(ហុងកុង)៖ ពិធីការិនីទូរទស្សន៍ហុងកុង ៥នាក់ រងការរិះគន់ជាខ្លាំងពីមហាជន ជាពិសេសពីថ្នាក់ដឹកនាំ និងអ្នកធ្វើការក្នុងវិស័យព័ត៌មានដូចគ្នា ក្រោយពួកគេបានបង្ហោះឃ្លីបរាំបទ Flower របស់ Jisoo នៃសមាជិកក្រុមចម្រៀងកូរ៉េ BlackPink។
គេហទំព័រ Koreaboo បានរាយការណ៍ថា អាជីពជាពិធីការិនីទូរទស្សន៍ចំនួន ៥នាក់ មកពីទូរទស្សន៍ Cable News (ហុងកុង ប្រទេសចិន) បានរងផលប៉ះពាល់យ៉ាងធ្ងន់ធ្ងរ ដោយសារតែរឿងថតវីដេអូរាំមួយនេះ។
យោងតាមប្រព័ន្ធផ្សព្វផ្សាយរបស់ចិន Line បានឱ្យដឹងថា ដើម្បីអបអរសាទរថ្ងៃធ្វើការចុងក្រោយរបស់ពួកគេនៅទូរទស្សន៍ Cable News ពិធីការិនីព័ត៌មានស្ត្រីបីនាក់បានបញ្ចុះបញ្ចូលសហការីពីរនាក់ទៀតឱ្យរាំទាំងអស់គ្នា ហើយបង្ហោះវីដេអូនៅលើ Instagram ។
ទោះជាយ៉ាងណាក៏ដោយ វីដេអូនេះមានការចាប់អារម្មណ៍ខ្លាំងពីសាធារណជន ហើយ លោក Raymond Wong ដែលជាប្រធានគណៈកម្មការត្រួតពិនិត្យសេវាផ្សព្វផ្សាយសាធារណៈរបស់ហុងកុង បានសម្ដែងការមិនពេញចិត្ត ដោយបានសរសេរថា៖ «នេះពិតជាអាម៉ាស់ចំពោះអ្នកសារព័ត៌មាន»។
VIDEO
នៅក្នុងអ៊ីមែលផ្ទៃក្នុង នាយកទូរទស្សន៍ Cable News បានស្នើឱ្យបុគ្គលិកប្រុងប្រយ័ត្នចំពោះពាក្យសម្ដី និងសកម្មភាពរបស់ពួកគេ ដើម្បីរក្សារូបភាពវិជ្ជាជីវៈ។ ដោយលោកបានសរសេរថា «បន្ទប់ផ្សាយគឺជាស្នូលនៃនាយកដ្ឋានព័ត៌មាន។ អ្នកទាំងអស់គ្នា សូមប្រើប្រាស់មុខងាររបស់វាឱ្យបានពេញលេញ ដើម្បីផ្តល់ឱ្យទស្សនិកជននូវព័ត៌មានលឿនបំផុត ចុងក្រោយបំផុត និងប្រកបដោយវិជ្ជាជីវៈបំផុត មិនមែនមើលឃើញថាវាជាឆាកដើម្បីកម្សាន្ត និងសប្បាយរីករាយនោះទេ»។
ចំពោះវីដេអូត្រូវបានលុបចោលហើយ ពិធីការិនីស្រីម្នាក់បានបង្ហើបថា មូលហេតុដែលលុបវីដេអូនោះ គឺដោយសារតែថ្នាក់លើរបស់នាងមិនពេញចិត្តនឹងទង្វើនេះ។ មិនត្រឹមតែត្រូវបានគេដាក់វិន័យទេ អាជីពរបស់ពួកគេក៏ត្រូវបានប៉ះពាល់យ៉ាងខ្លាំងបន្ទាប់ពីមានរឿងរ៉ាវនេះដែរ។
ជាពិសេស ពិធីករស្រីពីររូបដែលមានឈ្មោះ Yanna Yu និង Terrie Leung ដើមឡើយមានគម្រោងចាប់ផ្តើមការងារនៅប៉ុស្តិ៍ទូរទស្សន៍មួយផ្សេងទៀត ប៉ុន្តែកិច្ចសន្យាការងាររបស់ពួកគេត្រូវបានបញ្ចប់ភ្លាមៗ។
ទោះយ៉ាងណាក៏ដោយ វិធានការយ៉ាងចាស់ដៃរបស់ស្ថានីយទូរទស្សន៍ មហាជនមួយចំនួនក៏បានយល់ឃើញថាធ្វើជ្រុលពេក ព្រោះតែនេះគ្រាន់តែថតវីដេអូក្រោយការងារ ហើយនេះជាទម្រង់កម្សាន្ត ប៉ុន្តែក៏មានអ្នកខ្លះគិតថាការឆ្លើយតបរបស់ស្ថានីយទូរទស្សន៍សមហេតុផលទាំងស្រុង ព្រោះពិធីករព័ត៌មានគួរមានវិជ្ជាជីវៈ៕
ចែករំលែកព័តមាននេះ