ខេត្តស្វាយរៀង ៖ មហាជនបានលើកឡើងថា ឈ្មួញនាំទំនិញពីប្រទេសវៀតណាម ឆ្លងដែនចូលមកស្រុកខ្មែរ តាមច្រកទ្វេភាគី នៃច្រកទ្វារព្រំដែនបុស្សមន យ៉ាងគគ្រឹកគគ្រេង រួមមានបន្លែ ផ្លែឈើ ខ្ទឹម.ស ដូងខ្ចី និងចំណីសត្វ ដឹកតាមរថយន្តធុនធំយីឌុប ចូលមកផ្ទេរដាក់រថយន្តយីឌុបធុនយក្ស ប្រភេទវ៉េអង ដឹកទៅរាជធានីភ្នំពេញ និងតាមបណ្តាខេត្តនានា ព្រមទាំងដឹកទំនិញលើសទម្ងន់បង្កឲ្យមានការព្រួយបារម្ភ អំពីការបាក់ស្រុតផ្លូវថ្នល់ ជាពិសេសផ្លូវថ្នល់ជនបទតែម្តង។

មហាជន បានប្រាប់អ្នកសារព័ត៌មានយើងនាព្រឹកថ្ងៃទី២៦ ខែមីនា ឆ្នាំ២០២៣នេះថា ប៉ុន្មានខែចុងក្រោយនេះ ឈ្មួញវៀតណាមបាននាំទំនិញពីប្រទេសវៀតណាម ឆ្លងដែនចូលមកប្រទេសខ្មែរ តាមច្រកទ្វារព្រំដែនបុស្សមន ដោយក្នុង១ថ្ងៃៗ គិតជារថយន្តរាប់សិបគ្រឿង។ ហើយបានយកទំនិញមកផ្ទេរដាក់រថយន្តខ្មែរ នៅខាងមុខច្រកទ្វារព្រំដែនបុស្សមន ស្ថិតក្នុងឃុំបុស្សមន ស្រុករំដួល រួចក៏ដឹកបន្តទៅរាជធានីភ្នំពេញ និងទៅតាមបណ្តាខេត្តនានា រួមមាន ៖ ខេត្តស្វាយរៀង ខេត្តព្រៃវែង និងខេត្តកណ្តាល។

ប្រភពដដែលបន្តថា ហើយទំនិញទាំងនោះ រួមមាន ៖ បន្លែ, ផ្លែឈើ, ផ្លែដូងខ្ចី, មី, ខ្ទឹម.ស និងចំណីសត្វជាដើម ចូលមកយ៉ាងគគ្រឹកគគ្រេង ដោយពុំឃើញមានមន្ត្រីជំនាញ សាខាការពារអ្នកប្រើប្រាស់កិច្ចការប្រកួតប្រជែង និងបង្ក្រាបការក្លែងបន្លំសាខាខេត្តស្វាយរៀង (កបប) ចុះពិនិត្យគុណភាព សុវត្ថិភាព បន្លែ ផ្លែឈើ ក៏ដូចជា ខ្ទឹម.ស នោះទេ គួរឲ្យព្រួយបារម្ភអំពីសុវត្ថិភាពអ្នកបរិភោគជាខ្លាំង។ ដោយពេលដែលឈ្មួញវៀតណាម ដឹកទំនិញមកដល់ គឺឃើញឈ្មួញទយគូថរថយន្តដាក់គ្នា រួចផ្ទេរទំនិញដាក់លើរថយន្តខ្មែរយើង រួចគ្របជិតដឹកចូលឆ្លងបុស្តិ៍ច្រកទ្វារព្រំដែនបុស្សមន ឆ្ពោះទៅបណ្តាខេត្តនានា និងរាជធានីភ្នំពេញ។

មហាជនបានលើកឡើងទៀតថា ចំណែករថយន្តដឹកទំនិញទាំងនោះ គឺដឹកខុសបច្ចេកទេស បើករថយន្តទួរីសគេកែឆ្នៃ សាក់ស៊ី ដាក់កង់ត្រួត រួចដឹកសំពីងសំពោងលើសទម្ងន់ផ្ទុក រីឯរថយន្យធុនធំយីឌុបប្រភេទវ៉េអង ដឹកលើសទ្រុងកម្ពស់កប់ពពក បង្កឲ្យស្រុតខូចផ្លូវជនបទ ហើយបើមិនមានវិធានការទេ អាចបាក់ស្រុតខូចផ្លូវជាក់ជាពុំខានឡើយ។

ទាក់ទិនករណីខាងលើនេះដែរ មិនអាចរកការបំភ្លឺពីសមត្ថកិច្ចនគបាលបុស្តិ៍ច្រកទ្វារព្រំដែនបុស្សមនបានទេ រហូតមកដល់រសៀលថ្ងៃទី២៦ ខែមីនា ឆ្នាំ២០២៣នេះ។ ហើយចំណែកមន្ត្រី កបប សាខាស្វាយរៀង ក៏មិនអាចរកការបំភ្លឺបានដែរ ប៉ុន្តែគេឃើញតែមន្ត្រីច្រើនក្រុមទៅអឺតអើម យកប្រាក់ពីឈ្មួញយ៉ាងស្ងៀមស្ងាត់ ដែលជារឿងធម្មតាទៅហើយ សម្រាប់ទំនិញឆ្លងដែនទាំងទៅទាំងមក។
ព័ត៌មានពិស្តារបន្តនឹងមានផ្សាយជូននៅលើកាសែតកោះសន្តិភាព៕






ចែករំលែកព័តមាននេះ