រាជធានីភ្នំពេញ ៖ ជាថ្មីម្តងទៀត សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជាបានស្នើឲ្យគ្រូពេទ្យត្រូវតែគោរពក្រមសីលធម៌វិជ្ជាជីវៈរបស់ខ្លួនឲ្យបានល្អ ខណៈមានមន្ទីរពេទ្យល្អសម្រាប់ព្យាបាលអ្នកជំងឺ ។
ការស្នើរបស់ប្រមុខរាជរដ្ឋាភិបាលបន្ទាប់ពីប្រជាពលរដ្ឋពេលកន្លងមកបានរិះគន់ ចំពោះក្រុមគ្រូពេទ្យមួយចំនួនបានធ្វើអាប្បកិរិយាមិនសមរម្យ និងប្រើពាក្យសំដីមិនល្អចំពោះអ្នកជំងឺនៅពេលពួកគេទៅរកសេវាឲ្យជួយព្យាបាល ពិសេសនោះនៅតាមមន្ទីរពេទ្យរបស់រដ្ឋ ។
ថ្លែងក្នុងឱកាសដែលសម្ភោធជាផ្លូវការ អគារមជ្ឈមណ្ឌលពហុឯកទេស «អគារតេជោអភិវឌ្ឍន៍» នៅមន្ទីរពេទ្យកាល់ម៉ែត ចំណាយតម្លៃជាង៧០លានដុល្លារ នាព្រឹកថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០២៣ សម្តេចតេជោ បានលើកឡើងថា ពេលនេះយើងមានមន្ទីរពេទ្យល្អហើយ តែទាមទារឲ្យមានក្រមសីលធម៌វិជ្ជាជីវៈល្អ ដើម្បីធ្វើឲ្យការផ្តល់សេវាកាន់តែល្អប្រសើរ ។
សម្ដេចតេជោ ហ៊ុន សែន បានបញ្ជាក់យ៉ាងដូច្នេះថា៖ «ឥឡូវនេះ យើងមានមន្ទីរពេទ្យល្អហើយ តែអ្វីដែលត្រូវល្អសំខាន់ទៅទៀតនោះ គឺត្រូវមានគ្រូពេទ្យល្អទើបអាចដោះស្រាយបានបញ្ហា»។ សម្ដេចតេជោ ហ៊ុន សែន បានលើកឡើងថា មានមន្ទីរពេទ្យល្អវាពិបាកណាស់ទៅហើយ ដើម្បីឲ្យអាចមានមន្ទីរពេទ្យមានសម្ភារ បច្ចេកទេសល្អ ដូច្នេះចាំបាច់ណាស់ត្រូវការចំណុច២សំខាន់ដែលទាមទារគ្រូពេទ្យត្រូវធ្វើឲ្យបាន គឺការគោរពក្រមសីលធម៌វិជ្ជាជីវៈ និងការលើកកម្ពស់សមត្ថភាព ។
បន្ថែមពីនោះទៀត សម្ដេចតេជោ នាយករដ្ឋមន្ដ្រីបានឲ្យដឹងថា ក្រមសីលធម៌វិជ្ជាជីវៈរបស់គ្រូពេទ្យដែលទាមទារខ្លាំងណាស់ត្រូវគិតដល់ជីវិតមនុស្សជាសំខាន់ ។ សម្ដេចបន្ដថា ៖« យើងធ្វើពេទ្យ ដើម្បីសង្គ្រោះជីវិតមនុស្សនេះជាក្រមសីលធម៌ចម្បងរបស់ក្រមគ្រូពេទ្យ ។ សង្ឃឹមថា គ្រូពេទ្យរបស់យើង ដោយគេបានប្រសិទ្ធនាមក្នុងដំណាក់កាលកូវីដ-១៩ ថា ជា«កងទ័ពអាវសរ» មិនត្រូវធ្វើឲ្យកិត្ដិយសនេះបាត់បង់ទៅវិញនោះទេ»។
ទន្ទឹមគ្នានេះ សម្ដេចតេជោ ហ៊ុន សែន ក៏បានអំពាវនាវដល់ក្រុមគ្រូពេទ្យ ពង្រឹងក្រមសីលធម៌វិជ្ជាជីវៈ ដោយយកការបម្រើប្រជាជនធ្វើជាស្នូល ធ្វើជាគោលដៅនៃការធ្វើសកម្មភាពសម្រាប់គ្រូពេទ្យ ។ សម្តេចតេជោ ហ៊ុន សែន បានថ្លែងទៀតថា ធ្វើជាគ្រូពេទ្យ គឺដើម្បីសង្គ្រោះជីវិតប្រជាពលរដ្ឋ ហើយសម្តេចតេជោ សង្ឃឹមថា គ្រូពេទ្យ និងនិស្សិតធ្វើកម្មសិក្សាយកចិត្តទុកដាក់ក្នុងការផ្តល់សេវាព្យាបាលជូនប្រជាពលរដ្ឋ ។
គូសបញ្ជាក់ថា «អគារតេជោអភិវឌ្ឍន៍» សាងសង់ឡើងក្នុងគោលបំណងអភិវឌ្ឍន៍ និងធ្វើទំនើបកម្មអគារមជ្ឈមណ្ឌលពហុឯកទេស នៃមន្ទីរពេទ្យកាល់ម៉ែត ជាមន្ទីរពេទ្យបង្អែកលំដាប់ខ្ពស់ចុងក្រោយ ដើម្បីផ្តល់នូវសេវាពហុឯកទេស ប្រកបទៅដោយបច្ចេកវិទ្យាវេជ្ជសាស្ត្រដ៏ទំនើប ស្របតាមការវិវត្តរបស់សកលលោក នាពេលបច្ចុប្បន្ន ដែលជាក្ដីរំពឹងរបស់ប្រជាពលរដ្ឋកម្ពុជា ។
បើតាមរបាយការណ៍របស់ក្រសួងសុខាភិបាលបានឲ្យដឹងថា «អគារតេជោអភិវឌ្ឍន៍» សាងសង់អំពីបេតុងអាម៉េលាតសន្ធឹងតាមបណ្តោយមហាវិថីព្រះមុនីវង្សមានបណ្តោយប្រវែង១៥៣ម៉ែត្រ ទទឹងប្រវែង២២.៥ម៉ែត្រ មានកម្ពស់១២ជាន់ និងក្រោមដី ២ជាន់ ផ្ទៃក្រឡាសរុប ៤៨,១៩៥ម៉ែត្រក្រឡា សាងសង់ស្របតាមប្រព័ន្ធស្ដង់ដារមន្ទីរពេទ្យអន្តរជាតិ (បទដ្ឋានបច្ចេកទេសបារាំង) មានគ្រែសម្រាកព្យាបាលសរុបចំនួន ៤២៦គ្រែ៕
អត្ថបទសរសេរ ដោយ
អត្ថបទសរសេរ ដោយ
ចែករំលែកព័តមាននេះ