ខេត្តកំពង់ស្ពឺ ៖ គ្រោះថ្នាក់ចរាចរណ៍មួយបានកើតឡើង បណ្តាលមកពីការបើកបរធ្វេសប្រហែសរបស់អ្នកបើកបររថយន្តក្រុងធ្វើឱ្យមនុស្សចំនួន៦នាក់រងរបួសធ្ងន់ និងស្រាលជិត៣០នាក់ ដោយសាររថយន្តក្រុងមួយគ្រឿងបានបុកគ្នាជាមួយរថយន្តសណ្តោងរ៉ឺម៉កពេញមួយទំហឹង កាលពីវេលាម៉ោង៣និង៣០នាទីរសៀលថ្ងៃទី២៣ មេសា ២០១៣ ស្ថិតនៅលើផ្លូវជាតិលេខ៤ ត្រង់ចំណុចភូមិចំបក់ ឃុំវល្លិស ស្រុកសំរោងទង ។
លោកអធិការស្រុកសំរោងទង បានប្រាប់ឱ្យដឹងថា រថយន្តដែលជួបគ្រោះថ្នាក់ចរាចរណ៍ខាងលើជារថយន្តក្រុងដឹកអ្នកដំណើរចំណុះ៤៥កៅអី ម៉ាក DAE WOO ពណ៌ខៀវ អ្នកបើកបរមិនទាន់ស្គាល់អត្តសញ្ញាណបានរត់គេចខ្លួនបាត់ ដោយរថយន្តនេះជារបស់ក្រុមហ៊ុនដឹកអ្នកដំណើរមួយ មានអ្នករងរបួសធ្ងន់ចំនួន២នាក់ និងស្រាលប្រមាណ៣០នាក់ ។ ប្រភពបន្តថា រថយន្តមួយគ្រឿងទៀតម៉ាកហ៊ីយ៉ាន់ដាយ ពណ៌ខៀវ អ្នកបើកបរមិនស្គាល់ឈ្មោះមានអ្នកជិះក្នុងនោះ៣នាក់ទៀតរងរបួសធ្ងន់ដែលមានសង្ឃឹមរស់តិចតួចបំផុត ហើយរហូតមកដល់ព្រឹកថ្ងៃទី២៤ មេសា នេះ អ្នករបួសទាំង២នាក់បានស្លាប់ហើយ ។
តាមការឱ្យដឹងពីសាក្សីនៅជិតកន្លែងកើតហេតុបានឱ្យដឹងថា មុនពេលកើតហេតុគេឃើញរថយន្តក្រុងធ្វើដំណើរពីលិចទៅកើតចំណែករថយន្តកុងតឺន័រធ្វើដំណើរបញ្ច្រាសទិសគ្នា លុះមកដល់ចំណុចកើតហេតុរថយន្តក្រុងបានជែងរថយន្តផ្សេងទៀតជ្រុលចូលទៅចំណែកផ្លូវរបស់រថយន្តកុងតឺន័រ ក៏បុករថយន្តកុងតឺន័រពេញទំហឹងលាន់ដូចរន្ទះ បណ្តាលឱ្យកាប៊ីនរថយន្តកុងតឺន័រដាច់ចេញពីកុងតឺន័រ និងអ្នកបើកបររងរបួសធ្ងន់ ហើយរថយន្តក្រុងក៏បានរេចង្កូតធ្លាក់ចូលក្នុងប្រឡាយអមផ្លូវជាតិលេខ៤តែម្តង ៕
ចែករំលែកព័តមាននេះ