ខេត្តបាត់ដំបង ៖ ជនសង្ស័យចំនួន០៨នាក់ មានប្រុសមានស្រី ដែលជាប់សង្ស័យពីបទល្មើសជួញដូរគ្រឿងញៀនខុសច្បាប់ត្រូវបានកម្លាំងកងរាជអាវុធហត្ថខេត្តកសាងសំណុំរឿងបញ្ជូនទៅកាន់សាលាដំបូងខេត្ត នៅព្រឹកថ្ងៃទី៣១ ឧសភា ក្រោយបញ្ចប់នីតិវិធីសួរនាំ នៅការិយាល័យជំនាញ ។
តាមរយៈរបាយការណ៍ការិយាល័យប្រឆាំងបទល្មើសគ្រឿងញៀននៃបញ្ជាការដ្ឋានកងរាជអាវុធ ហត្ថខេត្ត ជនសង្ស័យទាំង០៨នាក់នោះរួមមាន ១-ឈ្មោះ សាំង សត្យា ភេទប្រុស អាយុ២៥ឆ្នាំ ២-ឈ្មោះ ជុំ វាសនា ភេទប្រុស អាយុ២៦ឆ្នាំ ៣-ឈ្មោះ រើន រស្មី ភេទប្រុស អាយុ២៣ឆ្នាំ ៤-ឈ្មោះ រឿន វណ្ណដាវ ភេទប្រុស អាយុ១៨ឆ្នាំ ៥-ឈ្មោះ ង៉ា ង៉ាន់ ភេទប្រុស អាយុ១៧ឆ្នាំ ៦-ឈ្មោះ សាន សុឆាក់រ៉ា ភេទប្រុស អាយុ៣៥ឆ្នាំ ៧-ឈ្មោះ ឡឹប រ៉ហ្វីលីន ភេទស្រី អាយុ២២ឆ្នាំ និង៨-ឈ្មោះ ហ៊ុន ហាន ហៅ ធំ ភេទប្រុស អាយុ២២ឆ្នាំ។
បើតាមមន្ត្រីកងរាជអាវុធហត្ថបានប្រាប់ថា ក្រុមនេះ ត្រូវបានកម្លាំងការិយាល័យប្រឆាំងគ្រឿង ញៀន បង្ក្រាបបានពេលពួកគេកំពុងប្រមូលផ្ដុំគ្នា ប្រព្រឹត្តបទល្មើសគ្រឿងញៀននេះជាក់ស្ដែង កាលពីល្ងាចថ្ងៃទី២៩ ឧសភា នៅចំណុចភូមិដំណាក់ហ្លូង សង្កាត់វត្តគរ ក្រុងបាត់ដំបង ។ ប៉ុន្តែមានម្នាក់ឈ្មោះ ហ៊ុន ហាន ហៅ ធំ ដែលជាបក្សពួក ត្រូវបានកម្លាំងជំនាញ ធ្វើការស្រាវជ្រាវឃាត់បានចុងក្រោយ នៅរសៀលថ្ងៃទី ៣០ ឧសភា នៅភូមិចំការឬស្សី សង្កាត់ព្រែកព្រះស្ដេច ក្រុងបាត់ដំប ង។
ជាមួយនឹងកិច្ចប្រតិបត្តិការបង្ក្រាបក្រុមជូញដូរគ្រឿងញៀនបានទាំងសំបុកខាងលើនេះ មន្ត្រីជំនាញរឹបអូសបានវត្ថុតាងដូចជា ១,គ្រឿងញៀនប្រភេទមេតំហ្វេតាមីន ICE (ម៉ាទឹកកក) ចំនួន០៦កញ្ចប់ ដែលមានទម្ងន់២៥,៦៤ក្រាម ២,ម៉ូតូចំនួន០២គ្រឿង ដែលជាមធ្យោបាយជិះប្រព្រឹត្តបទ ល្មើស និង៣,ទូរស័ព្ទដៃចំនួន០៧គ្រឿង ។ នៅចំពោះមុខមន្ត្រីជំនាញ និង វត្ថុតាង ក្រុមជន សង្ស័យមួយសំបុកនេះ បានសារភាពទទូលស្គាលថា ពួកខ្លួនពិតជាបានប្រមូលផ្ដុំគ្នាប្រព្រឹត្តបទល្មើសគ្រឿងញៀនទាំងនេះមែន ហើយវត្ថុតាងនានា ដែលសមត្ថកិច្ចបានដកហូតខាងលើនេះ ក៏ជារបស់ពួកខ្លួនដែរ។
លោក សូ ឌី ប្រធានមន្ទីរស្រាវជ្រាវ និង បង្ក្រាបបទល្មើស បានប្រាប់ថា មេបញ្ជាការកងរាជអាវុធ ហត្ថខេត្ត លោក ហែម វុទ្ធី បានបញ្ជាឲ្យកម្លាំងការិយាល័យជំនាញ បញ្ជូនក្រុមជនសង្ស័យទាំង០៨នាក់ខាងលើនេះ ទៅកាន់សាលាដំបូងខេត្ត ចាត់ការតាមច្បាប់ហើយ នៅព្រឹកថ្ងៃទី ៣១ ឧសភា ក្រោយបញ្ចប់នីតិវិធីសួរនាំ ។
លោកប្រធានមន្ទីររូបនេះបានបញ្ជាក់ដែរថា បើតាមប្រវត្តិក្រុមជនសង្ស័យខាងលើនេះ ជាក្រុមជូញដូរគ្រឿងញៀនយ៉ាងសកម្មនៅក្នងខេត្ត ដែលលោកមេបញ្ជាការខេត្ត ដាក់ផែនការឲ្យកម្លាំងជំនាញតាមដានសកម្មភាពួកគេ រហូតដល់ពេលនេះត្រូវបានបង្ក្រាបតែម្ដង ខណៈដែលពេលពួកគេកំពុងប្រមូលផ្ដុំគ្នាប្រព្រឹត្តបទល្មើសជាក់ស្ដែង៕
ចែករំលែកព័តមាននេះ