ខេត្តបាត់ដំបង ៖ ស្ត្រីម្នាក់ត្រូវប្ដីធាក់ទម្លាក់ចេញពីរថយន្ត បន្ទាប់ពីផ្ទុះជម្លោះ និងប្រវាយប្រតប់គ្នាក្នុងរថយន្តជិតកន្លះម៉ោង ដែលឈប់នៅកណ្ដាលផ្លូវខាងមុខផ្សាររោងល្ខោន ក្នុងភូមិទួលតាឯក សង្កាត់ទួលតាឯក ក្រុងបាត់ដំបង កាលពីវេលាម៉ោង៩យប់ថ្ងៃទី២៨ មីនា ។ ក្រោយពេលធាក់ប្រពន្ធធ្លាក់ពីរថយន្តហើយ ប្តីក៏ចេញពីក្នុងរថយន្តមកដែរ ហើយឈរពីក្រោយប្រពន្ធដោយមានកូនតូចបីក្នុងដៃស្រែកទ្រហោយំផង ធ្វើឱ្យមានការភ្ញាក់ផ្អើលយ៉ាងខ្លាំងដល់អ្នកភូមិ និងសមត្ថកិច្ច ។
គេមិនបានស្គាល់អត្តសញ្ញាណប្ដីប្រពន្ធនោះទេ ប៉ុន្តែសមត្ថកិច្ចប្រាប់ថា ជិះរថយន្តម៉ាកកាមរីឆ្លាម ពណ៌កណ្ដុរល្មែះ ពាក់ស្លាកលេខភ្នំពេញ 2S-7613 ។
សាក្សីដែលឃើញហេតុការណ៍និយាយថា គេមិនដឹងថា អ្នកបើកបររថយន្តរួមជាមួយប្រពន្ធដែលជិះជាមួយនោះមានបញ្ហាអ្វីទេ ស្រាប់តែសុខៗបើកមកឈប់ងក់ចំកណ្ដាលទ្រូងផ្លូវ ហើយគេឃើញមនុស្សក្នុងរថយន្តហាក់ដូចជាឈ្លោះប្រកែក និងប្រវាយប្រតប់គ្នា ។
សាក្សីបន្តថា សកម្មភាពប្រទូស្ដរ៉ាយគ្នានោះមានរយៈពេលប្រហែលជិតកន្លះម៉ោង គឺទាស់គ្នាមួយឆ្អែត ស្រាប់តែគេឃើញបុរសនោះទាញទ្វារឱ្យរបើក រួចធាក់ប្រពន្ធចេញពីរថយន្តធ្លាក់ទៅដី ហើយស្រែកយំខ្លាំងៗផ្អើលគេឯងកណ្ដាលថ្នល់ ។ គ្រានោះបុរសជាប្ដីដែលបីកូនតូចក្នុងដៃផង បើកទ្វារចុះពីរថយន្តដែរ ដែលមើលទៅប្ដីប្រពន្ធនេះហាក់ដូចជាស្រវឹងស្រាដូចគ្នា ប៉ុន្តែគ្មានអ្នកណាដឹងថា ពួកគេឈ្លោះគ្នារឿងអ្វីនោះទេ ។
ក្រោយពេលកើតហេតុបានបន្តិចមក កម្លាំងសមត្ថកិច្ចក៏បានមកដល់ភ្លាមៗដែរ ។ គ្រានោះគេឃើញបុរសជាប្ដីបានសួរនាំ និងស្ដីបន្ទោសដល់សមត្ថកិច្ចទៀតផង ដែលចេះឈឺឆ្អាលរឿងប្ដីប្រពន្ធខ្លួនឈ្លោះគ្នា ។ សមត្ថកិច្ចបានសួរនាំអំពីមូលហេតុ ដែលបានធាក់ប្រពន្ធធ្លាក់ពីលើរថយន្ត ប៉ុន្តែបុរសនេះប្រាប់ថា ដោយសារក្ដៅក្រហាយនឹងប្រពន្ធធាក់កញ្ចក់រថយន្តបណ្ដាលឱ្យប្រេះស្រាំ ពេលឈ្លោះគ្នា ។ ដំបូងសមត្ថកិច្ចចង់នាំខ្លួនបុរសនោះទៅកាន់ស្នងការដ្ឋាននគរបាលខេត្ត ដើម្បីសួរនាំបន្ត ។ ប៉ុន្តែបានប្ដូរចិត្តវិញក្រោយពីឃើញបុរសនោះបន្ទន់ឥរិយាបថពីកាចមកជាស្លូតបូតវិញ ហើយសុំនាំប្រពន្ធទៅសម្រួលគ្នានៅផ្ទះវិញ និងសន្យាថា មិនប្រើអំពើហិង្សាទៅលើប្រពន្ធទៀតទេ ទើបសមត្ថកិច្ចអនុញ្ញាតឱ្យបុរសនេះនាំប្រពន្ធចូលរថយន្តហើយបើកចេញបាត់ទៅ ។
គ្មានអ្នកណាផ្សេងទៀតបានដឹងពីមូលហេតុដែលប្ដីប្រពន្ធនេះឈ្លោះប្រកែកគ្នារឿងអ្វីពីដំបូងនោះទេ ដោយគ្រាន់តែបានឃើញ នៅពេលពួកគេបើករថយន្តមកឈប់កណ្ដាលទ្រូងផ្លូវ រួចឈ្លោះប្រវាយប្រតប់គ្នាក្នុងរថយន្តនោះតែប៉ុណ្ណោះ ហើយពិនិត្យឃើញពួកគេហាក់មានអាការៈស្រវឹងដូចគ្នា ៕
ចែករំលែកព័តមាននេះ