ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ក្រសួងសុខាភិបាល ប្រកាស​ឱ្យប្រមូល​ថ្នាំស៊ឺរ៉ូ AMBRONOL SYRUP ដែលមានផ្ទុកសារ​ធាតុ​គីមី

1 ឆ្នាំ មុន
  • ភ្នំពេញ

ភ្នំពេញ៖ ក្រសួងសុខាភិបាល នៅល្ងាចថ្ងៃទី១១ ខែមករា ឆ្នាំ២០២៣ បានប្រកាស​ជូនដំណឹងដល់​វេជ្ជបណ្ឌិត ឱសថ​ការី ដែលទទួលខុសត្រូវ គ្រឹះស្ថាន​អាហរ័ណ នីហរ័ណ​ឱសថ…

ភ្នំពេញ៖ ក្រសួងសុខាភិបាល នៅល្ងាចថ្ងៃទី១១ ខែមករា ឆ្នាំ២០២៣ បានប្រកាស​ជូនដំណឹងដល់​វេជ្ជបណ្ឌិត ឱសថ​ការី ដែលទទួលខុសត្រូវ គ្រឹះស្ថាន​អាហរ័ណ នីហរ័ណ​ឱសថ គ្រឹះស្ថាន​លក់ឱសថ អាជីវករ និងប្រជាពលរដ្ឋទាំងអស់ ឱ្យបានជ្រាបថា យោងតាម RAPID ALERT SYSTEM របស់​អង្គការសុខភាពពិភពលោក ចុះថ្ងៃទី១១ ខែមករា ឆ្នាំ២០២៣ បានរកឃើញថា ឱសថ AMBRONOL SYRUP ដែលមានផ្ទុក​សារធាតុ​សកម្ម​ឱសថ Ambroxol Hydrochloride 15mg/5mL ផលិតដោយរោងចក្រ​ផលិតឱសថ MARION BIOTECH PVT. LTD, India ( មានលេខឡូតិ៍ AAS2103, AAS2201, AAS2202  និង AAS2204 ដែលកំពុង​ចរាចរនៅប្រទេស Uzbekistan ) មានផ្ទុកសារជាតិគីមី Diethylene Glycol និង​ Ethylene Glycol លើសកម្រិត​បទដ្ឋានស្តង់ដារ ដែលក្បួ​នច្បាប់ឱសថ ( Pharmacopoeia ) បានអនុញ្ញាត​។

ក្រសួងសុខាភិបាល​ សូមបញ្ជាក់ថា សារជាតិគីមី  Diethylene Glycol និង​ Ethylene Glycol លើស​កម្រិត​បទដ្ឋានស្តង់ដារ អាចបង្ក​ឱ្យគ្រោះថ្នាក់ធ្ងន់ធ្ងរ​ដល់កុមារ ឬឈានដល់​បាត់បង់អាយុជីវិត ព្រមទាំង​មានផល​រំខាន​ធ្ងន់ធ្ងរ ដូចជា ឈឺពោះ ក្អួត រាក ពិបាកនោម ឈឺក្បាល ស្ថានភាពផ្លូវចិត្តប្រែប្រួល និងវិបត្តិ​តម្រងនោមស្រួចស្រាល់ ដែល​អាចបង្ក​ឱ្យស្លាប់បាន​។

ក្រសួងសុខាភិបាល ក៏បានប្រកាសថា ឱសថ AMBRONOL SYRUP ដែលមានលេខឡូតិ៍ AAS2203 កំពុងចរាចរ នៅលើទីផ្សារ​ប្រទេស​កម្ពុជាយើង ដែលនាំចូល​ដោយគ្រឹះស្ថាន អាហរ័ណ នីហរ័ណ ឱសថ Quramax ( Cambodia ) Limited។​ ដូច្នេះ​ដើម្បី​ធានាបាននូវសុវត្ថិភាព​ដល់អ្នកប្រើប្រាស់ ក្រសួងសុខាភិបាល បានប្រកាសចាត់វិធានការ ដោយតម្រូវ​ឱ្យក្រុមហ៊ុន គ្រឹះស្ថានអាហរ័ណ នីហរ័ណ ឱសថ Quramax ( Cambodia ) Limited ដែលបាននាំចូល និងចែកចាយ​ឱសថាង​លើ ត្រូវប្រមូល​មកវិញនូវ​ឱសថ AMBRONOL SYRUP ពីគ្រឹះស្ថាន​លក់ឱសថ ( ឱសថស្ថាន ) នានា ក្នុងប្រទេស​កម្ពុជា។

ក្រសួងសុខាភិបាល ក៏បានណែនាំដល់គ្រប់មន្ទីរពេទ្យរដ្ឋ ឯកជន គ្លីនីក បន្ទប់ពិគ្រោះជំងឺ បន្ទប់​ព្យាបាលជំងឺ គ្រប់សេវាសុខាភិបាលផ្សេងៗទៀត និងសាធារណជន ត្រូវបញ្ឈប់ការប្រើប្រាស់​ឱសថ​ AMBRONOL SYRUP ចាប់ពីថ្ងៃចេញសេចក្តីជូនព័ត៌មាននេះតទៅ​។ គ្រឹះស្ថាន​លក់ឱសថ ( ឱសថស្ថាន ) ទាំងអស់ ក៏ត្រូវបញ្ឈប់​ការលក់ឱសថ AMBRONOL SYRUP ចាប់ពីថ្ងៃចេញ​សេចក្តីជូនព័ត៌មាននេះតទៅ។

ក្រសួងសុខាភិបាល ក៏បានប្រកាសថា នឹងមានវិធានការតឹងរ៉ឹង​តាមផ្លូវច្បាប់ ចំពោះគ្រឹះស្ថាន​អាហរ័ណ នីហរ័ណ ឱសថ ឱសថស្ថាន ឱសថ​ស្ថានរងទាំងឡាយណា ដែលនៅតែបន្ត​លក់​ឱសថ AMBRONOL SYRUP៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ