រាជធានីភ្នំពេញ ៖ ផ្ទះល្វែងមួយកន្លែងត្រូវបានអគ្គិភ័យឆាបឆេះផ្សែងខ្មួលខ្មាញ់ បណ្តាលអោយសម្ភារៈមួយចំនួននៅបន្ទប់ឡាវតឿរងការខូចខាតទាំងស្រុង ដែលហេតុការណ៍នេះបង្កអោយមានការភ្ញាក់ផ្អើលកាលពីវេលាម៉ោង០៦និង៣០នាទីព្រឹក ថ្ងៃទី០៤ ខែសីហានេះ នៅចំណុចផ្ទះលេខ២៤៨ ផ្លូវបេតុង ភូមិទួលថ្ងាន់ សង្កាត់ទួលសង្កែទី២ ខណ្ឌឬស្សីកែវ រាជធានីភ្នំពេញ ។
ភ្លាមៗរថយន្តពន្លត់អគ្គិភ័យជាច្រើនគ្រឿងទៅអន្តរាគមន៍បាញ់ពន្លត់ ។ ចំណែកផ្ទះដែលត្រូវភ្លើងឆេះជាប្រភេទផ្ទះល្វែងធ្វើពីមេតុងទំហំ០៥ម៉ែត្រ គុណ២០ម៉ែត្រ ដែលមានម្ចាស់ឈ្មោះ សារី វណ្ណា ភេទប្រុស អាយុ៤៧ឆ្នាំ មុខរបរមេធាវី ។
តាមសាក្សីបានអោយដឹងថា នៅព្រឹកថ្ងៃកើតហេតុ គេឃើញភ្លើងបានឆាបឆេះចេញពីបន្ទប់ឡាវតឿដែលជាកន្លែងអាសនៈ ហើយហុយខ្មួលខ្មាញ់ទៅលើ ។
ភ្ញាក់ៗផ្អើលប្រជាពលរដ្ឋ ក្បែរខាង នាំគ្នាយកបំពង់ពន្លត់អគ្គិភ័យជួយបាញ់ពន្លត់ តែពុំអាចទប់ស្កាត់បាន ក៏ទាក់ទងរថយន្តអន្តរាគមន៍បាញ់ពន្លត់ ។
តាមនគរបាលការិយាល័យបង្ការពន្លត់អគ្គិភ័យ និងសង្គ្រោះនៃស្នងការនគរបាលរាជធានីភ្នំពេញ បានអោយដឹងថា អគ្គិភ័យនេះ បណ្តាលមកពីឆ្លងចរន្តអគ្គិសនី ។ ហើយនៅក្នុងហេតុការណ៍ នគរបាលបានចេញរថយន្តពន្លត់អគ្គិភ័យចំនួន០៨គ្រឿងទៅអន្តរាគមន៍ប្រើប្រាស់ទឹកអស់ចំនួន០៥ឡាន ស្មើនឹង២០ម៉ែត្រគូប ហើយភ្លើងបានរលត់នៅម៉ោង ០៧និង២០នាទីព្រឹក នាថ្ងៃខែឆ្នាំដដែល ។
អគ្គិភ័យនេះ បណ្តាលអោយសម្ភារៈមួយចំនួននៅបន្ទប់ឡាវតឿរងការខូចខាតទាំងស្រុង តែពុំបណ្តាលអោយឆេះរាលដាល និងគ្រោះថ្នាក់ដល់មនុស្សឡើយ ៕
ចែករំលែកព័តមាននេះ