើម្បីបន្តកិច្ចសហប្រតិបត្តិការ និងស្វែងរកលទ្ធភាពណាមួយ សម្រាប់ការសហការនាពេលអនាគត សម្រាប់អតីតអ្នកទទួលពាន និងអ្នកទើបទទួលបាន ។
សម្រាប់គម្រោងបន្ទាប់ នៅថ្ងៃទី ១៧ ខែសីហានេះ គណៈប្រតិភូ PMCAF នឹងទៅសួរសុខទុក្ខលោក ណន ដារី ដែលជាអ្នកទទួលពានរង្វាន់សម្តេចចៅហ្វាមហាចក្រី ក្នុងឆ្នាំ ២០២១ នៅសាលាបឋមសិក្សា គួច ម៉េងលី ទួលបេង ក្នុងភូមិទួលបេង ។ ចំណែកថ្ងៃបន្ទាប់គឺថ្ងៃទី ១៨ ខែសីហា គណៈប្រតិភូ PMCAF នឹងទៅសួរសុខទុក្ខ លោកស្រី ហៃ ចរិយា ដែលជាអ្នកទទួលបានពាន PMCA ក្នុងឆ្នាំ ២០២៣ នៅវិទ្យាល័យ សុខ អាន សំរោង ក្នុងស្រុកសំរោង ខេត្តតាកែវ ផងដែរ ។
គួរបញ្ជាក់ផងដែរថា ពានរង្វាន់សម្តេចចៅហ្វាមហាចក្រី (Princess Maha Chakri) គឺជាពានរង្វាន់អន្តរជាតិមួយ ដែលបង្កើតឡើងក្នុងឆ្នាំ ២០១៥ ក្នុងគោលបំណងគោរពដល់សម្តេចចៅហ្វា Maha Chakri Sirindhorn ដែលជាអ្នកអប់រំមួយអង្គនៃប្រទេសថៃ សម្តេចចៅហ្វា Maha Chakri ជឿជាក់ និងទទួលស្គាល់ថា គ្រូបង្រៀនដែលឆ្នើម គឺមានការលះបង់ខ្ពស់ ហើយការលះបង់របស់គាត់បានផ្លាស់ប្តូរជីវិតសិស្សរបស់ពួកគាត់ និងរួមចំណែកដល់ការអប់រំ នៅក្នុងតំបន់អាស៊ាន និងទីម័រខាងកើត ។
បន្ថែមពីនេះ ពានរង្វាន់សម្តេចចៅហ្វាមហាចក្រី ត្រូវបានផ្តល់ជារៀងរាល់ពីរឆ្នាំម្តង ក្នុងប្រទេសនីមួយៗ គឺជ្រើសរើសយកអ្នកទទួលពានមួយរូបប៉ុណ្ណោះ ដោយមូលនិធិនេះផ្តល់ជូនចំនួន ១០ ប្រទេស នៃប្រទេសជាសមាជិកអាស៊ាន និង ១ ប្រទេសទៀត គឺទីម័រឡេស្តេ ។ ពិធីប្រគល់ពានរង្វាន់ សម្តេចចៅហ្វាមហាចក្រី លើកទី ៥ នឹងប្រព្រឹត្តទៅនៅថ្ងៃទី ១៧ ខែតុលា ឆ្នាំ២០២៣ នៅប្រទេសថៃ ៕
ចែករំលែកព័តមាននេះ