ទីក្រុងហូជីមិញ, ប្រទេសវៀតណាម៖ សមត្ថកិច្ចនៅទីក្រុងហូជីមិញ ប្រទេសវៀតណាម កំពុងតាមរកមុខអ្នកណាឱ្យក្មេងអាយុ៣ឆ្នាំជក់គ្រឿងញៀន? វីឌីអូឃ្លីបដែលគេចែកចាយតគ្នាយ៉ាងគគ្រឹកគគ្រេង(viral)បង្ហាញរូបកុមារតូចម្នាក់អាយុ៣ឆ្នាំជក់គ្រឿងញៀនប្រភេទមេតំហ្វេតាមីន ឬម៉ាទឹកកក។ នៅក្នុងវីឌីអូឃ្លីបនោះ, គេឮសំឡេងបុរសម្នាក់សម្លុតឱ្យកុមារនោះត្រូវតែជក់។
សមត្ថកិច្ចកំពុងតាមរកមុខបុរសដែលគេសង្ស័យថាជាគូស្នេហ៍របស់ម្ដាយកុមារតូច។ សំណុំរឿងនេះបានធ្លាក់ទៅដល់ដៃសសមត្ថកិច្ចតាមរយៈបុរសម្នាក់ឈ្មោះតៃ(Tai)អាយុ៣០ឆ្នាំ។ គាត់អះអាងថាគាត់ជាឪពុកបង្កើតរបស់កុមារនោះ។ តាមរយៈវីឌីអូឃ្លីបរយៈពេលម្ភៃវិនាទីដែលបុរសឈ្មោះតៃយកទៅបង្ហាញសមត្ថកិច្ច, គេឃើញកុមារម្នាក់ស្លៀកតែកន្ទបកូនង៉ែតមួយប៉ុណ្ណោះ។
កុមារនោះហឺតយកសារធាតុញៀនតាមទុយោ។ គេឮសំឡេងនារីម្នាក់នៅក្នុងវីឌីអូឃ្លីប សួរទៅក្មេងនោះថា «អូខេទេ?» វីឌីអូឃ្លីបមិនមែនមានតែ១ហ្នឹងទេ។ នៅក្នុងវីឌីអូឃ្លីបដទៃទៀត, គេឃើញបុរសម្នាក់ចាក់សាក់ពេញខ្លួន ស្លៀកតែខោខ្លីត្រឹមជង្គង់ និងមានកាន់ញញួរ និងដង្កាប់នៅក្នុងដៃ។ គាត់ស្រែកខ្លាំងៗដាក់កុមារនោះ។ បុរសឈ្មោះតៃប្រាប់ថាគាត់រៀបការជាមួយនារីដែលត្រូវជាម្ដាយកុមារនេះកាលពីឆ្នាំ២០១៨ និងមានកូន២នាក់។
កូននៅក្នុងវីឌីអូឃ្លីបនេះជាកូនប្អូន។ កាលពី២ឆ្នាំមុន, ប្រពន្ធរបស់គាត់បែកចិត្តពីគាត់ ហើយយកទាំងកូន២នាក់ទៅជាមួយផង។ នាងទៅរស់នៅជាមួយបុរសដែលមានរូបនៅក្នុងវីឌីអូនោះ។លោកតៃប្រាប់ថាគាត់កំពុងខ្វាយខ្វល់ចិត្តយ៉ាងខ្លាំង មិនដឹងថាជោគវាសនារបស់កូនៗទាំង២នាក់នោះទៅជាយ៉ាងណាទេ ព្រោះគាត់ដឹងថាបុរសជាគូស្នេហ៍របស់អតីតភរិយាគាត់ជាមនុស្សប្រើប្រាស់គ្រឿងញៀន។
ក្រោយមក, គាត់ប្រទះឃើញវីឌីអូឃ្លីបកូនជក់ថ្នាំញៀនដែលបង្ហោះនៅលើហ្វេសប៊ុកអតីតប្រពន្ធគាត់។ ឃើញដូចនេះ,គាត់ក៏យកទៅរាយការណ៍ប្រាប់សមត្ថកិច្ចតែម្ដង។ ក្រុមអ្នកស៊ើបអង្កេតចុះទៅដល់ផ្ទះដែលគេសង្ស័យ។ ប៉ុន្តែទៅដល់អត់មានឃើញគូស្នេហ៍នោះរស់នៅទេ។ ចំណែកកុមារតូចអាយុ៣ឆ្នាំក៏មិនឃើញនៅក្នុងនោះដែរ។
រូបភាពនៅក្នុងវីឌីអូនោះមិនបានបញ្ជាក់ឱ្យច្បាស់ថាតើកុមាររូបនោះពិតជាត្រូវគេបង្ខំឱ្យជក់គ្រឿងញៀនមែនឬមិនមែន ឬក៏ថាតើកុមារនោះត្រូវគេប្រើប្រាស់អំពើហិង្សាលើគាត់ដែរឬទេ។ សមាគមការពារសិទ្ធិកុមារប្រចាំទីក្រុងហូជីមិញស្នើសុំឱ្យសមត្ថកិច្ចស្រាវជ្រាវជាបន្តទៀត។ គេចង់ដឹងថាតើកុមារនោះមានសុខទុក្ខយ៉ាងណាហើយឥឡូវនេះ និងទទួលរងការបៀតបៀនដែរឬទេ៕
ប្រភព៖ Vietnam Express
ចែករំលែកព័តមាននេះ