រាជធានីភ្នំពេញ ៖ ព្រះកុណា ព្រះបាទសម្ដេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះចៅក្រុងកម្ពុជាធបតី ស្តេចប្រោសព្រះរាជទានគោរម្យងារ ជាមរតកមនុស្សរស់ នៃព្រះរាជាណាចក្រកម្ពុជា ជូនដល់ព្រឹទ្ធាសិល្បៈទាំង៩រូប ដែលមានទេពកោសល្យ និងស្នាដៃនៅក្នុងវិស័យសិល្បៈ។ ព្រឹទ្ធាចារ្យទាំង៩រូបនោះ រួមមាន ៖
១- ព្រឹទ្ធាចារ្យសិល្បៈ គិន យិន គោរម្យងារជា «គរុនាដកា គិន យិន»,
២- ព្រឹទ្ធាចារ្យ ជា យុទ្ធា គោរម្យងារជា «ទេពហត្ថកោសល្យ ជា យុទ្ធា»,
៣- ព្រឹទ្ធាចារ្យសិល្បៈ ជៀន សុផាន គោរម្យងារ ជា «ចម្មការភិរក្ស ជៀន សុផាន»,
៤- ព្រឹទ្ធាចារ្យសិល្បៈ ញុច ហឿន គោរម្យងារជា «ពិភត្តិតន្តី ញុច ហឿន»,
៥- ព្រឹទ្ធាចារ្យសិល្បៈ ណាន សម័យ គោរម្យងារជា «នាដកីនិម្មិត ណាន សម័យ»,
៦- ព្រឹទ្ធាចារ្យសិល្បៈ ប៊ិន វិន គោរម្យងារជា «បោរាណាចារ្យប៊ិន វិន»,
៧- ព្រឹទ្ធាចារ្យ ម៉ក់ ជាង គោរម្យងារជា «ទេពសោភ័ណ ម៉ក់ ជាង»,
៨-ព្រឹទ្ធាចារ្យសិល្បៈ ឯល ពេជ គោរម្យងារជា «ទេពវោហារ ឯល ពេជ»,
៩-ព្រឹទ្ធាចារ្យ អ៊ឹម ស្រួន គោរម្យងារជា «មហានាដកគរុវិជ្ជា អ៊ឹម ស្រួល»។
ដោយព្រះរាជហឫទ័យស្រឡាញ់រក្សាការពារមរតកវប្បធម៌ជាតិខ្មែរ ព្រះករុណាជាអង្គម្ចាស់ និងប្រមុខរាជរដ្ឋាភិបាលកម្ពុជា តែងតែផ្តល់គោរម្យងារមរតកមនុស្សរស់នេះឡើង ដើម្បីតបស្នងដល់ការលះបង់កម្លាំងកាយចិត្ត ពេលវេលាសឹងមួយជីវិតរបស់លោកព្រឹទ្ធាចារ្យទាំង៩រូបនេះ ចំពោះវប្បធម៌ សិល្បៈជាតិខ្មែរ។
ជាការកត់សម្គាល់ ការជ្រើសរើសព្រឹទ្ធាចារ្យអោយទទួលគោរម្យងារជាមរតក មនុស្សរស់នាពេលនេះ គឺជាការបន្ថែមទៅលើព្រឹទ្ធចារ្យដែលជាមរតកមនុស្សបានទទួលមរណភាពមួយចំនួន។ ព្រឹទ្ធចារ្យមរតកមនុស្សរស់ដែលបានទទួលមរណភាពនោះ រួមមាន ៖ ព្រឹទ្ធាចារ្យ ឯម ធាយ គោរម្យងារជា ទេវនាដនិម្មិត បានទទួលមរណភាពកាលពីឆ្នាំ២០២១ ក្នុងជន្មាយុ៨៨ឆ្នាំ។ ព្រឹទ្ធាចារ្យ នាដកោសល្យវដ្ដី ព្រីង សាឃន បានទទួលមរណភាពកាលពីថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០២០ ក្នុងជន្មាយុ៨៣ឆ្នាំ។
សម្ដេចព្រះរាជបុត្រីព្រះរៀម នរោត្តម បុប្ផាទេវី គោរមងារជា ទេពនាដវដ្ដីឯក ទ្រង់បានសុគតកាលពីថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ២០១៩ ក្នុងព្រះជន្ម៧៧ព្រះវស្សា។ ព្រឹទ្ធាចារ្យ ប្រាជ្ញ ឈួន គោរម្យងារ ភិរម្យវោហារ ហើយព្រឹទ្ធាចារ្យ បានធ្វើមរណកាលនៅថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២០១៨ ដោយសាររោគាពាធ ក្នុងជន្មាយុ៨២ឆ្នាំ។ ព្រឹទ្ធាចារ្យ រស់ គង់ គោរម្យងារ វិសេសនាដកាវិជ្ជា បានទទួលមរណភាព កាលពីថ្ងៃទី៤ ខែកុម្ភៈ ឆ្នាំ២០១៩ ក្នុងជន្មាយុ៨៥ឆ្នាំ ដោយសារជរាពាធ។
ព្រឹទ្ធាចារ្យ អ៊ុំ សាមិត្ត គោរម្យងារ នាដភក្ដីនិម្មិត ហើយព្រឹទ្ធាចារ្យបានទទួលមរណភាព កាលពីថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០១៩ ក្នុងជន្មាយុ៨៣ឆ្នាំ។ ព្រឹទ្ធាចារ្យ សុខ ឌុត គោរម្យងារ កោសល្យតន្ត្រីវិជ្ជាធរ ហើយព្រឹទ្ធាចារ្យ បានទទួលមរណភាពនៅថ្ងៃទី៦ ខែឧសភា ឆ្នាំ២០១៧ ក្នុងជន្មាយុ៩១ឆ្នាំ។ ព្រឹទ្ធាចារ្យ ឆេង ផុន គោរម្យងារជា ទេពបញ្ញាកោសល្យវិជ្ជា ដោយព្រឹទ្ធាចារ្យបានចែកឋាន កាលពីថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០១៦ ក្នុងជន្មាយុ៨៦ឆ្នាំ។
មន្ត្រីក្រសួងវប្បធម៌ធ្លាប់បានលើកឡើងថា ការជ្រើសរើសមរតកមនុស្សរស់ ត្រូវឆ្លងកាត់តាមលក្ខខណ្ឌ តាមក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ និងគណៈកម្មាធិការជំនាញ។ លក្ខខណ្ឌទាំងនោះ ផ្ដោតទៅលើចំណេះ ជំនាញលេចធ្លោ មានឆន្ទៈ និងខិតខំផ្ទេរចំណេះដឹង ព្រមទាំងមានស្នាដៃឆ្នើមជាច្រើនទាក់ទងនឹងមរតកវប្បធម៌អរូបិយ៕
ចែករំលែកព័តមាននេះ