រាជធានីភ្នំពេញ ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីបានស្នើឲ្យគ្រប់ភាគីទាំងអស់ត្រូវតែខិតខំដោះស្រាយរាល់វិវាទជាមួយកម្មករឲ្យឆាប់រហ័ស កុំអូសបន្លាយរយៈពេលយូរ រហូតដល់ដល់ដៃតុលាការ ។
ថ្លែងក្នុងពិធីសំណេះសំណាលជាមួយបងប្អូនកម្មករនិយោជិត នៅក្នុងតំបន់សេដ្ឋកិច្ចពិសេសរ៉ូយ៉ាល់គ្រុបភ្នំពេញ នាព្រឹកថ្ងៃទី២៦ ខែឧសភាឆ្នាំ២០២៣ សម្តេចតេជោ នាយករដ្ឋមន្ត្រីបានលើកឡើងថា ក្រុមបាល់ទាត់ល្បីឆ្នើមនៅបរទេសបានស្លៀកពាក់របស់កម្ពុជា តាមរយៈក្រុមហ៊ុន អាឌីដាស់ និងក្រុមណៃដែលផលិតនៅក្នុងប្រទេសកម្ពុជា ដូច្នេះការផលិតរបស់កូនខ្មែរមិនចាញ់ពីការផលិតរបស់ប្រទេសដទៃនោះទេ ។
សម្តេចនាយករដ្ឋមន្ត្រីក៏បានស្នើឲ្យមានការបណ្តុះបណ្តាលកម្មករនៅក្នុងប្រទេសកម្ពុជាបន្ថែមផងដែរ ដើម្បីជំនាញកាន់តែខ្លាំង ។ នៅចំពោះកម្មករជាង១ពាន់នាក់សម្តេចតេជោ ក៏បានគូសបញ្ជាក់ថា៖«បើសិនមានករណីវិវាទត្រូវដោះស្រាយ កុំទុកយូរកុំចិញ្ចឹមទំនាស់សហជីព ជាមួយម្ចាស់រោងចក្រ(និយោជក)តំណាងកម្មករសហជីពដោយមានការចូលរួមពីក្រសួងការងារ និងអាជ្ញាធរមានសមត្ថកិច្ចត្រូវដោះស្រាយឲ្យបានឆាប់រហ័សបំផុត តាមគោនយោបាយឈ្នះឈ្នះ» ។
សម្តេចក៏បានស្នើឲ្យភាគីចាប់ដោះស្រាយក្រៅប្រព័ន្ធតុលាការ និងជៀសវាងដោះស្រាយតាមផ្លូវតុលាការរាប់ទាំងករណីថៅកែរត់ចោលកម្មករ ដោយមិនចាំរងចាំថៅកែមកដោះស្រាយ ឬរងចាំតុលាការប្រកាសលក់ឡៃឡុងនោះទេ គឺវាយឺត ដូច្នេះក្រសួងការងារត្រូវដោះស្រាយ ។ សម្តេចនាយករដ្ឋមន្ត្រីក៏បានលើកឡើងថា កន្លងមកសម្តេចតេជោ តែងតែធ្វើបុរេប្បទានលុយ (ផ្ទេរ)ទៅឲ្យក្រសួងការងារ ដើម្បីដោះស្រាយបញ្ហាជូនកម្មករ ។ ចំពោះនីតិវិធីផ្លូវតុលាការយូរ ហើយពេលខ្លះការលក់ឡៃឡុងនោះយកមកសងកម្មករមិនគ្រប់គ្រាន់ផងដែរ ។
ជាមួយគ្នានោះដែរ សម្តេចក៏បានបន្តថា កន្លងមកកម្មករមិនត្រូវបានបង់ផលប្រយោជន៍នោះទេ ដោយសាររាជរដ្ឋាភិបាលតែងតែធ្វើការប៉ះប៉ូវសងនូវការខ្វះខាតជានិច្ច ។ សម្តេចបញ្ជាក់ថា ៖«ម្ចាស់រោងចក្រ រត់ទៅបាត់ហើយ ចាំអ្នកណាសង យើងលក់ឡៃឡុងវាមិនគ្រប់ មានតែវិធីមួយប៉ះប៉ូវ ប៉ុន្តែវិធីហ្នឹងចាំដល់ពេលរួចជំពាក់ប៉ុន្មាន? ដល់ពេលណា ទូរទាត់បញ្ជីគ្នាម្តង ដើម្បីផ្តាច់កុំឲ្យជំពាក់ពីព្រោះថា ករណីហ្នឹង ក្រសួងការងារជំពាក់រដ្ឋ ប៉ុន្តែដល់ពេលណាមួយថា សងអត់បានទេ មានតែប្រើវិធីមួយ គឺកាត់ផ្តាច់ដែលផលនោះអ្នកទទួលបាន គឺកម្មករ» ។
សម្តេចបន្ថែមនាយករដ្ឋមន្ត្រីចុះជួបកម្មករនេះ គឺដើម្បីដឹងដែលខុសពីនាយករដ្ឋមន្ត្រីប្រទេសដទៃ គឺមានភាពស្រួលដោយឡើងកាន់អំណាចស្រួលមានអ្វីៗទាំងអស់ ។ ខុសពីសម្តេចឡើងមកកាន់អំណាច គឺបាត់ដៃទទេ ។ ជាមួយគ្នានោះដែរ សម្តេចក៏បានអំពាវនាវដល់កម្មករទាំងអស់ត្រូវខិតខំរួមគ្នា ដើម្បីធ្វើឲ្យប្រទេសមានស្ថេរភាព សុខសន្តិភាព ៕
អត្ថបទសរសេរ ដោយ
អត្ថបទសរសេរ ដោយ
ចែករំលែកព័តមាននេះ