ខេត្តបាត់ដំបង ៖ យោងលើ«ផេក»ផ្លូវការរបស់មន្ទីរសាធារណៈការ និងដឹកជញ្ជូនខេត្ត បានផ្សព្វផ្សាយនៅរសៀលថ្ងៃទី៣០ មករា ថា រថយន្តធុនធ្ងន់ប្រភេទសណ្ដោងរ៉ឺម៉កមួយគ្រឿង ដែលដឹកលើសចំណុះ ហើយខូចនៅលើកំណាត់ផ្លូវជាតិលេខ៥ ត្រង់ចំណុចភូមិក្បាលខ្មោច ឃុំជ្រៃ ស្រុកថ្មគោល កាលពីព្រឹកថ្ងៃដដែល(៣០ ០១ ២៣)នេះ ត្រូវបាននាំយកទៅកាន់ស្ថានីយជញ្ជីងថ្លឹងរថយន្ត ដែលមានទីតាំងនៅភូមិពុកឆ្មា ឃុំអន្លង់វិល ស្រុកសង្កែ ដើម្បីធ្វើការផាកពិន័យតាមផ្លូវច្បាប់ហើយ ក្រោយពិនិត្យនិងរកឃើញរថយន្តល្មើសច្បាប់ ។

តាមរយៈ «ផេក ឬ បណ្ដាញសង្គម»របស់ខ្លួន មន្ទីរសាធារណៈការ និងដឹកជញ្ជូនខេត្តបានឲ្យដឹងថា មន្ត្រីជំនាញបានចុះទៅពិនិត្យផ្ទាល់លើរថយន្តខាងលើនេះ ដែលខូចនៅលើដងផ្លូវ ហើយបានរកឃើញកំហុស០២ករណី ដែលរថយន្តនេះបានបំពានច្បាប់ ។ បើតាមមន្ទីរជំនាញនេះ រថយន្តយក្សនេះមានកំហុស០២ករណីគឺ ១-ផ្ទុកលើសទម្ងន់ និង២-រថយន្តនេះបានផុតសុពលភាព«ឆៀក»តាំងពីថ្ងៃទី ០៣ ឧសភា ឆ្នាំ២០២១ (ជាងមួយឆ្នាំ) ។

រថយន្តដឹកទំនិញធុនធ្ងន់ប្រភេទសណ្ដោងរ៉ឺម៉កនេះ ពាក់ស្លាកលេខត្បូងឃ្មុំ 3A-2818 តែគេមិនបានប្រាប់ឈ្មោះអ្នកបើកបរទេ។ រថយន្តនេះដឹកជីកសិកម្មរហូតដល់ទៅ១,០០០ការ៉ុង (៥០តោន) ធ្វើដំណើរពីខេត្តបន្ទាយមានជ័យ ឆ្ពោះមកកាន់ក្រុងបាត់ដំបង តែបានខូច(បាក់សន្ទះ) ពេលធ្វើដំណើរមកដល់ចំណុចខាងលើ ខណៈជិតចូលដល់ក្រុងបាត់ដំបងទៅហើយ ។ មហាជន និងអ្នកសារព័ត៌មានមួយចំនួន ដែលបានប្រទះឃើញស្ថានភាពរថយន្តយក្សនេះ ដែលកំពុងលុតក្រាបលើចិញ្ចើមថ្នល់ផ្អៀងរកកល់ក្រឡាប់ផង បាននាំគ្នាថតបង្ហោះតាមបណ្ដាញសង្គមព្រោងព្រាត ជាមួយនឹងសំនេរនូវខ្លឹមសារ ឬ ការបរិយាយបន្ថែម វាយប្រហារយ៉ាងចាស់ដៃទៅលើមន្ត្រីកាន់ជញ្ជីងថ្លឹងរថយន្ត។

ខ្លឹមសារនៃសំណេរ ឬការបរិយាយនោះ ហាក់បានរិះគន់ខ្លាំងទៅលើមន្ត្រីកាន់ជញ្ជីងថ្លឹងដែលមិនបានអើពើ ឬយកចិត្តទុកដាក់ពិនិត្យមើលរថយន្តដឹកលើសចំណុះ បណ្ដែតបណ្ដោយឲ្យរថយន្តដឹកលើសចំណុះបែបនេះធ្វើចរាចរណ៍លើដងផ្លូវតាមអំពើចិត្ត។ ក្នុងន័យនេះ អ្នករិះគន់ហាក់ផ្តោតទៅលើការឃុបឃិតរវាងមន្ត្រីជញ្ជីងជាមួយនឹងម្ចាស់រថយន្តដឹកទំនិញលើសទម្ងន់ ទើបរថយន្តដឹកបែបនេះនៅតែអាចបើកបរលើផ្លូវបាន ។ ប៉ុន្តែមន្ទីរសាធារណៈការ និងដឹកជញ្ជូន បានច្រានចោលចំពោះការរិះគន់ឬចោទប្រកាន់បែបនេះ។

ឆ្លើយតបទៅនឹងការរិះគន់តាមបណ្ដាញសង្គមមន្ទីរសាធារការខេត្តបានបំភ្លឺថា បើពិនិត្យលើទិសដៅនៃការធ្វើដំណើរបស់រថយន្តនេះ គឺមិនទាន់បានឆ្លងកាត់ «ស្ថានីយជញ្ជីងថ្លឹងរថយន្ត» ដែល
មានទីតាំងនៅស្រុកសង្កែនៅឡើយទេ។ មន្ត្រីជំនាញ ដែលចុះទៅពិនិត្យរថយន្តយក្សនេះបានស្រង់សំដីអ្នកបើកបរថា រថយន្តខ្លួនដឹកជីកសិកម្មចំនួន១,០០០ការ៉ុង ដែលមានទម្ងន់សរុប៥០តោន ហើយបើប៉ាន់ប្រមាណទម្ងន់សរុបទាំងរថយន្តផងប្រហែល៦៧តោន ដែលទម្ងន់កំរិតកំណត់អតិបរមាត្រឹមតែចំនួន៤០តោនប៉ុណ្ណោះ ។

ដូច្នេះ រថយន្តនេះបានដឹកលើសកំរិតដល់ទៅ២៧តោន (លើសពី២០%)។ ដោយឡែក ពាក់ព័ន្ធនឹងបច្ចេកទេសយានយន្តវិញ បើតាមមន្ត្រីជំនាញធ្វើការវាស់វែងបានអះអាងថា រថយន្តនេះពុំមានការកែច្នៃទ្រុងខុសពីលក្ខណៈបច្ចេកទេសទេ តែ«ឆៀក»រថយន្តនេះ បានផុតសុពលភាពអស់រយៈពេលជាង០១ឆ្នាំហើយ។ ក្រោយមន្ត្រីជំនាញធ្វើការត្រូតពិនិត្យ និងរកឃើញថា រថយន្តនេះមានកំហុស០២ករណី គឺផ្ទុកលើទម្ងន់ និងឆៀកផុតសុពលភាពមន្ត្រីជំនាញ បានសម្រេចនាំយករថយន្តនេះទៅរក្សាទុកបណ្ដោះអាសន្ននៅកន្លែង ស្ថានីយជញ្ជីងថ្លឹងរថយន្ត ដែលមានទីតាំងនៅស្រុកសង្កែ។
បើតាមមន្ទីរសាធារណៈ និងដឹកជញ្ជូន ដែលបានអះអាងនៅលើបណ្ដាញសង្គមរបស់ខ្លួនថា រថយន្តនេះ បានផ្ទុកលើសទម្ងន់ប្រហែល២៧តោន ដែលនឹងត្រូវផាកពិន័យចំនួន៣០ម៉ឺនរៀលក្នុង០១តោន និង ត្រូវឃាត់រថយន្តទុករយៈពេលមួយឆ្នាំមិនអនុញ្ញាតឲ្យម្ចាស់កម្មសិទ្ធិយកទៅធ្វើអាជីវកម្មឡើយ។ ប៉ុន្តែគេមិនបាននិយាយអំពី «ឆៀក» ដែលផុតសុពលភាពជាងមួយឆ្នាំកន្លងមកនេះ តើនឹងត្រូវផាកពីន័យដែរ ឬ បែបណានោះទេ ?

ពាក់ព័ន្ធនឹងរថយន្តនេះដែរ បើតាមការពិនិត្យជាក់ស្ដែង លលរថយន្តដឹកជីលើសទម្ងន់នេះ តាមពិតគ្មានមន្ត្រីជំនាញណា ឬមហាជននានាបានដឹងជាមុនថា រថយន្តយក្សនេះដឹកជីលើសទម្ងន់នោះទេ បើរថយន្តនេះមិនបាក់សន្ទះ ខូចចតនៅលើដងផ្លូវបង្ហាញជីគរដូចភ្នំនៅលើទ្រុងរថយន្ត ។ ហើយកាន់តែគ្មានអ្នកដឹងទៀត ប្រសិនបើអ្នកសារព័ត៌មាន និងអ្នកលេងបណ្ដាញសង្គមមួយចំនួនថតយកទៅបង្ហោះទេនោះ។ លុះមានការបែកធ្លាយជាសាធារណៈ ទើបលេចឮដល់មន្ត្រីជំនាញលើកគ្នាចុះទៅពិនិត្យរថយន្តផ្ទាល់ រហូតរកឃើញរថយន្តនេះប្រព្រឹត្តល្មើសច្បាប់យ៉ាងធ្ងន់ធ្ងរតែម្ដង។
នេះចាត់ទុកថា ជារឿង«ស៊យមហាសែនស៊យ» នៃម្ចាស់រថយន្ត ដែលធ្លាប់លោតឆត្រផុតពីភ្នែកមន្ត្រីជំនាញបានគ្រប់ជើង តែលើកនេះប៉ះចំថ្ងៃស៊យគ្រប់ទឹកល្មម «ប្រាក់ក៏បង់ថង់ក៏ធ្លាយ» ។
ចែករំលែកព័តមាននេះ