អ្នកគ្រូបង្រៀនសាលាមតេ្តយ្យនៅប្រទេសវៀតណាមត្រូវគណៈគ្រប់គ្រងសាលាសម្រេចចិត្តព្យួរការងាររបស់គាត់រយៈពេល២ខែដើម្បីរង់ចាំការស៊ើបអង្កេតជាបន្តទៀត បន្ទាប់ពីគាត់ប្រើធម៌ក្ដៅជ្រុលពេកទៅលើកូនក្មេងដែលមានអាយុទើបតែ២ឆ្នាំប៉ុណ្ណោះ។ គាត់បានទះកំផ្លៀងយ៉ាងដំណំ។ រឿងនេះត្រូវបែកការណ៍នៅពេលម្ដាយរបស់កុមារដឹកកូនចេញពីសាលាត្រឡប់ទៅផ្ទះវិញ។
អ្នកស្រីង្វៀនធីថាវ (Nguyen Thi Thao) អាយុ៣៣ឆ្នាំ យកកូនទៅរៀននៅសាលាមត្តេយ្យឈ្មោះទួយង៉ុក (Tuoi Ngoc) នៃទីក្រុងបៀនហាវ (Bien Hoa) ខេត្តដុងណាយ (Dong Nai) ប្រទេសវៀតណាមខាងត្បូង។ អ្នកស្រីប្រាប់ថាកាលពីថ្ងៃទី១៧ ខែឧសភា, រាងល្ងាចបន្តិចទៅហើយ អ្នកស្រីទៅដឹកកូនចេញពីសាលា។ ស្រាប់តែពិនិត្យឃើញស្នាមជាំពេញមុខ, ថ្ងាស និងថ្ពាល់របស់កូន។
អ្នកស្រីពិនិត្យបន្ថែមទៀតទៅលើស្បែករបស់កូន ឃើញសុទ្ធតែស្នាមក្រចក និងស្នាមក្រញៅច្បាស់ៗក្រឡែត។ អ្នកស្រីបានយករឿងនេះប្រាប់ទៅគណៈគ្រប់គ្រងសាលាមត្តេយ្យ។ ក្រោយមក, អ្នកស្រីក៏យករឿងនេះប្ដឹងទៅសមត្ថកិច្ចថែមទៀតដើម្បីឱ្យពួកគាត់ជួយធ្វើអន្តរាគមន៍ និងរកខុសត្រូវ ព្រោះសាលារៀនគឺជាកន្លែងអភិវឌ្ឍមនុស្ស ដែលគួរណាស់ផ្ដល់ការគាំពារចំពោះកុមារ។
សមត្ថកិច្ចចុះទៅឆែកកាមេរ៉ាសុវត្ថិភាពរបស់សាលា ឃើញសកម្មភាពអ្នកគ្រូទះកំផ្លៀងកុមារនោះយ៉ាងញាប់ស្អេក។ ក្រៅពីនេះ, អ្នកគ្រូក៏បានវាយកូនសិស្សរូបនោះយ៉ាងចាស់ដៃផងដែរ។ តាមរយៈវីឌីអូឃ្លីបនៅលើកាមេរ៉ានោះ, គេឃើញថាការទះកំផ្លៀងនេះមិនមែនធ្វើឡើងបាំងពីក្រសែភ្នែករបស់អ្នកដទៃទេ។ អ្នកគ្រូប្រព្រឹត្តនៅកណ្ដាលជំនុំចំណោមកូនសិស្សជាច្រើនទៀត។
រឹតតែពិសេសជាងនេះទៅទៀត, វីឌីអូឃ្លីបបង្ហាញថានៅពេលអ្នកគ្រូទះកំផ្លៀង និងវាយសិស្សនោះក៏មានគ្រូម្នាក់ទៀតនៅក្បែរនោះដែរ។ បើគាត់ធ្វើសកម្មភាពហាមឃាត់, ក៏ប្រហែលជាអាចទប់ស្កាត់អំពើហិង្សាបានខ្លះ។ ប៉ុន្តែជាក់ស្ដែង, គ្រូម្នាក់ទៀតនោះសុខចិត្តទ្រាំបើកភ្នែកមើលទិដ្ឋភាពព្រៃផ្សៃបែបនេះទៅរួច។ ប្រហែលជាគាត់ជាមនុស្សសន្សំសុខ និងមិនចង់រវល់រឿងអ្នកដទៃ។
បន្ទាប់ពីទស្សនាវីឌីអូឃ្លីបនោះចប់, គណៈគ្រប់គ្រងសាលាក៏ហៅអ្នកគ្រូឈ្មោះង្វៀនធីប៊ីចហឿង (Nguyen Thi Bich Huong) អាយុ២៣ឆ្នាំ មកសួរនាំ។ អ្នកគ្រូឆ្លើយសារភាពថាខ្លួនបានទះកុមារនោះចំនួន៣១កំផ្លៀង។ អ្នកគ្រូប្រាប់ថានៅពេលទះកំផ្លៀងនោះ ជាពេលដែលក្មេងៗត្រូវញ៉ាំអាហារថ្ងៃត្រង់នៅម៉ោង១០:១០ព្រឹក។ អ្នកគ្រូប៊ីចហឿងប្រាប់ថាគាត់ទះកំផ្លៀងព្រោះខឹងនឹងកុមារនោះវាធ្វើងឿក មិនព្រមញ៉ាំអាហារថ្ងៃត្រង់។ អ្នកគ្រូមិននិយាយលម្អិតថាតិចលោមកពីម្ហូបមិនឆ្ងាញ់ ឬក្មេងមិនឃ្លានអាហារទេដឹង?
រឿងនេះលេចឮដល់ការិយាល័យអប់រំ និងវិក្រឹត្យការទីក្រុងបៀនហាវ។ ការិយាល័យតម្រូវឱ្យសាលាមត្តេយ្យទួយង៉ុកធ្វើរបាយការណ៍លម្អិតពាក់ព័ន្ធនឹងដំណើរហេតុ និងដំណោះស្រាយ។ រឿង១នេះហើយដែលសាលាសម្រេចចិត្តព្យួរការងាររបស់អ្នកគ្រូ។ ប្រធានអប់រំប្រចាំសាលាប្រាប់ថាកាលពីពេលកន្លងមក, អ្នកគ្រូប៊ីចហឿង(Bich Huong) ពុំមានទម្លាប់ប្រើប្រាស់អំពើហិង្សាដាក់កូនសិស្ស ឬបញ្ចេញកំហឹងដាក់អ្នកដទៃទេ។ អ្នកគ្រូជាមនុស្សមានការទទួលខុសត្រូវ និងស្រឡាញ់ក្មេងៗ។ ប៉ុន្តែនៅថ្ងៃនោះមិនដឹងយ៉ាងម៉េចគាត់ ឬមិនដឹងថាអ្នកគ្រូមានរឿងគុំគួនទុកពីកន្លែងផ្សេងមកក៏មិនដឹង ទើបបានជាគាត់ប្រើប្រាស់អំពើហិង្សា។
ផ្ទុយពីការអះអាងនេះ, អ្នកគ្រូប៊ីចហឿងប្រាប់តាមត្រង់ថាក្មេងៗដែលធ្លាប់ឆ្លងកាត់កំផ្លៀងរបស់អ្នកគ្រូមិនមែនមានតែកុមារម្នាក់ហ្នឹងទេ។ មានកុមារជាច្រើនទៀតដែលធ្លាប់ភ្លក្សរសជាតិកំផ្លៀងរបស់អ្នកគ្រូ ឬត្រូវអ្នកគ្រូវាយឡើងទ្រមខ្លួន។ សាសាសម្រេចចិត្តព្យួរការងារអ្នកគ្រូរយៈពេល២ខែចាប់ពីថ្ងៃពុធសប្ដាហ៍នេះតទៅ ដើម្បីរង់ចាំការស៊ើបអង្កេតជាបន្តទៀត។
ប្រធានអប់រំរបស់សាលាមត្តេយ្យខាងលើនេះ រួមជាមួយអ្នកគ្រូប៊ីចហឿងបានសូមអភ័យទោសនៅចំពោះមុខក្រុមគ្រួសាររបស់កុមារ និងរ៉ាប់រងលើថ្លៃចំណាយព្យាបាលរបួសស្នាម រហូតដល់ជាសះស្បើយឡើងវិញ។ សូមជម្រាបថាសាលាមត្តេយ្យទួយង៉ុកជាសាលាឯកជន មានកូនសិស្សកំពុងសិក្សារៀនសូត្រប្រហែល៥រយនាក់។ សាលានេះទទួលកុមារចាប់ពីអាយុ១ឆ្នាំឡើងទៅ៕
ប្រភព៖ កាសែត Vietnam Express និងប្រភពដទៃទៀត
https://e.vnexpress.net/news/education/kindergarten-teacher-slaps-boy-31-times-for-refusing-lunch-4609226.html
https://tuoitrenews.vn/news/society/20230525/vietnamese-kindergarten-teacher-suspended-for-slapping-2yearold-31-times/73339.html
អត្ថបទដទៃទៀតដែលពាក់ព័ន្ធនឹងអំពើហិង្សា និងការបៀតបៀនកុមារ ដែលត្រូវតែរួមគ្នាទប់ស្កាត់
វៀតណាមកំំពុងរកមុខអ្នកណាឱ្យក្មេងអាយុ៣ឆ្នាំជក់គ្រឿ.ងញៀ.ន
អាមេរិកត្រៀមកាត់ទោសគ្រូបង្ហាត់ក្បាច់គុនម្នាក់ដែលបង្ខំឱ្យកុមារីថតរូបអាក្រា.ត
អ្នកគ្រូបង្រៀនជាប់ពន្ធនាគារម្ភៃឆ្នាំពីបទល្បួងក្មេងអាយុ១៣ឆ្នាំរួមភេ.ទ
ចែករំលែកព័តមាននេះ