Messi J រិះគន់រដ្ឋាភិបាលកប់ៗមាត់ ដែលរារាំងដល់ការអភិវឌ្ឍន៍បាល់ទាត់ថៃ
ថៃ ៖ ខ្សែបម្រើប្រយុទ្ធឆ្នើម Chanathip Songkrasin ចេញមុខរិះគន់ចំៗ ចំពោះភាពមិនចុះសម្រុងគ្នា
ថៃ ៖ ខ្សែបម្រើប្រយុទ្ធឆ្នើម Chanathip Songkrasin ចេញមុខរិះគន់ចំៗ ចំពោះភាពមិនចុះសម្រុងគ្នា
ថៃ ៖ ខ្សែបម្រើប្រយុទ្ធឆ្នើម Chanathip Songkrasin ចេញមុខរិះគន់ចំៗ ចំពោះភាពមិនចុះសម្រុងគ្នា ដែលកំពុងរារាំងដល់ការអភិវឌ្ឍន៍ ដែលនឹងឈានដល់ការបំផ្លាញបាល់ទាត់របស់ប្រទេសថៃ ដោយប្រធានក្រុមជម្រើសជាតិថៃរូបនេះ បាននិយាយថា បើគ្មានសាមគ្គីភាពទេ បាល់ទាត់ថៃនឹងមិនអាចរកឃើញផ្លូវអភិវឌ្ឍបាននោះទេ។ នេះបើយោងតាមបណ្តាប្រព័ន្ធផ្សព្វផ្សាយរបស់ថៃបានចេញផ្សាយ។
ខ្សែបម្រើប្រយុទ្ធ Chanathip Songkrasin រហស្សនាមថា «Messi J» បានថ្លែងនៅក្នុងសន្និសីទសារព័ត៌មានរបស់ក្លិបថ្មី BG Pathum United របស់គេ កាលពីថ្ងៃទី១១ ខែកក្កដា កន្លងទៅថា «កង្វះការរួបរួមលេចឡើងនៅកន្លែងជាច្រើន តាំងពីរដ្ឋាភិបាល ក្រសួងទេសចរណ៍ និងកីឡា រហូតដល់អាជ្ញាធរកីឡាថៃ (SAT) និងសហព័ន្ធបាល់ទាត់ថៃ (FAT)»។
កីឡាករវ័យ៣០ឆ្នាំរូបនេះ បានលើកយកកីឡដ្ឋានជាតិ Rajamangala ដែលត្រូវបានចាត់ទុកជាបេះដូងបាល់ទាត់ថៃ ជាឧទាហរណ៍ថា «ឪពុកខ្ញុំបានប្រាប់ខ្ញុំថា មានតែក្រុមជម្រើសជាតិទេ ដែលអាចលេងនៅក្នុងកីឡដ្ឋានជាតិ Rajamangala ប៉ុន្តែងាកមកមើលឥឡូវនេះ កីឡដ្ឋានជាតិនេះ បានក្លាយជាកន្លែងរៀបចំការប្រគុំតន្ត្រី និងការប្រកួតមិត្តភាពសម្រាប់ក្លិបបរទេសដូចជាក្រុម Manchester United ខណៈដែលក្រុមជម្រើសជាតិថៃ បែរជាមិនសូវមានការប្រកួតទៅវិញ។ តើនេះគឺជាការអភិវឌ្ឍន៍មែនទេ0x017d7» នេះជាការចោទសួររបស់កីឡាករល្អិតរូបនេះ។
បើយើងក្រឡែកមើលប៉ុន្មានខែចុងក្រោយនេះ កីឡាបាល់ទាត់ថៃ បានជួបប្រទះការផ្លាស់ប្តូរមិនអំណោយផលជាច្រើន ដែលក្រោយប្រធានសហព័ន្ធបាល់ទាត់ថៃ FAT លោក Somyot Poompanmoung បានប្រកាសលាលែងពីតំណែងកាលពីថ្ងៃទី០១ ខែកក្កដា តាមការសម្រេចចិត្តរបស់ឧបនាយករដ្ឋមន្ត្រី Prawit Wongsuwan និងជាប្រធានគណៈកម្មាធិការជាតិអូឡាំពិកជាតិរបស់ថៃ។
ប៉ុន្តែទោះជាយ៉ាងណាក៏ដោយ ក្រុមប្រឹក្សាសហព័ន្ធបាល់ទាត់ថៃ មិនបានទទួលយកការសម្រេចចិត្តរបស់លោក Somyot នោះទេ ហើយថែមទាំងស្នើលោកបន្តកាន់តំណែងនេះ រហូតដល់ចប់អាណត្តិនៅខែកុម្ភៈ ឆ្នាំ ២០២៤ ដើម្បីចៀសវាងការស៊ើបអង្កេតដោយសហព័ន្ធបាល់ទាត់ពិភពលោក FIFA និងសហព័ន្ធបាល់ទាត់អាស៊ី (AFC) ចំពោះជ្រៀតចូលនៃឥទ្ធិពលនយោបាយ។
បន្ថែមលើសពីនេះទៅទៀត ប្រព័ន្ធលីគបាល់ទាត់អាជីពរបស់ប្រទេសថៃ បានទទួលរងការធ្លាក់ចុះយ៉ាងខ្លាំង ជាពិសេសលើថ្លៃសិទ្ធិផ្សាយទូរទស្សន៍ពីចំនួន ៨.៧លានដុល្លារកាលពីរដូវកាលមុន ចុះមកនៅត្រឹម ១.៤លានដុល្លារនៅរដូវកាលក្រោយ។ ជាងនេះទៅទៀត ក្លិបនៅក្នុងស្រុកកំពុងត្រូវបានផ្តល់អនុសាសន៍ឱ្យគ្រប់គ្រងការប្រកួតលីគដោយខ្លួនឯង ជំនួសឱ្យការមានអ្នករៀបចំត្រឹមត្រូវ។
ត្រង់ចំណុចនេះ Songkrasin អតីតសមាជិកក្រុម Hokkaido Consadole Sapporo និង Kawasaki Frontale នៃលីគកំពូលជប៉ុន បាននិយាយថា «ដោយផ្ទាល់ ខ្ញុំគិតថាក្លិបធំៗនឹងរស់បានព្រោះពួកគេមានលុយ ដែលជារឿងខុសគ្នាសម្រាប់ក្លឹបតូចៗ»។
សូមជម្រាបជូនថា បន្ទាប់ពីចំណាយពេល៧ឆ្នាំ ជាមួយអាជីពនៅលីគកំពូលជប៉ុន Songkrasin បានសម្រេចត្រឡប់មកប្រទេសថៃវិញ ហើយចូលរួមជាមួយក្លិប BG Pathum United នៅក្នុងតម្លៃផ្ទេរ ២លានដុល្លារ ដែលជាការផ្ទេរដ៏ធំបំផុតទីពីរក្នុងប្រវត្តិសាស្ត្រលីគបាល់ទាត់ថៃ។
Songkrasin ត្រូវបានចាត់ទុកជាខ្សែបម្រើប្រយុទ្ធល្អបំផុតមួយក្នុងប្រវត្តិសាស្ត្របាល់ទាត់ថៃ ហើយបច្ចុប្បន្នជាកីឡាករឈានមុខគេរបស់ថៃ និងបានឈ្នះមេដាយមាសស៊ីហ្គេម ២ដង និង AFF Cup ៣ដង ជាមួយក្រុមដំរីសឹកថៃ៕ (ដកស្រង់ចេញពី VnExpress)
ចែករំលែកព័តមាននេះ