រាជធានីភ្នំពេញ ៖ ករណីគ្រោះថ្នាក់ចរាចរណ៍នៅកម្ពុជាឃើញថា មានការថយចុះ ប៉ុន្តែទោះបីជាយ៉ាងណាវានៅតែជាឃា.តករសម្លា.ប់ជីវិតមនុស្សនៅលើទ្រូងផ្លូវដដែល ។ ដូច្នេះសូមកុំបោះបង់ការប្រុងប្រយ័ត្ន និងខ្វះការទទួលខុសត្រូវនៅពេលធ្វើដំណើរ ។
តាមតួរលេខដែលសមត្ថកិច្ចបានកត់ត្រាបានបង្ហាញថា តាមរយៈកិច្ចខិតខំប្រឹងប្រែងរបស់សមត្ថកិច្ច និងការចូលរួមរបស់ប្រជាពលរដ្ឋក្នុងរយៈពេល៤ខែដើមឆ្នាំ២០២៣ ធៀបនឹងរយៈពេលដូចគ្នានៃឆ្នាំ២០២២ ស្ថានភាពគ្រោះថ្នាក់ចរាចរណ៍ត្រូវបានកាត់បន្ថយចំនួន ១៥៤លើកស្មើ១៣% ។ ពីខែមករា ដល់ខែមេសា ឆ្នាំ២០២៣ តួលេខគ្រោះថ្នាក់ចរាចរណ៍ គឺបានកើតឡើងប្រមាណជា១.០១១ករណី ពោល គឺបានថយចុះពី ១.១៦៥ករណី ដែលបានកើតឡើងនៅក្នុងរយៈពេលដដែលនៅក្នុងឆ្នាំ២០២២ ដោយនៅក្នុងនោះអ្នកស្លា.ប់ថយ១៨០នាក់ ស្មើ២៦% ពោល គឺថយពី៦៨២នាក់ មកនៅ៥០២នាក់ ។ អ្នករបួសក៏ថយ ៣០១នាក់ ស្មើ១៨% ពោលគឺពី១.៦៦៤នាក់ មកនៅត្រឹម១.៣៦៣។
តួរលេខ គឺពិតជាថយមែន ប៉ុន្តែសេចក្តីសោកសង្រែកដោយសារតែគ្រោះថ្នាក់ចរាចរណ៍នៅតែកើតមាន ។ ដូច្នេះសូមបន្តចូលរួមគោរពច្បាប់ចរាចរណ៍ ហើយធ្វើដំណើរដោយការទទួលខុសត្រូវ បើមិនដូច្នេះទេវានឹងអាចកើតមានចំពោះខ្លួនយើង និងអ្នកដទៃជាមិនខាន ។ គ្រោះថ្នាក់ចរាចរណ៍វាអាចកើតមានឡើងគ្រប់ពេលវេលានៅពេលដែលមនុស្សម្នាធ្វើដំណើរ ដូច្នេះនៅពេលដែលយើងទាំងអស់គ្នាចាប់ផ្តើមកាន់ចង្កូតយានយន្តមិនថា កង់ ម៉ូតូ រថយន្តតូច រថយន្តធំទេ ស្មារតីទទួលខុសត្រូវ និងការគោរពច្បាប់ចរាចរណ៍ផ្លូវគោក ដោយរួមទាំងការយោគយល់ គឺត្រូវតែបន្តពង្រឹង ហើយកុំបន្ធូរដៃឲ្យសោះ ។
សម្តេច ស ខេង ឧបនាយករដ្ឋមន្ត្រី និងរដ្ឋមន្ត្រីក្រសួងមហាផ្ទៃនៅក្នុងទិវាសប្តាហ៍ជាតិ សុវត្ថិភាពចរាចរណ៍ផ្លូវគោកលើកទី១៤ ប្រារព្ធនៅក្រុងតាខ្មៅ ខេត្តកណ្ដាល បានថ្លែងថា រាប់ឆ្នាំមកហើយបញ្ហាគ្រោះថ្នាក់ចរាចរណ៍ក៏នៅតែកើតមានជារៀងរាល់ថ្ងៃ បើទោះបីជាវាមានកម្រិតមួយទាបជាងមុនក៏ដោយ ។
សម្តេចបានលើកឡើងថា រឿងបញ្ហាគ្រោះថ្នាក់ចរាចរណ៍នេះមិនអាចបន្ថយការប្រុងប្រយ័ត្នបានទេ គឺមានតែបន្ថែម ហើយប្រឹងប្រែងថែមទៀត ។ សម្ដេចបានអំពាវនាវពលរដ្ឋទាំងអស់ដែលជាអ្នកប្រើប្រាស់ផ្លូវក៏ដូចជាក្រុមហ៊ុនដឹកជញ្ជូនទាំងអស់ សូមចូលរួមអនុវត្តយ៉ាងធ្វើឲ្យ «ថ្ងៃនេះ ថ្ងៃស្អែកកុំឱ្យមានគ្រោះថ្នាក់ចរាចរណ៍» ។
សម្តេចក៏បានជំរុញឲ្យពលរដ្ឋដែលធ្វើចរាចរណ៍ទាំងអស់កុំបើកបរលើសល្បឿនកំណត់មិនត្រូវបើកបរក្រោមឥទ្ធិពលគ្រឿងញៀ.ន ឬគ្រឿងស្រវឹង និងប្រើប្រាស់យាន្តជំនិះអោយបានត្រឹមត្រូវតាមស្តង់ដារលក្ខណៈបច្ចេកទេសដែលបានកំណត់ ពោល គឺរួមគ្នាគោរពអនុវត្តច្បាប់ចរាចរណ៍ មិនមែនខ្លាចមន្ត្រីនគរបាលចរាចរណ៍នោះទេ ។
ដោយឡែកសមត្ថកិច្ចត្រូវបន្តការពន្យល់អប់រំណែនាំប្រជាពលរដ្ឋមុននឹងធ្វើការផាកពិន័យ បទល្មើសចរាចរណ៍ និងត្រូវគោរពសិទ្ធិប្រជាពលរដ្ឋ ហើយការផាកពិន័យបទល្មើសចរាចរណ៍ត្រូវផ្អែកលើគោលការណ៍ច្បាប់ដែលមានជាធរមាន និងអនុវត្តឱ្យបានស្មើភាពគ្នាដោយមិនប្រកាន់ ឬបែងចែកបក្ខពួកនោះទេ ហើយរាល់ការផាកពិន័យត្រូវចេញវិក័យបត្រ និងយោងមាត្រាច្បាប់ឱ្យបានត្រឹមត្រូវ ចៀសវាងការយកច្បាប់ចរាចរណ៍ធ្វើជាអាជីវកម្ម ដើម្បីបម្រើប្រយោជន៍ផ្ទាល់ខ្លួន ។
ដូចគ្នាដែរ អាជ្ញាធរមូលដ្ឋាននៅទូទាំងរាជធានី-ខេត្តទាំងអស់ក៏ត្រូវបានសម្ដេចណែនាំឱ្យខិតខំធ្វើការផ្សព្វផ្សាយ អប់រំច្បាប់ចរាចរណ៍ផ្លូវគោកឱ្យបានទូលំទូលាយដល់ប្រជាពលរដ្ឋគ្រប់ៗគ្នាត្រូវយកចិត្ត ទុកដាក់ និងពិនិត្យឡើងវិញ ចំពោះអាជីវកម្មមួយចំនួនដែលបង្កផល រំខាន ឬផលប៉ះពាល់ដល់សុវត្ថិភាពចរាចរណ៍ និងសណ្ដាប់ធ្នាប់សាធារណៈរបស់ប្រជាពលរដ្ឋ និងពិនិត្យមើលចំពោះការផ្សព្វផ្សាយផលិតផលទាំងឡាយណាដែលមានឥទ្ធិពលអវិជ្ជមាន ឬហានិភ័យ ដល់សុវត្ថិភាពចរាចរណ៍ ។
សូមកុំប្រហែស បើយើងកាន់ចង្កូតយានហើយប្រហែសតែមួយវិនាទីជីវិតយើង និងអ្នកដទៃនឹងអាចរងគ្រោះថ្នាក់ដល់ជីវិតរបួសពិការ ខូចខាតទ្រព្យសម្បត្តិ និងពេលវេលាដែលគិតជាទឹកប្រាក់ដូចដែលគេបានប៉ាន់ប្រមាណរួចហើយថា នៅក្នុងមួយឆ្នាំគ្រោះថ្នាក់ចរាចរណ៍នេះបង្កការខាតបង់ទ្រព្យសម្បត្តិមានតម្លៃជារួមប្រមាណជា៥០០ លានដុល្លារឯណោះ ។
សរុបមកវិញ ទោះបីជាតួលេខមានការថយចុះ ប៉ុន្តែដើម្បីទប់ស្កាត់ និងកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍តាមដងផ្លូវ សមត្ថកិច្ចត្រូវតែបន្តអនុវត្តភារកិច្ច និងបេសកម្មយ៉ាងម៉ឺម៉ាត់នូវច្បាប់ស្ដីពីចរាចរណ៍ផ្លូវគោក ហើយពលរដ្ឋវិញពេលធ្វើដំណើរ គឺត្រូវគោរពភ្លើងគំនូស និងសញ្ញា ចរាចរណ៍ឲ្យបានខ្ជាប់ខ្ជួន ហើយជៀសវាងឲ្យបាននូវការទទួលទានគ្រឿងស្រវឹងមិនអាចគ្រប់គ្រងបានហើយមកបើកបរ ។
ជីវិតមនុស្សម្នាក់ៗតាំងពីនៅក្នុងផ្ទៃរហូតដល់ធំធាត់អាចរស់នៅមកដល់ពេលនេះម្នាក់ៗមិនដឹងថា គ្រួសារត្រូវវិនិយោគអស់ទឹកប្រាក់ប៉ុន្មាននោះទេ ដូច្នេះសូមកុំអោយយកជីវិតមកប្រថុយនៅលើទ្រូងផ្លូវ ៕ ដោយៈ ហេង ចេស្តារ
ចែករំលែកព័តមាននេះ