ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

តុលាការ សម្រេចឃុំខ្លួនលោក យឹម ស៊ីណន និងលោក ហ៊ុន កុសល នៅពន្ធនាគារព្រៃស

1 ឆ្នាំ មុន
  • ភ្នំពេញ

ភ្នំពេញ​៖ លោក យី សុខវួច ចៅក្រម​ស៊ើបសួររបស់តុលាការ​សាលាដំបូង រាជធានីភ្នំពេញ នៅ ថ្ងៃទី២២ ខែមីនា ឆ្នាំ២០២៣…

ភ្នំពេញ​៖ លោក យី សុខវួច ចៅក្រម​ស៊ើបសួររបស់តុលាការ​សាលាដំបូង រាជធានីភ្នំពេញ នៅ ថ្ងៃទី២២ ខែមីនា ឆ្នាំ២០២៣ នេះ បានចេញដីកាសម្រេចឃុំខ្លួន លោក យឹម ស៊ីណន និងលោក ហ៊ុន កុសល នៅពន្ធនាគារព្រៃស ឬមណ្ឌលអប់រំកែប្រែទី១ ម១ ក្រោមការចោទប្រកាន់ចំនួន ២ បទល្មើ​ស គឺបទ​ប្រមាថចំពោះអង្គព្រះមហាក្សត្រ និងបទ ញុះញង់បង្កឱ្យមានភាពវឹកវរធ្ងន់ធ្ងរ​ដល់សន្តិសុខសង្គម។

ដីកាបង្គាប់ឱ្យឃុំខ្លួន បង្ហាញថា ជននេះ ត្រូវបានដាក់ឲ្យស្ថិតនៅក្រោមការពិនិត្យពីបទៈ ប្រមាថចំពោះអង្គព្រះមហាក្សត្រ និងបទ ញុះញង់បង្កឱ្យមានភាពវឹកវរធ្ងន់ធ្ងរដល់សន្តិសុខសង្គម ប្រព្រឹត្តនៅប្រទេសកម្ពុជា កាលពីថ្ងៃទី២១ ខែមីនា ឆ្នាំ២០២៣ បទល្មើសព្រហ្មទណ្ឌ ដែលមានចែង​ឲ្យផ្តន្ទាទោសតាមមាត្រា៤៣៧(ស្ទួន) នៃច្បាប់ស្តីពីវិសោធនកម្មក្រមព្រហ្មទណ្ឌ មាត្រា៤៩៤ និងមាត្រា៤៩៥ នៃក្រមព្រហ្មទណ្ឌ។

ក្រមព្រហ្មទណ្ឌ មាត្រា ៤៣៧ ( ស្ទួន ) បទ ប្រមាថចំពោះ​អង្គព្រះមហាក្សត្រ បានកំណត់ថា ​​ការប្រមាថចំពោះអង្គព្រះមហាក្សត្រ ត្រូវផ្តន្ទាទោស ដាក់ពន្ធនាគារ ពី ១ឆ្នាំ ទៅ ៥ឆ្នាំ និងពិន័យ​ជាប្រាក់ពី ២លានរៀល ទៅ ១០លានរៀល។

មាត្រា ៤៩៥ នៃក្រមព្រហ្មទណ្ឌ ចែងពីបទ ញុះញង់ឱ្យប្រព្រឹត្តបទឧក្រិដ្ឋ ជាអាទិ៍ ត្រូវផ្តន្ទាទោស​ដាក់ពន្ធនាគារពី ៦ខែ ទៅ ២ឆ្នាំ និងពិន័យជាប្រាក់ពី ១លានរៀល ទៅ ៤លានរៀល ប្រសិនបើ​ការញុះញង់​នេះ គ្មានប្រសិទ្ធភាព​ទេ​។

សូមរម្លឹកថា លោក យឹម ស៊ីណន និងលោក ហ៊ុន កុសល ត្រូវបានចាប់ខ្លួន កាលពីល្ងាចថ្ងៃទី២១ ខែមីនា ឆ្នាំ២០២៣ បន្ទាប់ពីពួកគេ បានបង្ហោះសារតាមហ្វេសប៊ុក ពាក់ព័ន្ធនឹងរូបភាព ព្រះមហាក្សត្រ ព្រះរាជទានព្រះអគ្គីជ័យកីឡា សម្រាប់ព្រឹត្តិការណ៍ប្រកួតកីឡាអាស៊ីអាគ្នេយ៍ លើកទី៣២ និងអាស៊ានប៉ារ៉ាហ្គេមលើកទី១២ ឆ្នាំ២០២៣។ ពិធីនោះ បានធ្វើឡើង នៅប្រាសាទអង្គរវត្ត ខេត្តសៀមរាប នាព្រឹកថ្ងៃទី២១ ខែមីនា ឆ្នាំ២០២៣។

រូបថត​របស់​ព្រះមហាក្សត្រ អមដំណើរដោយ​សម្តេចតេជោ ហ៊ុន សែន និងថ្នាក់ដឹកនាំកំពូលៗ ព្រះរាជទានព្រះអគ្គីជ័យកីឡា សម្រាប់ព្រឹត្តិការណ៍ប្រកួតកីឡាអាស៊ីអាគ្នេយ៍ លើកទី៣២ និងអាស៊ាន ប៉ារ៉ាហ្គេម លើកទី១២ ឆ្នាំ២០២៣ នៅខេត្តសៀមរាប ត្រូវបានសមាជិកក្រុមប្រឆាំងមួយចំនួន យកទៅបង្ហោះបន្តបន្ទាប់ វាយប្រហារតាមទស្សនៈផ្សេងៗ ដោយគ្រាន់តែយករូបភាពជ្រុងណាមួយ ហើយធ្វើការប្រៀបធៀបវាយប្រហារលើសម្តេចតេជោ ហ៊ុន សែន បណ្តាលឱ្យសាធារណជន មានការភាន់ច្រឡំ។

ស្របជាមួយនឹងយុទ្ធនាការវាយប្រហារនេះ លោក យឹម ស៊ីណន បានបង្ហោះនៅលើហ្វេសប៊ុករបស់លោក​ថា៖ «បើតាមសំលេងពលរដ្ឋតាមហាង​កាហ្វេ៖ ថ្ងៃនេះ យើងអាច​ឃើញច្បាស់ថានរណាជាស្តេច ផែនដីពិតប្រាកដ»។

ចំណែកលោក ហ៊ុន កុសល ក៏បានបង្ហោះដែរថា៖ «ឃើញពួកគេ ធ្វើបាបព្រះទ័យ និងបន្ទាបព្រះចេស្តាព្រះមហាក្សត្រខ្មែរគ្រប់ច្រកបែបនេះ។ ទូលបង្គំ ជាអ្នកនយោបាយជំនាន់ក្រោយ ប្តេជ្ញានឹងប្រើសមត្ថភាព ដែលមានទាំងប៉ុន្មាន ចូលរួមពូនផ្តុំជាមួយលោកប្រធាន កឹម សុខា ការពារព្រះចេស្ដាក្សត្រ និងព្រះរាជបល្ល័ង្ក ដែលប្រជារាស្ត្រខ្មែរ មិនអាចខ្វះបាន»៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ